Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ​អនុម័ត​គម្រោង​វិនិយោគ​​​​មួយ​ជោគជ័យ ខណៈ​កំពុង​ថ្លែង​ទាក់​ទាញ​​វិនិយោគិន​ចិន

បានផុស

នៅ

«លឿនណាស់! នៅទីនេះ ខ្ញុំមិនបាច់ត្រូវត្រឡប់ទៅក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជាវិញទេ… ចុចហើយ អនុម័តចប់ហើយ… គម្រោងអម្បាញ់មិញបានអនុម័តរួចហើយ»។ នេះបើតាម​ប្រសាសន៍លើកឡើង​របស់​លោក ស៊ុន ចាន់ថុល នៅ​ក្នុងសន្និសីទស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា – ហ៊ឺណាន (ចឹងចូវ) ដែលកំពុងប្រព្រឹត្តទៅ​នៅក្រុងចឹងចូវ ខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​គូសបញ្ជាក់ថា នេះគឺជារបៀបវារៈមួយ ក្នុងចំណោមរបៀបវារៈក្នុងថ្ងៃទីពីរ នៃដំណើរបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេស​ចិន។

ដោយ​លើកឡើង​អំពីការចាប់​យកឌីជីថលូបនីយកម្មក្នុងការអនុវត្តការងារ លោក ស៊ុន ចាន់ថុល ​បាន​អះអាង​ថា តាម​រយៈការប្រេីប្រាស់ប្រព័ន្ធ cdcIPM បានជួយ​ពន្លឿន និងពង្រឹងប្រសិទ្ធភាពការអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់​បាន​យ៉ាង​ងាយស្រួល​ ​និង​បាន​ពី​​គ្រប់ទីកន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធគ្រប់គ្រងគម្រោង​វិនិយោគ​កម្ពុជា (cdcIPM)​ ដើម្បីជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាកាន់តែលឿន មានសុក្រិតភាព និងមានតម្លាភាព។

ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ​ការដាក់ដំណើរនូវប្រព័ន្ធ cdcIPM គឺស្របពេលដែលរាជរដ្ឋាភិបាលបានកំពុងជំរុញវិស័យឌីជីថលនៅកម្ពុជា ឱ្យមានភាពងាយស្រួលក្នុងការទាក់ទាញវិនិយោគិន។

លោកបញ្ជាក់ថា ប្រព័ន្ធ cdcIPM ផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ ក្នុងការដាក់​ព័ត៌មានស្នើសុំការវិនិយោគ តាមដានដំណើរការនៃការស្នើសុំវិនិយោគ និងផ្តល់ព័ត៌មានទៅដល់វិនិយោគិន បាន​គ្រប់ជំហាន និង​ពី​គ្រប់​ទីកន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម