Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ៖ វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មមន្ទីរពិសោធន៍កម្ពុជា ឆ្ពោះទៅកម្រិតស្តង់ដារសកល

បានផុស

នៅ

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា វិទ្យាស្ថានប៉ាស្ទ័រប៉ារីស តាមរយ:វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានកំពុងដើរតួនាទីយ៉ាងសំខាន់ចូលរួមជាមួយសុខាភិបាលកម្ពុជាទប់ស្កាត់ បង្ការ ស្រាវជ្រាវរួមគ្នាលើផ្នែកជាច្រើន ពិសេសជួយធ្វើទំនើបកម្មមន្ទីរពិសោធន៍កម្ពុជាឈានឆ្ពោះទៅរកកម្រិតស្តង់ដារសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីនេះ បានធ្វើឡើងកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស សាធារណរដ្ឋបារាំង ដោយទទួលការស្វាគមន៍ដោយលោក អ៊ីវ សាំងហ្សួរ ប្រធានក្រុមប្រឹក្សាភិបាល លោកស្រីសាស្ត្រាចារ្យ យ៉ាសមីន បែលកេដ អគ្គនាយិកា និង លោកស្រី អូដែត តូម៉េសគុយអាត់តូ ទទួលទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស រួមទាំងសហការី និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនទៀត។

នៅក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំវិទ្យាស្ថានប៉ាស្ទ័រ ដែលបានរៀបចំការទទួលស្វាគមន៍គណ:ប្រតិភូសុខាភិបាលយ៉ាងកក់ក្តៅ និងប្រកបដោយភាតរភាពយ៉ាងជ្រាលជ្រៅ។

លោកសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដែលបានខិតខំ និងកំពុងបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា តាមរយ:វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ចូលរួមជាមួយសុខាភិបាលកម្ពុជា ទប់ស្កាត់ បង្ការ ស្រាវជ្រាវរួមគ្នាលើផ្នែកជាច្រើន ពិសេសលើផ្នែកជំងឺឆ្លង ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស គម្រោងសិក្សាស្រាវជ្រាវ និងទំនើបកម្មមន្ទីរពិសោធន៍កម្រិតស្តង់ដារសកល។

ជាការឆ្លើយតប លោក អ៊ីវ សាំងហ្សួរ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី សហភាតរៈសុខាភិបាល ដែលតែងតែសហការគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើការងារនានា ពិសេសការងារសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងប្តេជ្ញាសហការគាំទ្រលើកម្មវិធីសុខភាពតែមួយ (One Health) ដែលកម្ពុជាបាន និងកំពុងដើរតួជាប្រទេសគំរូ៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម