ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តី ណែនាំឱ្យទូងស្គរ ទះប៉ោត ដើម្បីអបអរទីតាំងចំនួន៣របស់កម្ពុជាត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក
ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់គ្រប់ក្រសួងស្ថាប័ន រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈ។ នេះបើតាមសារលិខិត អបអររបស់នាយករដ្ឋមន្រ្តីកម្ពុជា។

ការណែនាំឱ្យធ្វើសកម្មភាពនេះបន្ទាប់ពី «បូជនីយដ្ឋានការចងចាំនៃកម្ពុជា» រួមមានទីតាំងឧក្រិដ្ឋកម្មចំនួនបី គឺអតីតមន្ទីរឃុំឃាំង ម-១៣(ស្ថិតនៅក្នុងព្រំប្រទល់ខេត្តកំពង់ឆ្នាំ និងកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯង (ស្ថិតនៅរាជធានីភ្នំពេញ) ត្រូវបានចុះបញ្ជី ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងសម័យប្រជុំ លើកទី ៤៧ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ដើម្បីអបអរព្រឹត្តិការណ៍នេះ នាយករដ្ឋមន្រ្តី ណែនាំឱ្យរួមគ្នា វាយគង ទូងស្គរ ទះប៉ោត នៅតាមទីសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។

ជាមួយគ្នានេះ សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម សូមរួមគ្នាធ្វើការដាក់ផ្កាគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅតាមបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅរៀងរាល់ថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ។ សម្តេចក៏ អំពាវនាវផងដែរ ដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ មោទនភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំទូលាយបំផុត។
លើសពីនេះ នាយករដ្ឋមន្រ្តី អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរដែនដី និងស្ថាប័ននានា ត្រូវពង្រឹងឱ្យបានដាច់ខាតនូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍតំបន់បូជនីយដ្ឋាននេះ ស្របតាមគោលការណ៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយត្រូវទប់ស្កាត់រាល់សកម្មភាពទាំងឡាយ ដែលអាចប៉ះពាល់ដល់តម្លៃនៃបូជនីយដ្ឋាននេះ។

ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពី ឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរ ទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
តាមរយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញជាតិ អន្តរជាតិ និងអង្គការយូណេស្កូ ដើម្បីសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារបច្ចេកទេស ទៅតាមនីតិវិធីនៃក្រមប្រតិបត្តិរបស់អនុសញ្ញាឆ្នាំ១៩៧២ ព្រមទាំងទទួលបាននូវការទទួលស្គាល់អំពីតម្លៃលេចធ្លោជាសកលរបស់ទីតាំងទាំងបី ពីសំណាក់អ្នកជំនាញការអន្តរជាតិ (ICOMOS) ដោយរួមទាំងការវាយតម្លៃនិងការផ្តល់យោបល់គាំទ្រដល់ការដាក់បញ្ចូលជាបេតិកភណ្ឌ ពិភពលោកនូវទីតាំងទាំងបីនេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក