ព័ត៌មានជាតិ
បទយកការណ៍៖ ការគំរាមកំហែងពីថៃធ្វើឱ្យចលនារួមជាតិខ្មែរកាន់តែរឹងមាំ
កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់លើទឹកដីកម្ពុជាត្រង់ចំណុចមុំមី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបានបញ្ជូនកងទ័ពទៅតាមព្រំដែនដើម្បីត្រៀមឆ្លើយតប មិនត្រឹមតែប៉ុណ្ណោះកម្ពុជាបានឆ្លើយតបទាំងការទូត សេដ្ឋកិច្ច និងច្បាប់អន្តរជាតិផងដែរ។ ក្រោយព្រឹត្តិការណ៍នេះ ពលរដ្ខខ្មែររួមគ្នាក្លាយជាសំឡេងតែមួយគាំទ្រចំពោះការឆ្លើយតបនានារបស់កម្ពុជាទៅនឹងប្រទេសថៃ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាស្មារតីរួបរួមជាតិរបស់ជាតិខ្មែរនៅពេលនេះគឺខ្ពស់ជាងពេលណាៗទាំងអស់។

ស្ថានភាពពលរដ្ឋនៅតំបន់ជួរមុខក្រោយមានការប៉ះទង្គិច
ក្រុមការងារកម្ពុជាថ្មីបានធ្វើដំណើរមកដល់ ភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាកន្លែងដែលកងទ័ពថៃនិងកម្ពុជាប្រឈមមុខគ្នានៅតំបន់មុំ៣ តាំងពីថ្ងៃទី២៨ ខែឧសភាមក។ តាមផ្លូវក្នុងភូមិនេះឃើញផ្ទះជាច្រើនបានបិទទ្វា ចាក់សោរ នៅខាងមុខផ្ទះមានខ្សាច់ និងបាវខ្សាច់ជាច្រើនដើម្បីទុករៀបធ្វើលេណដ្ឋាន។ មានមនុស្សតិចតួចប៉ុណ្ណោះដែលសេសសល់នៅក្នុងភូមិ។
លោក ខាត់ សុខិន អាយុ៤៤ឆ្នាំ ដោយបារម្ភពីសុវត្ថិភាពបានឱ្យប្រពន្ធនឹងកូនរបស់ខ្លួនទៅកាន់ទីសុវត្ថិភាពបណ្ដោះអាសន្នវត្តពោធិ៍ ៥ពាន់ដើម ខណៈដែលលោកនៅចាំផ្ទះម្នាក់ឯងដោយបារម្ភពីការបាត់បងសម្ភារៈនិងសត្វចិញ្ចឹមនៅផ្ទះ។
លោកថា៖ «ខ្ញុំចង់ទៅដែរតែស្ដាយមាន់ស្ដាយឆ្កែទៅចោលវាមិនដឹងវារកអីស៊ីបាន។ ទៅផ្ទះគេខ្លាចគេវ៉ៃស៊ីវ៉ៃអីនឹកឃើញស្ដាយក៏នៅទៅ។ ខ្ញុំនៅនេះខ្លួនមួយវាមិនពិបាកអីទេ! ទៅត្រង់ណាក៏បានដែរពេលគេមានបញ្ហា»។

លោកក៏បានបង្ហាញនូវលេណដ្ឋានរបស់លោកដែលបានធ្វើតាំងពីលោកដឹងថាមានការផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភាមកម្លេះ។
លោកបន្ថែមថា៖ «បារម្ភដែលបង! តែធ្វើមិចបើទាល់ហើយនឹកថាមានបញ្ហាអីក៏ចូលត្រង់សេទៅហ្នឹង។ មិនចង់ឱ្យមានរឿងអ៊ីចឹងកើតឡើងទេ! សុទ្ធតែរបស់ប្រល័យលោក គ្មានអ្នកណាចង់ទេ! តែបើទាល់ហើយគេក៏ហ៊ានយើងក៏ហ៊ានដែរ»។

នៅខាងមុខសាលាឃុំមរកតឯណោះវិញ មន្ត្រីនៃសាលាឃុំនេះកំពុងញាប់ដីចូកគ្រួសថ្មដាក់ចូលបាវខ្សាច់ដើម្បីយកទៅធ្វើលេណដ្ឋានដែលនៅខាងក្រោយសាលាឃុំ។ ជំទប់ទី២ សាលាឃុំមរកតលោក សេក សុខ ថាឃុំបានធ្វើលេណដ្ឋាន៥ថ្ងៃហើយ ខណៈអាជ្ញាធរឃុំបានណែនាំដល់ពលរដ្ឋត្រៀមជីកលេណដ្ឋាន ស្បៀងអាហារ និងការធានាដល់ការជម្លៀសពេលមានបញ្ហាផងដែរ។
លោកថា៖ «មិនបារម្ភអីទេ! តែយើងគ្រាន់ចេះការការពារទៅ ប្រសើរជាងអត់ធ្វើ យើងធ្វើទៅយើងអាចការពារខ្លួនយើងផង ប្រជាពលរដ្ឋដែលគាត់មកទទួលសេវាទៅក៏អាចជ្រកពួនទាំងអស់គ្នាការពារជួយទាំងអស់គ្នាទៅ»។
ធ្លាប់ជាអតីតទាហានម្នាក់ផងនោះជំទប់ទី២ ឃុំមរកត លោក សេក សុខ ថាលោកឆ្អែតឆ្អន់ពីសង្គ្រាមហើយ និងមិនចង់ឃើញសង្គ្រាមជាថ្មីនោះទេ។
លោកបន្ថែមថា៖ «ខ្ញុំធ្វើសង្គ្រាមឆ្អែតហើយតាំងពីរដ្ឋប្រហារឆ្នាំ៧០មកចូលព្រៃច្បាំងតែរហូត ដល់ឆ្នាំ១៩៧៩ក៏បន្តធ្វើរហូតដល់ឆ្នាំ២០០១ ក៏ថាចាស់ហើយឈប់ធ្វើក៏ចូលធ្វើមេភូមិ ហើយបានក្រុមប្រឹក្សាឃុំតែឆ្អែតឆ្អន់ហើយ តែកូននិងចៅ៥-៦នាក់នៅជួរមុខទាំងអស់»។

នៅចម្ងាយប្រហែលជាង១៣០គីឡូម៉ែត្រពីឃុំមរកត មណ្ឌលសុវត្ថិភាពបណ្ដោះអាសន្នវត្តពោធិ៍៥ពាន់ដើម ជាកន្លែងដែលរដ្ឋាភិបាលរៀបចំដើម្បីទទួលពលរដ្ឋដែលភៀសសឹកមកស្នាក់នៅបណ្ដោះអាសន្នគេចពីការភ័យខ្លាច។ នៅទីនេះមានផ្ដល់សេវាសុខាភិបាល ទឹកស្អាត បង្គន់អនាម័យ និងស្បៀងអាហារជូនពលរដ្ឋដែលភៀសខ្លួនមកផងដែរ។
ពលរដ្ឋដែលភៀសខ្លួនបានលើកឡើងពីក្ដីបារម្ភរបស់ពួកគេដោយបាននឹករលឹកដល់ពេលដែលមានសង្គ្រាមជាមួយថៃកាលពីឆ្នាំ២០១១ និងមិនចង់ឃើញស្ថានភាពនេះកើតឡើងវិញទេ។
លោក កើត សុផល អាយុ៧២ឆ្នាំ បានលើកឡើងថា៖ «ខ្ញុំមិនចង់ឱ្យមានរឿងហ្នឹងទេយើងកំពុងតែសុខសប្បាយស្រួលណាស់! កាលពីរឿងប្រាសាទ(ព្រះវិហារ) ម្ដងហើយខ្ញុំនៅជាប់នឹងជើងភ្នំប្រាសាទហ្មងគ្រាប់ធ្លាក់មកដល់កន្លែងតែម្ដង ជួបឧបសគ្គម្ដងហើយ។ ដល់ចឹងខ្ញុំចេះតែភ័យអាតូចៗនេះ។ […] មិនចង់ឱ្យមានទេព្រោះឆ្អែតសង្គ្រាមហ្នឹងវាឆ្អែតពេកហើយដល់ពិការជើងអស់ហើយមានអីទៀត! មិនចង់ឱ្យមានសោះនិយាយទៅឱ្យតែឮសង្គ្រាមមិនចង់ឱ្យមានហ្មងតែធ្វើមិចបើអ៊ីចឹងហើយមិនដឹងធ្វើមិច»។

អ្នកស្រី ហង្ស សុខុន អាយុ ៥៥ឆ្នាំ៖ «មិនចង់ឱ្យមានអ៊ីចឹងទេ! ចង់ឱ្យមានសុខស្រួល ព្រោះនៅបានសុខស្រួលហើយទោះបីផ្ទះតូចធំមិចយើងចេះតែនៅទៅផ្ទះរបស់យើងណា! កុំឱ្យតែភ័យខ្លាចរត់លូនដូចយើងជំនាន់មុនទៀត។ ជំនាន់មុនយើងរត់លូនម្ដងហើយជំនាន់នេះរត់លូនម្ដងទៀតវាពិបាក»។


ការឆ្លើយតបរបស់កម្ពុជាទៅនឹងការបិទច្រកទ្វារព្រំដែនរបស់ថៃ
ស្រុកជាំក្សាន្តគឺជាស្រុកមួយនៅជាប់នឹងខេត្តអ៊ូប៊ុនរាជធានីរបស់ប្រទេសថៃ និងមានច្រកទ្វារព្រំដែនមួយផងដែរសម្រាប់ពលរដ្ឋទាំងពីរដោះដូរទំនិញ ទីកន្លែងនេះធ្លាប់ជាកន្លែងដ៏អ៊ូអរមួយបែរជាស្ងប់ស្ងាត់ក្រោយព្រឹត្តិការណ៍២៨ ខែឧសភា ដោយសារថៃបានសម្រេចបិទច្រកដោយឯកតោភាគី ដោយបើកតែថ្ងៃព្រហស្បតិ៍ និងកាត់បន្ថយម៉ោងបើកមកនៅត្រឹម៣ម៉ោងប៉ុណ្ណោះ ព្រមទាំងកម្រិតមិនឱ្យអាជីវករខ្មែរយកបន្លែផ្លែឈើទៅលក់ក្នុងផ្សារថៃលើសពី១០គីឡូនោះទេ ជាការឆ្លើយតបកម្ពុជាបានសម្រេចបិទច្រកនេះទាំងស្រុងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

ប្រធានច្រកព្រំដែនអានសេះលោក នាន់ បូនេត បានឱ្យដឹងថា៖ «ការបើក១ថ្ងៃក្នុងមួយសប្ដាហ៍ហើយមួយថ្ងៃតែ៣ម៉ោងនេះមិនអាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីអាចឱ្យបងប្អូនដោះដូរទំនិញ ព្រោះម៉ោងខ្លីពេក។ ហើយបើយើងបើកគឺដូចជាផ្ដល់ឱកាសខាងគាត់មកពិនិត្យស្ថានភាពនៅច្រកអានសេះរបស់យើងនេះ។ ខ្ញុំបានសុំគោលការណ៍ពីអភិបាលខេត្តបិទទាំងស្រុងតែម្ដងក្នុងដំណាក់កាលចុងក្រោយនេះ »។
យ៉ាងណាក្ដីទោះបីបិទច្រកនេះក៏អាជីវករបានបង្ហាញការគាំទ្រលើចំណាត់ការឆ្លើយតបនេះដែរ។
អាជីវករនៅច្រកអានសេះ អ្នកស្រី សោ វណ្ណៈ៖ «បើ៣ម៉ោងបើកលក់អត់ទាន់ទេ រៀបលក់មិនទាន់ផងអស់មនុស្សបាត់ហើយ។ ហើយគេប្រូសៗ ចេញទៅវិញទាន់ហើយបើថ្នាក់ដឹកនាំបិទអញ្ចេសគឺស្មើភាពគ្នាទុកឱ្យវាមកសុំយើងបើកវិញ វាអ្នកពិនបិទឱ្យវាអ្នកសុំបើកវិញទៅ»។

កម្ពុជា-ថៃមានច្រកទ្វារអន្តរជាតិ និងតំបន់ចំនួន២៤ តែដោយសារការបិទដោយឯកតោភាគីរបស់ថៃបានធ្វើឱ្យកម្ពុជាធ្វើការឆ្លើយតបវិញផងដែរ ព្រមទាំងបិទការនាំចូលបន្លែផ្លែឈើទាំងអស់ពីថៃផងដែរ។
«Hello can you hear men, uncle?» សារសំឡេងទូរស័ព្ទរបស់នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត ត្រូវបានបែកទម្លាយលើបណ្ដាញសង្គមកាលពីថ្ងៃទី១៨ ខែមិថុនា សុំប្រធានព្រឹទ្ធសភាសម្រុះសម្រួលឱ្យមានការចរចារជាមួយកម្ពុជាដើម្បីបើកព្រំដែនវិញ។ ទោះជាយ៉ាងណាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបដិសេធដោយលើកឡើងថារឿងនេះថៃជាអ្នកបិទសូមបើកវិញដោយខ្លួនឯង ទើបកម្ពុជាឆ្លើយតបតាមក្រោយ។ ទោះជាយ៉ាងណាស្ថានភាពព្រំដែនគឺគ្មានការប្រែប្រួលនោះទេ រហូតដល់យប់ថ្ងៃទី២៣ ខែមិថុនា ទាហានថៃបានសម្រេចបិទទ្វារព្រំដែនទាំងស្រុងពីកម្ពុជាទៀតផង។

ស្ថានភាពរស់នៅរបស់ពលរដ្ឋ និងការធានាពីរដ្ឋាភិបាល
អាជីវករ និងអ្នកទិញជាច្រើនបានចូលកុះករនៅផ្សារស្រអែមក្នុងស្រុកជាំក្សាន្តដែលការដោះដូរទំនិញនៅប្រព្រឹត្តិជាធម្មតា ខណៈពលរដ្ឋហាក់មិនសូវមានការព្រួយបារម្ភនោះទេ ខណៈក៏មានទាហានមកទិញម្ហូបអាហារជាបន្តបន្ទាប់ផងដែរ។ អភិបាលស្រុក ជាំក្សាន្តលោក ចិន ខន្ដី មានប្រសាសន៍ថាទោះបីជាមានបញ្ហាជាមួយភាគីខាងថៃតែលោកធានាថារដ្ឋបាលស្រុកនឹងការពារនូវសុវត្ថិភាពរបស់ពលរដ្ឋចេញពីការគំរាមកំហែងទាំងឡាយឱ្យបាន។ លោកបន្ថែមថាកម្ពុជាជាប្រទេសស្រលាញ់សន្ដិភាព តែក៏រក្សាសិទ្ធិការពារខ្លួនតបតទៅនឹងការរំលោភបំពានឈ្លានពាន។
លោកថា៖ «ក្នុងនាមរដ្ឋបាលស្រុកយើងខ្ញុំសូមប្ដេជ្ញាយ៉ាងមុតមាំចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្តទាំងមូលថានឹងការពារថែរក្សាអាយុជីវិតបងប្អូនមិនឱ្យប៉ះពាល់ពីសង្គ្រាមទេ។ [..] ប្រទេសយើងបានភ្លក់នូវភ្លើងសង្គ្រាមជាច្រើនហើយជាពិសេសសង្គ្រាមស៊ីវិល។ ក្នុងនាមរដ្ឋបាលស្រុកយើងមិនស្រលាញ់មិនចូលចិត្តឡើងសង្គ្រាម ប្រសិនបើប្រទេសដែលជាមិត្តដែលគាត់តែងតែមានមហិច្ចតាឈ្លានពានយើងខ្ញុំក៏ការពារទឹកដីមិនឱ្យបាត់បង់ទៅណាសូម្បីតែមួយមីលីម៉ែត្រទេ»។

ICJ និងចលនាជាតិនិយមរបស់ខ្មែរ
កម្ពុជាបានដាក់លិខិតជូនដំណឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីរៀបចំប្ដឹងថៃសុំឱ្យតុលាការនេះសម្រេចសេចក្ដីលើព្រំដែនកម្ពុជា-ថៃនៅតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបិទសន្និបាតកាយរិទ្ធិកម្ពុជាកាលពីថ្ងៃទី១៧ ខែមិថុនា ថាការដាក់បណ្ដឹងនេះជាយន្តការដើម្បីដោះស្រាយបញ្ហាដោយសន្ដិភាព បញ្ជៀសនូវសង្គ្រាម។ ទោះជាយ៉ាងណាសម្ដេចបញ្ជាក់ថាកម្ពុជានឹងមិននៅស្ងៀមនោះទេបើមានការឈ្លានពានណាមួយនោះ។
សម្ដេចថា៖ «ទំនាក់ទំនងមិត្តយើងនៅតែបន្តធ្វើតែបើមិត្តមិនគោរពយើងៗក៏មិនអាចឱ្យអ្នកឯងជាន់បានដែរទេ! រឿងនេះជារឿងពិតប្រជាជាតិខ្មែរមួយយើងមិនអាចឱ្យគេមើលងាយទេ ជាពិសេសយើងអត់ខុសសោះ! ជាពិសេសរឿងទៅតុលាការអន្តរជាតិនេះទៅពិបាកស្អី! បើត្រឹមត្រូវទាំងអស់គ្នាទៅៗ បើអ្នកត្រឹមត្រូវខ្លាចអីតុលាការ។ កម្ពុជាអត់ខ្លាចទេ បើតុលាការកាត់យ៉ាងមិចយើងនឹងទទួលនូវសាលក្រមរបស់តុលាការ»។

សម្ដេចជំរុញដល់ដល់អ្នកនយោបាយ និងជនរួមជាតិខ្មែរទាំងអស់រួមគ្នាប្រឆាំងសត្រូវខាងក្រៅ ដោយថាពេលនេះមិនមែនជាពេលដែលត្រូវបែកបាក់គ្នាទេ។
សម្ដេចថា៖ «ម៉ោងថ្មើនេះមិនមែនជារឿងបែកបាក់ទេ! ខ្ញុំមិនចង់ឡងទៅគ្នាឯងទេយល់សាររបស់ខ្ញុំហើយ។ អ្វីដែលខ្ញុំនិយាយនេះគឺយើងកំពុងប្រឈមមុខជាមួយនឹងអ្នកជិតខាងរបស់យើងដែលកំពុងទាមទារព្រំដែន»។
ព្រះអាទិត្យបានរះឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បង្ហាញនូវទង់ជាតិកម្ពុជារាប់ពាន់បក់រវិច ជាមួយនឹងសំឡេងហូរកញ្វ្រៀវរបស់មនុស្សប្រមាណ១៥ម៉ឺននាក់ ដែលបានមកជួបជុំគ្នានៅទីធ្លាកោះពេជ្រ ក្នុងរាជធានីភ្នំពេញដើម្បីដើរថ្មើរជើង Solidarity March ទៅកាន់វិមានឯករាជ្យដែលជានិមិត្តរូបនៃឯករាជ្យ និងបូរណភាពទឹកដីខ្មែរ។
កម្មវិធីនេះបានបង្ហាញការរួមគ្នាជាធ្លុងមួយរបស់ប្រជាជនកម្ពុជា គាំទ្ររដ្ឋាភិបាល និងកម្លាំងជួរមុខដែលកំពុងឈរជើងការពារទឹកដីពីកម្លាំងឈ្លានពានទាំងឡាយ។

ស្របគ្នានឹងការចេញរបាយការណ៍របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បង្ហាញថាប្រជាជនកម្ពុជាច្រើនលើសលប់ (ជាង៩៣,៦%) ពេញចិត្តចំពោះចំណាត់ការទូទៅរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃផងនោះ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារថ្លែងអំណរគុណចំពោះប្រជាជនខ្មែរ និងបញ្ជាក់ថាសកម្មភាពរួបរួមរបស់ប្រជាជនគឺបានផ្ដល់កម្លាំងដល់រាជរដ្ឋាភិបាល និងកម្លាំងជួរមុខក្នុងការបន្តបំពេញការងារដើម្បីឯករាជ្យ អធិបតេយ្យ និងការអភិវឌ្ឍជាតិបន្ថែមទៀត។
ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាស្មារតីជាតិនិយមរបស់ប្រជាជនខ្មែរពេលនេះគឺខ្ពស់ជាងពេលណាៗទាំងអស់ ហើយកើតឡើងដោយខ្មែរអស់ការអត់ធ្មត់ចំពោះសកម្មភាព លាបព័ណ៌ គំរាមកំហែង ការមើលស្រាលរបស់ថៃមកលើប្រជាជាតិកម្ពុជាកន្លងមក។
សម្ដេចថា៖ «ដើមចមនេះការបំផុសស្មារតីជាតិនិយមរបស់កម្ពុជា។ មិនមែនកម្ពុជាបំផុសដើម្បីចំណេញនយោបាយផ្ទៃក្នុងទេគឺដោយសារកត្តាខាងក្រៅ។ ប្រទេសមួយអ្នកនយោបាយមួយចង់ចំណេញនយោបាយផ្ទៃក្នុងខ្លួនឯងបំផុសនយោបាយខ្លួនឯងហើយយកកម្ពុជាធ្វើជាបាវខ្សាច់ ដែលនេះហើយជាតិខ្មែររបស់យើងត្រូវឆ្លើយតបទៅវិញ នេះហើយគឺជាសា្មរតីដែលដុតបញ្ចេះ(ចលនាជាតិនិយមរបស់ខ្មែរ)»៕






អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


