Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ១៦នាក់ ត្រូវបានបញ្ចូនមកកម្ពុជាតាមច្រកទ្វារព្រំដែនចាំយាម

បានផុស

នៅ

កោះកុង ៖ ក្រុមពលករខ្មែរចំនួន១៦នាក់ ត្រូវបានរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តកោះកុង សម្របសម្រួលឱ្យមានការចាត់បញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បន្ទាប់ពីពួកគាត់ត្រូវបានឃុំឃាំងជិត២ខែនៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់ មានពលករខ្មែរដែលជាអ្នករស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានអាជ្ញាធរសមត្ថកិច្ចថៃសម្រេចចាត់បញ្ចូនមកកម្ពុជាវិញ ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តកោះកុង និងអ្នកឧកញ៉ា លី យ៉ុងផាត់ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា តបនឹងបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រដ្ឋបាលខេត្ត បានប្រឹងប្រែងសម្របសម្រួលគ្រប់បែបយ៉ាងជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងឱ្យពលករខ្មែរទាំង១៦នាក់បានវិលត្រឡប់មកប្រទេសកំណើតវិញ។

លោកស្រីអភិបាលខេត្ត បន្តទៀតថា ក្រុមពលករខ្មែរ ភាគច្រើនជាខ្មែរឥស្លាមរស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ត្រូវបានអាជ្ញាធរសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួនអំឡុងពេលកំពុងនេសាទនៅសមុទ្រក្នុងតំបន់អភិរក្សហាមឃាត់របស់ថៃ ភូមិសាស្រ្តខេត្តត្រាត។ ទោះយ៉ាងណា អាជ្ញាធរខេត្ត និងអ្នកឧកញ៉ា លី យ៉ុងផាត់ បានសម្របសម្រួលអោយដោះស្រាយត្រឡប់មកស្រុកកំណើតវិញបានដោយជោគជ័យ។

លោកស្រី មិថុនា ភូថង ក៏ស្នើឱ្យក្រុមពលករ ឈប់បន្តទៅរកការងារធ្វើខុសច្បាប់នៅប្រទេសថៃបន្តទៀត ពោលគឺងាកមកចូលរួមសិក្សាជំនាញបច្ចេកទេស និងរកការងារធ្វើនៅក្នុងស្រុកកំណើតវិញ ព្រោះមានសុវត្ថិភាព និងមានភាពកក់ក្តៅក្បែរក្រុមគ្រួសារ។

លោក ម៉ត់ អយនី និងលោក សោម រតនា ជាពលរដ្ឋេរស់នៅក្រុងខេមរភូមិន្ទ បានឱ្យដឹងថា ពួកគាត់ធ្វើដំណើរទៅប្រទេសថៃកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រួចបន្តចុះទូកទៅនេសាទសមុទ្រជាមួយក្រុមមិត្តភក្តិដែលចាកចេញពីខេត្តកោះកុងទៅ។ ជាក់ស្តែង ក៏ត្រូវអាជ្ញាធរថៃចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមហេតុផលនេសាទនៅចំណុចខៅស្នីង តំបន់ការពារអភិរក្សធនធានជនផលរបស់ថៃ។

បើតាមតំណាងពលករទាំង១៦នាក់ ដែលជាប់ឃុំជិត២ខែនៅថៃ បានសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល អាជ្ញាធរខេត្តកោះកុង អ្នកឧកញ៉ា លី យ៉ុង និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ឋដែលយកចិត្តដាក់ទុកជួយសម្របសម្រួលឱ្យមានការចាត់បញ្ជូនខ្លួនមកប្រទេសកំណើតវិញ ដើម្បីបានជួបជុំក្រុមគ្រួសារឡើងវិញ។

ពលករខ្មែរដដែល អះអាងថា ពួកគេសន្យាថានឹងឈប់ទៅធ្វើការនៅថៃទៀត បើទោះជាការងារនេសាទនៅទីនោះរកបានច្រើនគួរសមជាងនៅស្រុកកំណើតយ៉ាងណាក្តី ពោលគឺប្រឹងប្រែងស្វែងរកការងារធ្វើនៅក្នុងស្រុកកំណើត៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម