ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីបង្ការជំងឺមិនឆ្លង ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប និងដៃគូពាក់ព័ន្ធ
ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថចម្បង ៤រួមគ្នាគឺ របបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមាន ការឡើងសម្ពាធឈាម ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម ការលើសទម្ងន់ ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លង។ ដូច្នេះការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប អង្គការដៃគូ ក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់។

នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍ ក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) ផងដែរ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងសុខាភិបាល បាននឹងកំពុងអនុវត្តនូវកម្មវិធីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដោយមានការសហការ និងគាំទ្រពីធនាគារពិភពលោក និងដៃគូផ្តល់ហិរញ្ញប្បទាន ដែលក្នុងនោះ មន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ បានទទួលការបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន ដោយអនុវត្តតាមនិយាមជាតិសម្រាប់គ្រប់គ្រងជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅកម្រិតថែទាំសុខភាពបឋម ដើម្បីពង្រីកការផ្តល់សេវាជំងឺមិនឆ្លងនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ក្រសួងសុខាភិបាល ក៏កំពុងជំរុញការអនុវត្តផែនការពហុវិស័យជាតិ ស្តីពីការការពារ និងប្រយុទ្ធទៅនឹងជំងឺមិនឆ្លង ២០១៨ -២០២៧ ដែលត្រូវបានអនុម័តប្រើប្រាស់។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ ក្នុងការជៀសវាងបានពីជំងឺ និងស្លាប់ដោយសារជំងឺមិនឆ្លងចម្បងៗ ត្រូវការសមត្ថភាពប្រព័ន្ធសុខាភិបាល រឹងមាំ អភិក្រម នវានុវត្ត និងយន្តការហិរញ្ញប្បទានសមស្រប ដើម្បីផ្តល់សេវាជំងឺមិនឆ្លង សេវាជំងឺសុខភាពផ្លូវចិត្ត ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបទហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួមនៃការពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាព។
ក្នុងនោះនាយកដ្ឋានជំនាញ និងអង្គភាពពាក់ព័ន្ធត្រូវ បន្តផលិតសារ និងសម្ភារអប់រំសុខភាពទៅតាមប្រធានបទផ្សេងៗ ដូចជាតិចខ្លាញ់ តិចអំបិល តិចស្ករ ផលប៉ះពាល់នៃផលិតផលគ្រឿងស្រវឹង ផលិតផលថ្នាំជក់និងបារីអេឡិចត្រូនិក ផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលអនឡាញ។ បង្កើត និងអនុវត្ត ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិច (EMR) ដើម្បីគ្រប់គ្រងនិងតាមដានករណីជំងឺមិនឆ្លង និងធ្វើការវិភាគទិន្នន័យរួមផ្សំជាមួយការសិក្សាស្រាវជ្រាវ សម្រាប់រៀបចំគោលនយោបាយនិងយុទ្ធសាស្រ្ត បង្ការជំងឺមិនឆ្លង។
បន្តពង្រឹងកិច្ចសហការពហុវិស័យ ជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការកែលម្អសុខភាព និងកត្តាសង្គម ដែលបង្កឱ្យមានផលប៉ះពាល់លើសុខភាព ព្រមទាំងជំរុញការចូលរួមប្រកបដោយការទទួលខុសត្រូវ ពីបុគ្គលម្នាក់ៗ គ្រួសារ សហគមន៍ ក្នុងការថែរក្សាសុខភាព ការបង្ការ និងការគ្រប់គ្រងជំងឺមិនឆ្លង ជំងឺឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត។ ជាពិសេស បន្តលើកកម្ពស់កិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងយន្តការពាក់ព័ន្ធនានា ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេស ធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវា៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


