ព័ត៌មានជាតិ
តំបន់អភិរក្សសត្វត្មាតនៅខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវអន្តរជាតិទៅទស្សនា
ក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិនៃប្រទេសដែលមាន វត្តមានសត្វត្មាតរស់នៅ ប្រមាណ៣០នាក់ រួមមានប្រទេសកម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ព្រមទាំងអង្គការដៃគូ និងម្ចាស់ជំនួយប្រទេសអង់គ្លេស បានចុះទៅតំបន់ការពារធម្មជាតិសៀមប៉ាង នាខេត្តស្ទឹងត្រែង ដើម្បីដកស្រង់យកបទពិសោធ ពីការការពារ និងអភិរក្សសត្វត្មាត តាមរយៈការផ្តល់ចំណីបន្ថែម។

ក្នុងឱកាសចុះស្វែងយល់ពីការអភិរក្សសត្វត្មាត ក្នុងដែនជម្រកសត្វព្រៃនៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លោកស្រី Thiri Da Wei Aung តំណាងអង្គការអភិរក្សសត្វព្រៃរបស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា ការផ្ដល់ចំណីជាសត្វគោ ឬក្របីងាប់បន្ថែម ដល់សត្វត្មាតប្រចាំសប្តាហ៍បានទៀងទាត់ គឺជាយន្តការមួយប្រសើរបំផុត ខណៈការអភិរក្សនៅក្នុងប្រទេសរបស់ខ្លួនមិនទាន់ធ្វើបានដូចនៅកម្ពុជានេះឡើយទេ។
លោកស្រីបន្តថា៖«នេះក៏ជាដំណើរទស្សនកិច្ចស្វែងយល់ពីវត្តមានសត្វត្មាតនៅកម្ពុជា បន្ទាប់ពីក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិទាំង ៦ បានជួបគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ ដែលធ្វើនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក»។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានបញ្ជាក់ថា នេះជាសក្ខីភាពមួយ ឈានទៅរកភាពល្អប្រសើរ តាមរយៈការការពារតំបន់ផ្តល់ជម្រក ប្រភពចំណី និងចំណេះដឹងរបស់ប្រជាសហគមន៍រស់នៅក្បែរតំបន់ការពារធម្មជាតិ ដូចជាការមិនប្រើថ្នាំបំពុលទៅលើសត្វ ដំណាំកសិកម្ម ការមិនដាក់អន្ទាក់ចាប់សត្វព្រៃជាដើម។
ចំណែក លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងដែរថា នៅតំបន់អភិរក្សសត្វស្លាបនេះ មន្ត្រីឧទ្យានុរក្សបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អង្គការដៃគូ ចុះល្បាត និងអនុវត្តច្បាប់ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ជាលទ្ធផលកត់សម្គាល់ឃើញថា បទល្មើសទៅលើធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃមានការថយចុះយ៉ាងច្រើន។
លោកបន្តថា៖« ការថយចុះនៃបទល្មើសនេះក៏ដោយសារកត្តាពង្រឹងច្បាប់ និងការបង្កើនការចុះល្បាត ការចុះផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ហើយយើងបានបង្កើតកម្មវិធីផលិតស្រូវត្រយ៉ងនៅពេលប្រជាកសិករផលិតបាន។ យើងទិញក្នុងតម្លៃខ្ពស់ចាប់ពី១៦០០រៀល ទៅ១៨០០រៀលក្នុងមួយគីឡូក្រាម ដើម្បីឱ្យពួកគាត់បញ្ឈប់ការពឹងផ្អែកទៅលើអនុផលព្រៃឈើ ឬបាញ់សត្វព្រៃ»។

បច្ចុប្បន្ន សត្វត្មាតត្រូវបានមន្ត្រីអភិរក្សផ្តល់អាហារបន្ថែម កាប់សត្វគោ ឬសត្វក្របី សម្រាប់សត្វត្មាតស៊ី ជាអាហារក្នុងមួយសប្តាហ៍មួយក្បាល។ ក្នុងនោះមានសត្វត្មាត ចន្លោះពី៨០ក្បាល ទៅ១០០ក្បាល ទៅតាមរដូវកាលនីមួយៗ ដែលមានប្រភេទត្មាតភ្លើងមានប្រហែលជាង១០ក្បាល ត្មាតផេះប្រមាណ៨០ក្បាល និងត្មាតត្នោតជាង៤០ក្បាល។
សត្វត្មាតទាំងបីប្រទេសនេះ ត្រូវបានចាត់ចំណាត់ថ្នាក់ ដោយអង្គការIUCN ថាជាប្រភេទជិតផុតពូជបំផុត អាស្រ័យដោយការបាត់បង់ទីជម្រក កង្វះចំណី និងការបំពុលជាដើម៕
ដោយ៖ ហុង វិនជូ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?