ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃប្រាប់អាជ្ញាធរចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ខណៈខេត្តខ្លះពុំទាន់អនុវត្ត
ក្រសួងមហាផ្ទៃ ដាក់គោលការណ៍ណែនាំដល់រដ្ឋបាលរាជធានី-ខេត្តឱ្យពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួននីមួយៗ ខណៈរាជធានី-ខេត្តខ្លះពុំទាន់បានអនុវត្តកិច្ចការនេះបានត្រឹមត្រូវ។

ការតម្រូវឱ្យរដ្ឋបាលរាជធានី-ខេត្ត សម្របសម្រួលរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល ឱ្យបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់ គឺដើម្បីពិនិត្យវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ព្រមទាំងសំណើសំណូមពរនានា រួចធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃការរៀបចំវេទិកាពិគ្រោះយោបល់នេះ ផ្ញើជូនមកក្រសួងមហាផ្ទៃ ដើម្បីផ្តល់ការគាំទ្រ និងដាក់ចេញនូវវិធានការដោះស្រាយ ឱ្យបានសមស្រប និងទាន់ពេលវេលា។ នេះជាការបញ្ជាក់របស់ក្រសួងមហាផ្ទៃ តាមរយៈលិខិតមួយច្បាប់ចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត។

ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្រោយពិនិត្យឃើញថា ក្នុងការអនុវត្តជាក់ស្តែងនាពេលកន្លងមក គឺមានរដ្ឋបាលរាជធានី-ខេត្តមួយចំនួននៅពុំទាន់បានអនុវត្តឱ្យបានពេញលេញ ស្របតាមស្មារតីសេចក្តីណែនាំលេខ០៤០ សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅឡើយ។ កត្តានេះត្រូវបានអង្គការសង្គមស៊ីវិល លើកឡើងអំពីភាពអសកម្មនៅក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ នេះជាការបន្ថែមរបស់រដ្ឋមន្ត្រីមហាផ្ទៃ ក្នុងខ្លឹមសារលិខិតដដែល។
ក្នុងន័យនេះ ដើម្បីពង្រឹង និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលក្នុងការដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលរាជធានីខេត្តនីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ក្រសួងមហាផ្ទៃ ស្នើឱ្យអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន។

កិច្ចការសំខាន់ៗ ដែលក្រសួងមហាផ្ទៃ ណែនាំដល់អាជ្ញាធររាជធានី-ខេត្ត គឺជាអាទិ៍ ត្រូវបញ្ចូលសកម្មភាពរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលទៅក្នុងផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំរបស់ខ្លួន វេទិកាពិគ្រោះយោបល់នេះត្រូវដឹកនាំដោយអភិបាលរាជធានី-ខេត្ត ឬតំណាង ដោយមានការចូលរួមពីមន្ទីរជំនាញនានា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។
លើសពីនេះ ត្រូវកំណត់ខ្លឹមសារនៃប្រធានបទសម្រាប់វេទិកាពិគ្រោះយោបល់ ដោយផ្តោតសំខាន់លើស្ថានភាព និងបញ្ហាប្រឈមជាក់ស្តែងនៅមូលដ្ឋាន ក្នុងករណីចាំបាច់ អាជ្ញាធរ អាចអញ្ជើញមន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីចូលរួមធ្វើបទបង្ហាញផ្សព្វផ្សាយ ហើយចុងក្រោយត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីលទ្ធផលនៃការរៀបចំវេទិកាពិគ្រោះយោបល់ បញ្ជីសំណើសំណូមពរ និងដំណោះស្រាយនានា ព្រមទាំងបញ្ហាប្រឈមដែលមិនអាចដោះស្រាយបាន ផ្ញើមកក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការបន្ត៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក