Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ដឹក​ជញ្ជូន​គ្រឿង​សម្ភារៈ ​ប្រមាណ​ជាង២០​កុងតឺន័រ​ជូនកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក

បានផុស

នៅ

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា យើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិងសម្ភារៈផ្សេងៗ ប្រមាណជាង២០​កុងតឺន័រ​ជូន​ទៅ​ដល់​កងទ័ព​ជួរ​មុខ​និង​ពលរដ្ឋ​ភៀសសឹក ក្នុងនោះ ក៏មាន ទាំងការដឹកចានឆ្នាំងចំនួន១៥០០០សម្រាប់ ចង្ក្រាន​ហ្គេសចំនួន១៧០០០ចង្រ្កាន និង៣៤០០០កំប៉ុងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជាក់​របស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤នាថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥នេះនៅសាលារាជធានីភ្នំពេញក្រោមវត្តមាន លោកម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើង​ថា ប្រជាពលរដ្ឋ​បាន​សាគ្គីភាពជាធ្នុង១ ក្រោមការដឹកនាំរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ចំណុចនេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​មើលឃើញយ៉ាងច្បាស់ពីតួនាទី ដែលមិនអាចខ្វះបានរបស់វីរកងទ័ព ដឹកនាំដោយសម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត។

ប្រជាជនទាំងអស់បានធ្វើកិច្ចការងារព្រមៗគ្នា ជុំវិញការលើកទឹកចិត្ត ផ្តល់នូវទំនុកចិត្តជាខ្នង​បង្អែកខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ដែលបានលើកទឹកចិត្ត​ឱ្យកងទ័ពកាន់តែ មានភាពក្លាហាន។ រាជធានីភ្នំពេញយើងបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចក្នុងនាម​ជាប្រជាពលរដ្ឋល្អ ដើម្បីធ្វើកិច្ចការងារបំរើឱ្យជួរមុខ ទាំងសម្លារៈ ថវិកានិងស្មារតី បានល្អប្រសើរ។បន្ថែមពីនេះប្រជាពលរដ្ឋ ព្រះសង្ឃទាំង២គណៈ បានធ្វើសកម្មភាពផ្សេងៗច្រើនទៀត ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញ ពីការឈ្លានពាររបស់ទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា កម្ពុជាចង់បានសន្តិភាព។

សម្រាប់​រដ្ឋបាល​រាជធានីភ្នំពេញបានរួមគ្នាជាមួយប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដោយ​បាន​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគ បរិភោគ​និង​ថវិកា​ជូន​ទៅ​ដល់​កង​ទ័ព​ជួរ​មុខ​និង​ប្រជាពលរដ្ឋភៀសសឹក។

លោកបន្ថែមថា ក្រៅ​ពី​ការងារ​ខាងលើ ការរក្សាសន្តិសុខ សុវត្ថិភាព​នៅ​រាជធានីភ្នំពេញ​យើង​ក៏​បាន​អនុវត្ត​បាន​ល្អ​ប្រសើរ ជាមួយនឹង​ការបង្ក្រាបល្បែងស៊ីសង់តាមអនឡាញបានជាច្រើនកន្លែងផងដែរ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានថ្លែងនូវការអរគុណ ចំពោះ​មន្ត្រី​និង​ថ្នាក់​ដឹក​នាំ​រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បី​បម្រើការងារទទួលនិងបញ្ជូនគ្រឿងឧបភោគ បរិភោគ​និង​សម្ភារៈ​ផ្សេងៗ​ទៅ​ជូន​ជនភៀសសឹក និងវីរកងទ័ព​ជួរមុខ ដោយមិនបាន​សម្រាក​ឡើយ ​ទោះ​បី​ជា​ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងឈាមដែលស្រក់នៅតាមព្រំដែន ជាមួយគ្នានោះ យើងក៏មិនអាចភ្លេចបានចំពោះក្រុមការងារផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាប្រព័ន្ធអនឡាញដែលមិនបានធ្វើការងារខុសឆ្គង នៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័ណ្ឌច្រឡំ ដោយ​បាន​ស្តាប់នូវការណែនាំ របស់​រដ្ឋបាលរាជធានីភ្នំពេញក៏​ដូចជារាជរដ្ឋាភិបាល។ នេះបញ្ជាក់ឱ្យឃើញ ពីមហាសាមគ្គីភាព ដែលយើងមិនអាចភ្លេចបាន។

គួរ​បញ្ជាក់​ថា ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖

១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ។

៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម