Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងបាក់ឌុបនៅរសៀលថ្ងៃនេះ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៨ សីហា ២០២៥ ដើម្បីផ្តល់ព័ត៌មានពិស្តារ​ អំពីដំណើរការប្រឡង នៅរសៀលថ្ងៃទី២២ ខែសីហានេះ នៅអគារទីស្តីការ។ បើតាមក្រសួងអប់រំ សន្និសទីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនដល់ថ្ងៃប្រឡង ក្រសួងអប់រំបានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បេក្ខជនបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ នោះនឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ជាមួយគ្នានេះដែរ ក្រសួងបានណែនាំដល់បេក្ខជនចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង ២៥ រាជធានី-ខេត្ត។

លោក ហួ ឈុនគ្រី អគ្គាធិការនៃក្រសួងអប់រំ យុវជននិង កីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៤៦ ៧២០ នាក់ស្រី ៨១ ៤៤២ នាក់ចែកជា២៤១មណ្ឌល ស្មើនឹង ៥ ៩២៤ បន្ទប់។ ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១០៦ ០៤២នាក់ចែកជា១៦៩មណ្ឌល ស្មើនឹង ៤ ២៦៩ បន្ទប់និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួន ៤០ ៦៧៨ នាក់ចែកជា៧២មណ្ឌល ស្មើនឹង ១ ៦៥៥បន្ទប់។ ចំណែកឯ​គណៈកម្មការចូលរួមក្នុងដំណើរការប្រឡងមានចំនួន ១៩ ៨០០នាក់។

ចំពោះបេក្ខជនខេត្តព្រះវិហារ និងឧត្ដរមានជ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ មានចំនួន ៣ ៦៨៥នាក់។ បេក្ខជន ខេត្តឧត្ដរមានជ័យ នឹងត្រូវទៅប្រឡងនៅវិទ្យាល័យចំនួន២ ក្នុងស្រុកពួក ខេត្តសៀម​រាបចែកជា៣មណ្ឌល។ រីឯបេក្ខជនខេត្តព្រះវិហារទាំងអស់នឹងត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ។លោកបានបញ្ជាក់ថាការប្រឡងបាក់ឌុបឆ្នាំ២០២៥នេះក្រសួងអប់រំ នៅតែប្រកាន់គោលការណ៍ដ៏ម៉ឹងម៉ាត់ដដែល ដើម្បីធានាគុណភាពសិស្ស នោះគឺគោលការណ៍ «អ្នកចេះគឺជាប់»៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម