ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសកម្ពុជា ផ្ញើលិខិតជំរុញរដ្ឋាភិបាលថៃឱ្យទៅដោះស្រាយបញ្ហានៅព្រំដែនជាមួយកម្ពុជានៅតុលាការអន្តរជាតិICJ
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ផ្ញើលិខិតមួយច្បាប់ជូនសមភាគីថៃ នៅថ្ងៃទី៦ មិខែថុនា ឆ្នាំ២០២៥ ដោយជំរុញឱ្យរដ្ឋាភិបាលថៃទៅដោះស្រាយបញ្ហាព្រំដែនជាមួយរាជរដ្ឋាភិបាលកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀថ្ងៃអាទិត្យនេះ។ ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា ថៃគួរចាប់ឱកាសនេះ ដើម្បីដោះស្រាយបញ្ចប់បញ្ហាដោយផ្លូវច្បាប់ និងដោយសន្តិវិធី។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចេញខ្លឹមសារនៃលិខិតរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាទៅកាន់សមភាគីថៃ ដូចខាងក្រោម៖
«វិវាទព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបន្តអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយ ទោះបីជាមានយន្តការទ្វេភាគីជាច្រើន និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈ ក្នុងការដោះស្រាយក៏ដោយ។ គួរឱ្យសោកស្ដាយ បញ្ហាដែលពុំទាន់អាចដោះស្រាយទាំងនេះ នៅតែជាប្រភពនៃការយល់ច្រឡំ និងភាពតានតឹង ដែលតែងតែកើតឡើងវិញ និងបង្កឱ្យមានឧប្បត្តិហេតុជាអកុសលជាច្រើន។
ថ្មីៗនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅពេលដែលកងកម្លាំងយោធាថៃបានបើកការវាយប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា និងបណ្តាលឱ្យទាហានខ្មែរ០១រូបបាត់បង់ជីវិត។ ឧប្បត្តិហេតុនេះ បានបញ្ជាក់បន្ថែមថា ការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាព គឺជារឿងបន្ទាន់។
ដោយសារភាពស្មុគ្រស្មាញ លក្ខណៈប្រវត្តិសាស្ត្រ និងភាពរសើបនៃវិវាទទាំងនេះ យើងឃើញកាន់តែច្បាស់ថា កិច្ចសន្ទនាទ្វេភាគីអាចនឹងមិនគ្រប់គ្រាន់ ដើម្បីទទួលបានដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែង។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុតនោះគឺ ការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដី។
សេចក្តីសម្រេចដែលចេញដោយតុលាការអន្តរជាតិ ICJផ្អែកលើច្បាប់អន្តរជាតិ នឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង។ សេចក្ដីសម្រេចនេះនឹងផ្ដល់ភាពច្បាស់លាស់ដែលត្រូវការចំាបាច់សម្រាប់ព្រំដែនគោករៀងខ្លួនៗរបស់យើង ហើយសំខាន់បំផុតនោះគឺ នឹងជួយជំរុញឱ្យមានបរិយាកាសប្រក បដោយសន្តិភាពយូរអង្វែង ស្ថិរភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសយើងទាំងពីរ។ ដំណើរការនេះក៏នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមករបស់យើងក្នុងការប្រកាន់ខ្ជាប់នីតិរដ្ឋ ការរក្សាភាពសុខដុ មរមនាក្នុងតំបន់ និងការជំរុញវិបុលភាពរួមសម្រាប់ប្រជាជនរបស់យើងនៅក្នុងសហគមន៍អាស៊ាន ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំសូមជំរុញរាជរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែននេះទៅតុលាការអន្តរជាតិ ICJ។ យើងគួរចាប់យកឱកាសនេះ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់យើងចំពោះកិច្ចសន្ទនាដោយសន្តិវិធី ដំណោះស្រាយតាមផ្លូវច្បាប់ និងអនាគតនៃអ្នកជិតខាងដ៏ល្អ»។

ជាមួយនឹងការបង្ហាញនូវលិខិតរបស់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានេះ លោក ជុំ សន្ទរី ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីសុឆន្ទះ និង ការតាំងចិត្តដ៏មុតមារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយ សន្តិវិធី និងស្ថិតស្ថេរចេរកាលសម្រាប់បញ្ហាព្រំដែនជាមួយប្រទសជិតខាង រួមទាំង ប្រទេសថៃ មិនដូចការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួនក្នុងប្រទេសថៃនោះឡើយ។ លោកថា ការប្រកាន់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្តី គឺដើម្បីស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង ដូចដែលលោកឧបនាយករដ្ឋមន្រ្តីបានបកស្រាយយ៉ាងច្បាស់ក្នុងសារលិខិតខាងលើ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


