ព័ត៌មានជាតិ
ក្រសួងការងារ ច្រានចោលការបំភ្លៃរបស់កាសែតថៃ ដែលថា “ពលករខ្មែរចាកចេញពីថៃដោយសារការគំរាមដកសញ្ជាតិ និងរឹបអូសដីធ្លី”
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦សីហានេះ បានប្រកាសច្រានចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រលប់មកកម្ពុជាយ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។

លោក ស៊ុន មេសា បញ្ជាក់ថា “ខ្ញុំសូមច្រានចោលការលើកឡើងរបស់កាសែតថៃនេះដែលជារឿយៗផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃស្ថានការណ៍។ នេះមិនមែនជាលើកទី១នោះឡើយ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិសូមមេត្តាកុំជឿលើការផ្សាយនេះឱ្យសោះ”។ ការបញ្ជាក់ឆ្លើយតបនេះ គឺស្របពេលដែលពលរដ្ឋខ្មែរដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃប្រមាណ៧៥ម៉ឺននាក់បានវិលមកកាន់កម្ពុជាវិញ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ។

ទន្ទឹមនឹងនេះ ក្រសួងការងារ សូមបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលនៅប្រទេសថៃសូមបន្តវិលមកស្រុកកំណើតយើងវិញ នៅពេលដែលបងប្អូនទទួលរងការបំភិតបំភ័យ វាយធ្វើបាប និងមិនឱ្យតម្លៃ។ បន្ថែមពីនេះ ក្រសួងការងារ សូមបញ្ជាក់ជូនបងប្អូនមេត្តាជ្រាបថា ក្រសួងការងារបាននិងកំពុងធ្វើយុទ្ធនាការជំហានទី២ ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរដែលទើបត្រលប់មកពីប្រទេសថៃនៅតាមឃុំចំនួន៣០០កន្លែងនៅទូទាំងប្រទេស។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឱ្យពលរដ្ឋខ្មែរនៅក្នុងស្រុកមេត្តាជួយផ្សព្វផ្សាយស្តីពីឱកាសការងារដ៏ច្រើនសម្បូរបែបរបស់កម្ពុជាដែលយើងមានឱកាសការងារទាំងថ្មី និងចាស់ប្រមាណជាង ៥៥ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដោយគ្រាន់តែបញ្ជាក់ថា “ត្រូវការការងារ និងការរៀនជំនាញសូមទាក់ទងតាមលេខទូរសព្ទ ១២៩៧”៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


