Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង បាន​ប្រើ​រយៈ​ពេល​ជាង១ឆ្នាំ​ហើយ ក្នុង​ការ​ដោះស្រាយ​ជា​មួយ​បង​ប្អូនប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ​មក​ដល់​ពេលនេះ ផលប៉ះពាល់មួយចំនួនធំ​ត្រូវ​បានដោះស្រាយបញ្ចប់ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋចំនួន៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួល​យក​សំណង​ពី​អាជ្ញាធរ នៅ​ឡើយ​ទេ បើ​ទោះបី​អាជ្ញាធរ​រាជធានីភ្នំពេញបានសម្រេច ប្រគល់សំណងជូនពួកគាត់ជាង៣លានដុល្លារយ៉ាងណាក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅរសៀលថ្ងៃទី០៨កក្កដានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ធ្វើ​ការ​អញ្ជើញពួកគាត់ទាំង៣គ្រួសារមកប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀត នៅ​សាលារាជធានីភ្នំពេញ។ ជាលទ្ធផលគឺពួកគាត់នៅ​តែ​ទាមទារ​សំណង​ហួស​ហេតុ មិន​អាច​ទទួលយកបានដដែល ពោល​គឺបានទាមទារ គុណនិង២ ,គុណនិង៣នៃសំណងដែលរដ្ឋបានប្រគល់ជូន។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើង​ថា ដីរបស់បងប្អូនដែលរងផលប៉ះពាល់នេះ យើងមិនមែនយកមកដើម្បីជាប្រយោជន៍ខ្លួនឯងទេ គឺដើម្បីធ្វើស្ពាន ធ្វើ​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោះស្រាយការកកស្ទះចរាចរ។ដូច្នេះសូមបងប្អូនទាំង៣គ្រួសារមេត្តាយោគយល់។ អាជ្ញាធរក្នុងនាមជាម៉ែជាឪប្រជាពលរដ្ឋ មិន​ចង់​ប៉ះពាល់​ជាមួយប្រជាពលរដ្ឋទេ សូមកុំទារ​សំណង​ថ្លៃ​ខ្លាំង​ពេក រហូត​រដ្ឋ​មិន​អាច​ទទួលយកបាន។

លោកឃួង ស្រេង បានបន្ថែមទៀត​ថា តម្លៃដីរហូតដល់ជាង៣លានដុល្លារនេះ សមល្មមហើយ ប៉ុន្តែបងប្អូននៅតែទទួលយកមិនបាន។ បង​ប្អូន​អាច​ជួល​ក្រុមហ៊ុន អចលនៈទ្រព្យចំនួន២ក្រុមហ៊ុន មកសិក្សាពីតម្លៃនៅលើទីតាំងបងប្អូនបាន ដោយ​រដ្ឋបាលរាជធានីភ្នំពេញ សុខ​ចិត្ត​ចេញលុយថ្លៃ​ក្រុមហ៊ុនឱ្យថែមទៀត។ បើនៅតែមិនត្រូវគ្នាទៀត រដ្ឋបាលរាជធានីភ្នំពេញ គ្មាន​ជម្រើសអ្វីក្រៅពីអនុវត្តច្បាប់រដ្ឋបាលដើម្បីរុះរើនោះទេ ព្រោះ​វា​ល្មមដល់ពេលហើយ មិន​អាច​បន្ត​ដោះស្រាយទៅមុខទៀតទេ។ ក្រោយ​ការ​អនុវត្តច្បាប់រដ្ឋបាលដើម្បីរុះរើ បងប្អូន​អាច​បន្ត​ប្តឹង​ទៅ​តុលាការ​បាន។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ថវិកាជាង៣លានដុល្លារដែលនឹងប្រគល់ជូននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចរួចហើយ មិន​អាច​បន្ថែម​បាន​ទៅ​តាមការទាមទារស្រេច​តែ​ចិត្តនោះទេ។ ចុងក្រោយនេះអាជ្ញាធររាជធានីភ្នំពេញមានជម្រើស២សម្រាប់បងប្អូន ទី១ បងប្អូនទាំង៣គ្រួសារអាចរុះរើដោយខ្លួនឯង រដ្ឋបាលរាជធានីភ្នំពេញ​នឹងប្រគល់ថវិកា​ជូនថ្លៃរុះរើចំនួន១០ម៉ឺន​ដុល្លារ​និងទី២ រដ្ឋបាលរាជធានីភ្នំពេញនឹងជួលគេឱ្យមករុះរើ។ មែន​ទែន​ទៅ​អាជ្ញាធររាជធានីភ្នំពេញ មិនមានចេតនាណាមួយ​ចង់​អនុវត្ត​ច្បាប់​រដ្ឋបាល ដើម្បីរុះរើនោះទេ តែវាដល់ពេលហើយ។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មិនទទួលយកសំណងខាងនេះរួមមាន ៖

១/ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ៩៣៩.៣៨០,៥២$ (ប្រាំបួនរយសាមសិបប្រាំបួនពាន់បី រយប៉ែតសិបដុល្លារអាមេរិក និងហាសិបពីរសេន) ២/ គ្រួសារឈ្មោះ ហុក សេងគឹម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២.២០៩.៥៤៣,១៥$ (ពីរលានពីររយប្រាំបួនពាន់ប្រាំរយសែសិបបីដុល្លារអាមេរិក និងដប់ប្រាំសេន) និង៣/ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ១៧១.៨៣៨,១៩ $ (មួយរយចិត សិបមួយពាន់ប្រាំបីរយសាមសិបប្រាំបីដុល្លារអាមេរិក និងដប់ប្រាំបួនសេន)។ សំណងទាំងនេះពួកគាត់មិនទទួលយកទេ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ គម្រោង​នេះវា​នឹង​ផ្តល់​នូវអត្ថប្រយោជន៍ដ៏សំខាន់ ក្នុង​ការ​ផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ ខាងកើត និង​ខាងលិចរាជធានីភ្នំពេញ តភ្ជាប់​ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹង ក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែល​កើត​មាន​ជារៀងរាល់ថ្ងៃនៅចំណុច ស្ពានព្រះមុនីវង្ស៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម