Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានីភ្នំពេញ បាន​សម្រេច​ហាម​ជក់ ឬ បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់-បារី នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចក្នុងការ ហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខនៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ណែនាំ​ស្តី​ពី​ការ​អនុវត្តគម្រោង “ពង្រឹង​វិធានការហាមជក់ ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​លើ​ផ្លូវ​ថ្មើរជើង​ចតុមុខ” របស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាល​រាជធានីភ្នំពេញ មាន​កិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា គម្រោងផ្លូវថ្មើរជើង ចតុមុខ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០) ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការជារៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទី ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥មកម៉្លេះ ដោយ​ទទួល​បាន​ការ​អបអរសាទរ និងទទួលស្គាល់ថា ជា​គោលដៅ​កម្សាន្ត​ពេល​រាត្រីថ្មី​សម្រាប់​រាជធានីភ្នំពេញ។

ដើម្បី​ចូល​រួម​លើក​កម្ពស់​ដល់​វិស័យ​ទេសចរណ៍​ស្អាត បៃតង មានសុវត្ថិភាព និង​ប្រែក្លាយ​ជា​គោលដៅ ទេសចរណ៍​ប្រកប​ដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែក​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចតទៅ៖

១. ហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង។

២. ត្រូវបិទសញ្ញាហាមជក់បារី នៅកន្លែងដែលហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី ឱ្យមើលឃើញ ច្បាស់ និងមានចំនួនគ្រប់គ្រាន់ស្របតាមទីតាំងជាក់ស្តែង។

៣. ហាមផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ គ្រប់ទម្រង់។

៤. ហាមប្រើប្រាស់ ចែកចាយ ជួញដូរ ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់គ្រប់ប្រភេទ គ្រប់ទីកន្លែងនៃ បរិវេណផ្លូវថ្មើរជើងចតុមុខ មានជាអាទិ៍ បារីអេឡិចត្រូនិច (E-Cigarettes) ឬ វេប (VAPE) ផលិតផល អេច ធី ភី (HTP) និងស៊ីហ្សា (Shisha) ជាដើម។

៥. គ្រប់បណ្តាមន្ទីរ-អង្គភាព រដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់ភោជនីយដ្ឋាន ហាងទំនិញ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ និងចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព និង ៦. សូមម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្ត សេចក្តីណែនាំនេះ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម