Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងរដូវភ្លៀងនេះ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ជំរុញ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​ក្នុង​រដូវភ្លៀង​នេះ ខណៈ​ឆ្នាំ ២០២៥​ នេះ​ ជា​ឆ្នាំ​ នៃ​វដ្ដ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ដែល​តែងតែ​កើតឡើង​រៀងរាល់ ៥-៦ ឆ្នាំ ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​ពង្រឹង​ការបង្ការ​ជំងឺគ្រុនឈាម​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ កាលពី​ថ្ងៃទី ​១៣ ​សីហា ​នៅ​ទីស្តីការក្រសួង លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឱ្យ​បន្ត​បង្កើន​ការ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ និង​បណ្តាញ​សង្គម ដល់​ប្រជាពលរដ្ឋ​ពី​វិធីសាស្ត្រ​ការពារ​ខ្លួន សម្រាន្ត​ត្រូវ​ចង​មុង សម្លៀក​បំពាក់​ឱ្យ​ជិត​ចុង​ដៃ ចុងជើង និង​យកចិត្តទុកដាក់​ស្ត្រី​មាន​ផ្ទៃពោះ។ មន្ទីរ​សុខាភិបាល ត្រូវ​សហការ និង​ជំរុញ​ការគាំទ្រ​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន សាលារៀន វត្ត​អារាម កងកម្លាំង​ប្រដាប់​អាវុធ ដើម្បី​ចូលរួម​លុបបំបាត់​ប្រភព​ដង្កូវទឹក និង​មូស​ខ្លា ពិសេស​ក្នុង​រដូវភ្លៀង​នេះ​។ ត្រូវ​បង្កើន​សមត្ថភាព​ នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ ការប្រើ​វិធីសាស្ត្រ​ព្យាបាល ទាំង​សេវា​សាធារណៈ និង​ឯកជន។

លោក​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​សុខាភិបាល ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជំងឺគ្រុនឈាម ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ទារក និង​កុមារ និង​ស្វែងរក​ចំណុច​គន្លឹះ​ក្នុង​ការ​ការពារ ការ​ព្យាបាល​ជំងឺគ្រុនឈាម និង​ការ​ឆ្លើយតប​បាន​ទាន់​ពេលវេលា​ទាំង​កម្រិត​មន្ទីរពេទ្យ ទាំង​ក្នុង​សហគមន៍​។ បង្កើន​ការ​តាមដាន និង​ឆ្លើយតប​ឱ្យបាន​រហ័ស​ទាន់ពេលវេលា​ ត្រូវ​បង្កើន​ការ​រាយការណ៍​ករណី​សង្ស័យ​ពី​គ្រប់​មូលដ្ឋាន​សុខាភិបាល ដើម្បីឱ្យ​ក្រុមការងារ​ឆ្លើយតប​រហ័ស​ពិនិត្យ​ការងារ និង​ចុះ​អន្តរាគមន៍ ដូចជា​ចុះ​អប់រំ​សុខភាព ការ​ចុះ​កម្ចាត់​ជម្រក​មូស ដាក់​ថ្នាំ​អា​ប៊ែ​ត​នៅ​ពាង​ទឹក និង​វត្ថុ ដែល​ដក់​ទឹក និង​បង្កើន​ការបាញ់​ថ្នាំ​សម្លាប់​មូស​នៅ​កន្លែង​ឆ្លង​ខ្លាំង ដោយមាន​ចលនា​ការ​ចូលរួម​ពី​សហគមន៍។

គួរ​បញ្ជាក់​ថា ឆមាស​ទី ១ ឆ្នាំ ២០២៥ កម្ពុជា មាន​ករណី​ជំងឺគ្រុនឈាម​ប្រមាណ​ជា ៧ ០០០ ករណី ស្លាប់ ១៥ នាក់ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៤ ​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា តែ​ឆ្នាំ ២០២៥ មាន​ករណី​ស្លាប់​ ២៣ នាក់ ​ខណៈ​ឆ្នាំ ២០២៥ នេះ ជា​ឆ្នាំ នៃ​វដ្ដ​ជំងឺគ្រុនឈាម​រៀងរាល់ ៥-៦ ឆ្នាំ ម្តង ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​អនុវត្ត​រាល់​វិធានការ​បង្ការ​ការពារ​ជំងឺគ្រុនឈាម​ឱ្យ​បាន​សកម្ម​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម