ព័ត៌មានជាតិ
ក្រសួងការពារជាតិ៖ សកម្មភាពទាហានថៃដឹកនាំក្រុមអ្នកជិះកង់១៥០នាក់ចូលប្រាសាទតាមាន់ដោយពុំជូនដំណឹង ជាការបំពានកិច្ចព្រមព្រៀង
ក្រសួងការពារជាតិ សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំក្រសួងការពារជាតិ បញ្ជាក់ថា៖« សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល»។

កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។
បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និងវិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។
ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។
ជាថ្មីម្តងទៀត កម្ពុជាស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។ ក្រសួងការពារជាតិបញ្ជាក់ថា៖«ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ចៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ»។
កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្ត គឺសុទ្ធតែស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងល្អ និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

គួរជម្រាបថា ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានយកករណីចម្រូងចម្រាសចំនួន ៤ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី និងបានបញ្ជូនដល់ដៃតុលាការ ICJ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


