ព័ត៌មានជាតិ
កម្ពុជារំពឹងថាការជីកព្រែកហ្វូណនតេជោចប់តាមការគ្រោងទុកក្រោយចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សង្ឃឹមថាការជីកព្រែកហ្វូណនតេជោនឹងចប់តាមការគ្រោងទុកក្នុងឆ្នាំ២០២៨ បន្ទាប់ពីបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសំណង់គមនាគមន៍ចិនកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ ជាមួយក្រុមហ៊ុន ហ្វូណនតេជោ ខូសថល អ៊ីនឡេន វ៉ាត់ធើវេ ក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ពិធីចុះហត្ថលេខានេះរៀបចំឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជិតវត្តភ្នំ រាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងទាំង៥នោះរួមមានកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន, កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, កិច្ចព្រមព្រៀងវិនិយោគ កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់, និងកិច្ចសន្យាប្រតិបត្តិការ និងការថែទាំ ដែលត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ មុនការមកដល់របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង តែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communication Construction Company) លោក Wang Tongzhou បានថ្លែងក្នុងពិធីនោះថា គំនិតផ្ដួចផ្ដើមនៃការសាងសង់ព្រែកជីកហ្វូណនតេជោនេះគឺជាការបង្កើតនូវប្រព័ន្ធផ្លូវទឹកទំនើបធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែសុវត្ថិភាព និងបង្កើតការប្រកួតប្រជែងខ្ពស់សម្រាប់កម្ពុជា ដែលនឹងផ្ដល់ប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាជាច្រើននៅថ្ងៃអនាគត។

លោកបន្ថែមថាប្រទេសកម្ពុជាគឺជាប្រទេសសំខាន់មួយនៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន CCCC ដែលលើសពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងចូលរួមក្នុងការអភិវឌ្ឍន៍សង្គម ដោយមានការទទួលខុសត្រូវ និងអភិវឌ្ឍន៍ដោយចិរភាព។
អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងផងដែរពីសារៈសំខាន់នៃព្រែកជីកនេះដែលនឹងបង្កើនសមត្ថភាពរបស់កម្ពុជា និងភាពទាក់ទាញដល់ការវិនិយោគផងដែរ ដោយលោកសង្ឃឹមថាតាមរយៈកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៧ ខែមេសានេះ ការជីកព្រែកនឹងបញ្ចប់តាមគម្រោងដែលគ្រោងទុកក្នុងឆ្នាំ២០២៨។

ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងដែលបានចុះហត្ថលេខានេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្រនៅខេត្តកែបដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាម។ ព្រែកជីកនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនជាពិសេស វិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ រដ្ឋាភិបាលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាមួយនឹងគម្រោងចំណាយទឹកប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក និងត្រូវការប្រើពេលវេលា៤ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង