ព័ត៌មានជាតិ
ពលរដ្ឋខ្មែរ១៦៤នាក់ ស្លាប់ក្នុងមួយថ្ងៃដោយសារជំងឺមិនឆ្លង
ពលរដ្ឋខ្មែរប្រហែល ១៦៤នាក់ស្លាប់ក្នុងមួយថ្ងៃដោយសារជំងឺមិនឆ្លង ដែលស្ថានភាពស្ថិតក្នុងកម្រិតអាសន្ន។ ប្រធានគណៈកម្មការទី៨ សភាជាតិលោកស្រី ឡោក ខេង បានបង្ហាញពីក្ដីបារម្ភនេះ ខណៈអ្នកជំនាញវេជ្ញសាស្ត្រជំរុញឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ តាំងពីការបង្កើតលំហសាធារណៈសម្រាប់ហាត់ប្រាណ រហូតដល់ការអប់រំឱ្យមានការយល់ដឹងស៊ីជម្រៅពីរបបអាហារ។

ក្នុងរបាយការណ៍ដែលផ្សព្វផ្សាយដោយសភាជាតិនៅថ្ងៃទី៤ ខែមេសានេះ ពលរដ្ឋខ្មែរប្រមាណ ៦ម៉ឺននាក់បានបាត់បង់ជីវិតដោយសារជំងឺមិនឆ្លងក្នុងមួយឆ្នាំៗ ឬប្រហែល១៦៤នាក់ក្នុងមួយថ្ងៃ លើសពីនេះប្រជាជនប្រមាណ២០%ប្រឈមនឹងហានិភ័យស្លាប់មុនអាយុ៧០ឆ្នាំ។
ថ្លែងក្នុងជំនួបមួយជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រឥណ្ឌាលោកវេជ្ជបណ្ឌិត Gupta នៅវិមានរដ្ឋសភាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា លោកស្រី ឡោក ខេង បានបង្ហាញក្ដីបារម្ភពីស្ថានភាពនៃជំងឺមិនឆ្លងនៅកម្ពុជាបន្តកើនឡើង ទោះបីជាកម្ពុជាបានខិតខំផ្សព្វផ្សាយ និងណែនាំអំពីការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅយ៉ាងសកម្មក៏ដោយ។

លោកស្រីបានស្នើឱ្យវេជ្ជបណ្ឌិត Gupta ចែករំលែកនូវបទពិសោធន៍ជោគជ័យ និងផ្តល់មតិយោបល់បច្ចេកទេសលើការទប់ស្កាត់ជំងឺ។ បន្ថែមពីនេះក៏បានសំណូមពរឱ្យភាគីឥណ្ឌា ជួយបណ្តុះបណ្តាលជំនាញឯកទេស និងការប្រើប្រាស់ឧបករណ៍ បរិក្ខារពេទ្យទំនើបៗ ដល់ គ្រូពេទ្យកម្ពុជា ដើម្បីពង្រឹងសមត្ថភាពព្យាបាលឱ្យកាន់តែប្រសើរផងដែរ។
លោកវេជ្ជបណ្ឌិត Gupta បានកោតសរសើរចំពោះភាពម្ចាស់ការ និងគំនិតផ្តួចផ្តើមរបស់រដ្ឋសភាកម្ពុជា។ លោកបានគូសបញ្ជាក់ថា ជំងឺមិនឆ្លងមិនត្រឹមតែជាបញ្ហាសុខភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបន្ទុកសកលដែលបំផ្លាញធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោកបានសង្កត់ធ្ងន់ថា៖ «យើងត្រូវផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធ តាំងពីការបង្កើតលំហសាធារណៈសម្រាប់ហាត់ប្រាណ រហូតដល់ការអប់រំឱ្យមានការយល់ដឹងស៊ីជម្រៅពីរបបអាហារ»។

លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញក្ដីរីករាយក្នុងការសហការបណ្តុះបណ្តាលគ្រូពេទ្យឯកទេសនៅកម្ពុជា ដោយក្នុងដំណើរទស្សនកិច្ចនេះ លោកក៏មានកម្មវិធីចែករំលែកបទពិសោធន៍បច្ចេកទេស ជាមួយគ្រូពេទ្យកម្ពុជាតាមមន្ទីរពេទ្យធំៗផងដែរ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។
ជំងឺមិនឆ្លងគឺជាមូលហេតុនៃមរណភាពរបស់ប្រជាជននៅកម្ពុជាប្រមាណ ៦៤% ទៅ៦៧% ខណៈដែលជំងឺទាំងនោះរួមមាន ជំងឺបេះដូង សរសៃឈាម មហារីក ផ្លូវដង្ហើមរ៉ាំរ៉ៃ និងទឹកនោមផ្អែម។ ផ្អែកតាមការអង្កេត STEPS Survey កត្តាហានិភ័យសំខាន់ៗរួមមាន ការប្រើប្រាស់គ្រឿងស្រវឹង និងបារីនៅតែមានកម្រិតខ្ពស់, ការបរិភោគប្រៃលើសកម្រិត (មធ្យមភាគ ១០ក្រាម/ថ្ងៃ ដែលលើសពីការណែនាំរបស់ WHO ទ្វេដង) និងកង្វះសកម្មភាពរាងកាយ ឬការហាត់ប្រាណ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៨ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


