ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ចិន ជាមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាភិបាលអាណត្តិទី ៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥។

បើតាមការលើកឡើងរបស់លោក លី ស៊ីនហួរ បានបញ្ជាក់ថា ចាប់តាំងពីកកើតសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា រហូតមកដល់ពេលនេះ សមាគមបានពង្រឹង និងពង្រីកនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ច រវាងសមាគមពាណិជ្ជករចិនផ្សេងទៀត ការជំរុញនូវសហគ្រិនភាព រវាងចិន-កម្ពុជា ការពង្រីកនូវសេដ្ឋកិច្ចទីផ្សារ ចូលទៅក្នុងការអភិវឌ្ឍ នៃសាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់មួយ។

មានប្រសាសន៍ក្នុងពិធីនោះ លោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ក៏បានកត់សម្គាល់ផងដែរថា សភាពាណិជ្ជកម្មនេះ មិនត្រឹមតែដើរតួនាទីសម្រាប់ជាស្ពានមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាគ្រឹះមួយចំណែកដ៏រឹងមាំ ក្នុងការផ្សារភ្ជាប់ភាពរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

មានចំណាប់អារម្មណ៍នៅក្នុងពិធីនោះ លោក ចាវ ហាយចៀន អគ្គទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក៏បានលើកឡើង នៅពេលដែលសមាគមចិន-កម្ពុជា នៃអនាគតរួមគ្នា ភាពជឿនលឿន រឹងមាំ និងធានាបានស្ថិរភាព ភាពប្រាកដនិយមបន្ថែមទៀត ទៅក្នុងពិភពលោក ដែលកំពុងចលាចល ហើយនឹងនាំមកនូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍក្នុងវិស័យនានា ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ រួមទាំងសហគ្រាស ខេត្តហ៊ូណានផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។ ជាក់ស្តែង ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» ការបង្កើតមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍតាមបែប ឈ្នះ ឈ្នះ ក្នុងប្រទេសនានា ដែលស្ថិតក្នុងតំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗ ទៀត។

សម្តេចបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបាននាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍។ល។ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យមប្រមាណ ៧% ដោយ ឡែកនៅក្នុងឆ្នាំ ២០២៤ នេះ ក្នុងរង្វង់ប្រមាណ ៦.៦% ដែលនាំឲ្យចំណូល របស់ប្រជាជនទូទាំងប្រទេសមានការកើនឡើង និងមានជីវភាពកាន់តែមានភាពកាន់តែប្រសើរ។ ដោយឡែករាជធានីភ្នំពេញ បាននិងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រង ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើក។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ ជាច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះ គោលនយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនា បានបង្កលក្ខណៈឱ្យគ្រប់ជាតិសាសន៍ និងជនជាតិទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចរស់នៅជាមួយគ្នាដោយសុខដុមរមនា និងរួមគ្នាអភិវឌ្ឍន៍មាតុប្រទេសទាំងអស់គ្នា។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវអបអរសាទរចំពោះ លោក លី ស៊ីនហួរ ដែលត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី ៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា និងបានលើកទឹកចិត្តឲ្យសភាពាណិជ្ជកម្ម បំពេញបេសកកម្មរបស់ខ្លួនឲ្យបានរលូន ប្រកបដោយការយកចិត្តទុកដាក់ ត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត មានជំនឿយ៉ាងមុតមាំថា សមាគមនេះ ពិតជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្តាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ៕
អត្ថបទ ៖ វិមាន

-
ចរាចរណ៍១៨ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម