Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ

បានផុស

នៅ

ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីបាឋកថានៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ។ ចំណែកឯគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏លើកទឹកចិត្តយ៉ាងខ្លាំងដល់ការសិក្សារបស់យុវជន។ ជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ការអភិវឌ្ឍមូលធនមនុស្សត្រូវបានចាត់ទុកជាអាទិភាពទី១។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា នៅចំពោះមុខនិស្សិតរាជបណ្ឌិត្យសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា រាជរដ្ឋាភិបាលក៏មានគោលនយោបាយយកចិត្តទុកដាក់ថែទាំទារក និងកុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីការចាប់កំណើតក្នុងផ្ទៃនៃមាតា រហូតដល់អាយុ ២ឆ្នាំ និងបន្តជួយផ្តល់អាហារូបករណ៍រហូតដល់រៀនចប់ថ្នាក់មធ្យមសិក្សា។ ចំពោះយុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាទៅសាកលវិទ្យាល័យ ក៏ត្រូវបានរដ្ឋាភិបាលផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃថែមទាំងឧបត្ថម្ភថវិកាសម្រាប់ការសិក្សាទៀតផង។ ដូច្នេះ យុវជនសម័យនេះ ពិតជាមានសំណាងណាស់ដែលរស់ក្នុងសង្គមបរិយាកាសដ៏អំណោយផលសម្រាប់ការសិក្សាបែបនេះ។ ខុសពីយុវជនជំនាន់មុនដែលឱកាសក៏អត់ សាលារៀនក៏គ្មាន បើបានរៀនក៏ក្នុងស្ថានភាពហួសវ័យ និងលំបាកលំបិន។

ទោះយ៉ាងណា លោក ប៉ែន បូណា បានជំរុញលើកទឹកចិត្តឱ្យយុវជនចេះចាប់យកឱកាសដ៏អំណោយផលនេះដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់ប្រទេសជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ទោះបីជាបរិយាកាសអំណោយផលយ៉ាងណាក៏ដោយ បើយុវជនមិនខិតខំប្រឹងប្រែងដោយខ្លួនឯងទេ ឱកាសនឹងមិនរត់រកពួកគេឡើយ។ ក្នុងន័យនេះ លោកក៏បានចែករំលែកអំពីវិធីសាស្ត្រមួយចំនួនដើម្បីក្លាយខ្លួនជាមនុស្សពូកែ លេចធ្លោ ពោរពេញដោយចំណេះដឹង និងសីលធម៌ល្អ។

សូមបញ្ជាក់ថា បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកនេះមានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សរុបចំនួន ៣០០នាក់។ បាឋកថានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា លើកទឹកចិត្តដល់និស្សិតក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណអាណត្តិទី៧ យល់ដឹងពីជ្រុងនៃព័ត៌មាន ដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងលើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

បាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បកស្រាយលើប្រធានបទ «ទិសដៅឥតងាករេនៃគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនរបស់កម្ពុជា» និងវត្តមានរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រួមទាំងព្រឹទ្ធបុរស សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតជាច្រើននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម