សេដ្ឋកិច្ច
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាជុំវិញការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដឹកនាំដោយលោក Tassilo Brinzer ប្រធាន EuroCham ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ។

កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោកអគ្គនាយករង ទទួលបន្ទុកកិច្ចការរដ្ឋបាល និងការគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុ, លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, តំណាងក្រុមហ៊ុន Royal Railway PLC, សមាជិក សមាជិកានៃ EuroCham និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
អង្គប្រជុំបានដំណើរការទៅរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសជុំវិញសូចនាករនានាដែលបានប្រមូល និងវិភាគដោយ EuroCham ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ជាពិសេស ទាក់ទងនឹងការដឹកជញ្ជូននាំចេញ និងនាំចូល។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាកម្មលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ក្រុមហ៊ុន PPSHV Expressway និងក្រុមហ៊ុន Royal Railway PLC បានចូលរួមផ្តល់យោបល់ និងផ្លាស់ប្តូរទស្សនៈ សំដៅបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានស្រាប់របស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរាល់មតិយោបល់ ព្រមទាំងកង្វល់នានាដែលត្រូវបានលើកឡើងដោយតំណាង EuroCham។
ឧបនាយករដ្ឋមន្ត្រីក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងការចង្អុលបង្ហាញសំខាន់ៗមួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការដោះស្រាយបញ្ហាប្រឈម សំដៅលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏មានភាពប្រកួតប្រជែងមួយនៅក្នុងតំបន់។

ក្នុងកិច្ចប្រជុំនេះដែរ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្វើបទបង្ហាញអំពី PASNet ដែលជាកម្មវិធីទូរស័ព្ទដៃ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់ព័ត៌មាន និងសម្រួលដល់ប្រតិបត្តិការសម្រាប់អតិថិជន ម្ចាស់ទំនិញ អ្នកលក់ និងអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញទាំងអស់ ដែលគ្របដណ្តប់លើការលើកដាក់កុងតឺន័រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្នុងឆ្នាំ២០២៦នេះ PASNet បានធ្វើសមាហរណកម្ម ភ្ជាប់ជាមួយមជ្ឈមណ្ឌលប្រព័ន្ធអាស៊ីគូដា ជាប្រព័ន្ធគ្រប់គ្រងទិន្នន័យគយស្វ័យប្រវត្តិ នៃអង្គការសហប្រជាជាតិ។
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា ឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំសមាសភាពចូលរួមទាំងអស់ ធ្វើទស្សនកិច្ច និងពិនិត្យប្រតិបត្តិការផ្ទាល់ នៅក្នុងបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមកិច្ចរៀបចំសម្របសម្រួលពីរដ្ឋបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីស្វែងយល់បន្ថែមអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសមត្ថភាពជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


