Connect with us

ព័ត៌មានជាតិ

បេក្ខជន ២៥០ នាក់ ចូលរួមប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ ឆ្នាំ២០២៥​

បានផុស

នៅ

គណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ បានដំណើរការប្រឡងប្រជែងនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅ «មណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក» ស្ថិតនៅក្នុង សង្កាត់​​ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញជាមួយនិងបេក្ខជនប្រឡងចំនួន ២៥០ នាក់ មានបេក្ខនារី៧៨នាក់ ដោយត្រូវជ្រើស​រើសយកចំនួន៧២នាក់ ក្នុងនោះវេជ្ជបណ្ឌិត២៩នាក់ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រីចំនួន៥នាក់, គិលានុបដ្ឋាកចំនួន៣៨នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងចែកចេញជា២ក្រុម ដោយក្រុមទី១ លោកសន្តិបណ្ឌិត ​ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញក្រុមទី២ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ និងលោក ហុក ហួលីម នាយករដ្ឋបាលសាលារាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ​២០២៥ មានផ្នែកជំនាញសុខាភិបាល ចំនួន៧២នាក់ (ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ៣) សម្រាប់បម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តក្នុងនោះសម្រាប់រាជធានីភ្នំពេញចំនួន៨នាក់។ ចំពោះការប្រលងនេះបេក្ខជនត្រូវបានអនុវត្ត គឺមិនត្រូវលួចចម្លង ឬមានបំណងលួចចម្លង, មិនត្រូវពិភាក្សា ឬចម្លងគ្នា, មិនត្រូវយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង, ហាមយកតាម និងប្រើប្រាស់ទូរស័ព្ទ វិទ្យុទាក់ទងគ្រប់ប្រភេទ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទដែលអាចផ្ទុកឯកសារបាន ចូលក្នុងបន្ទប់ប្រឡង។

ក្នុងករណីមេប្រយោគ ឬអនុរក្សឆែករកឃើញ បេក្ខជននឹងត្រូវបណ្ដេញចេញពីបន្ទប់ប្រឡង។ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរកិច្ចការជំនួសនៅលើសន្លឹកកិច្ចការរបស់ខ្លួន, មិនត្រូវគូសសញ្ញាសំគាល់នៅលើសន្លឹកកិច្ចការ, មិនត្រូវធ្វើសកម្មភាពណាដែលនាំឲ្យចលាចលក្នុងមណ្ឌលប្រឡង, ហាមដាច់ខាតចំពោះការសេពគ្រឿងស្រវឹង និងជក់បារីនៅក្នុងបរិវេណមណ្ឌលប្រឡង។

រាល់ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិខាងលើ បេក្ខជនត្រូវប្រឈមនឹងការបញ្ឈប់មិនឲ្យប្រឡង ហើយសន្លឹកកិច្ចការរបស់បេក្ខជននោះនឹងត្រូវបានពិន្ទុសូន្យ និងទទួលកម្រិតវិន័យផ្សេងៗទៀត ដែលត្រូវបានកំណត់ដោយគណៈកម្មការកណ្ដាលរៀបចំការប្រឡង។

ការប្រឡងនឹងប្រព្រឹត្តទៅរយះពេល២ម៉ោងលើវិញ្ញាសារ ចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ, ជំនាញឯក​ទេសសុខាភិបាលរយះពេល២ម៉ោង។ បេក្ខជនហាមយកសំណៅឯកសារនិងឧបកណ៏អេឡេចត្រូនិកគ្រប់ប្រភេទចូលមណ្ឌលប្រឡង។

ក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រី ពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ផ្នែកជំនាញសុខាភិបាល ចំនួន៧២នាក់ (ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ៣) សម្រាប់បម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដូចខាងក្រោម៖ក្របខ័ណ្ឌជ្រើសរើសផ្នែកជំនាញសុខាភិបាលវេជ្ជបណ្ឌិត២៩នាក់វេជ្ជបណ្ឌិត ឯកទេសរោគស្ត្រីចំនួន៥នាក់គិលានុបដ្ឋាកចំនួន៣៨នាក់ក្របខ័ណ្ឌសរុបចំនួន៧២នាក់។

សម្រាប់ទៅបម្រើការនៅតាមមណ្ឌលអប់រំកែប្រែទី១,២-មណ្ឌលអប់រំកែប្រែទី២, មណ្ឌលអប់រំកែប្រែទី៣,មណ្ឌលអប់រំកែប្រែទី៤, ៥-ពន្ធនាគាររាជធានីភ្នំពេញ, ៦ -ពន្ធនាគារខេត្តកណ្តាល, ៧-ពន្ធនាគារខេត្តតាកែវ,៨ ពន្ធនាគារខេត្តកំពត, ៩- ពន្ធនាគារខេត្តកំពង់ស្ពឺ, ពន្ធនាគារខេត្តព្រះសីហនុ,ពន្ធនាគារខេត្តស្វាយរៀង, ពន្ធនាគារខេត្តកំពង់ចាម, ពន្ធនាគារខេត្តត្បូងឃ្មុំ, ពន្ធនាគារខេត្តកំពង់ធំ, ពន្ធនាគារខេត្តកំពង់ឆ្នាំង, ពន្ធនាគារខេត្តពោធិ៍សាត់, ពន្ធនាគារខេត្តបាត់ដំបង, ពន្ធនាគារខេត្តបន្ទាយមានជ័យ, ពន្ធនាគារខេត្តសៀមរាប, ពន្ធនាគារខេត្តកោះកុង, ពន្ធនាគារខេត្តព្រះវិហារ, ពន្ធនាគារខេត្តរតនគិរី, ពន្ធនាគារខេត្តមណ្ឌល​គិរី, ពន្ធនាគារខេត្តក្រចេះ,ពន្ធនាគារខេត្តស្ទឹងត្រែង,ពន្ធនាគារខេត្តប៉ៃលិន, ពន្ធនាគារខេត្តឧត្តរមានជ័យ, ពន្ធនាគារខេត្តកែប។

គួរបញ្ជាក់ថា លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទដែលមានសិទ្ធិសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើសផ្នែកជំនាញសុខាភិបាល(វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងគិលានុបដ្ឋាក) ត្រូវបំពេញ ដូចខាងក្រោម៖១- មានសញ្ជាតិខ្មែរ ២-មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស ៣-បេក្ខជនទាំងពីរភេទត្រូវមានសញ្ញាបត្រតាមមុខជំនាញសុខាភិបាលនីមួយៗ ដូចខាងក្រោម៖ វេជ្ជបណ្ឌិត៖ សញ្ញាបត្រវេជ្ជបណ្ឌិត ឬសញ្ញាបត្របរិញ្ញា​បត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រវេជ្ជបណ្ឌិតឯកទេសរោគស្ត្រី៖ សញ្ញាបត្រវេជ្ជបណ្ឌិត ឬ សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងវិញ្ញាបនបត្រផ្នែកជំនាញរោគស្ត្រី សញ្ញាបត្រគិលានុបដ្ឋាកបរិញ្ញាបត្រគិលានុបដ្ឋាក៖ ៤-ចំពោះបេក្ខជនផ្នែកជំនាញសុខាភិបាល ដែលមានសញ្ញាបត្រវេជ្ជបណ្ឌិត និងបរិញ្ញបត្រគិលានុបដ្ឋាក ត្រូវបានលើកលែងលក្ខខណ្ឌអាយុសម្រាប់ការចូលរួមប្រឡងជ្រើសរើសខាងលើ ៥-មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតេស្តរកសារធាតុញៀន)៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម