Connect with us

ព័ត៌មានជាតិ

បេក្ខជនមើលឈ្មោះប្រឡង​នៅ​មណ្ឌលក្រុងក្រចេះ​ ឆ្លៀតបួងសួង​សុំ​ពរជ័យប្រឡងបាក់ឌុបថ្ងៃស្អែក

បានផុស

នៅ

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅតាមមណ្ឌលប្រឡងនីមួយៗក្នុងក្រុងក្រចេះ ឃើញថាមានបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) យ៉ាងច្រើនកុះករ មកពិនិត្យមើលបញ្ជីឈ្មោះ លេខតុ និងលេខបន្ទប់ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងនៅថ្ងៃស្អែក។

ក្នុងសកម្មភាពពិនិត្យបញ្ជីឈ្មោះនោះដែរ បេក្ខជន បានអះអាងថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច និងជឿជាក់លើសមត្ថភាពរបស់ខ្លួន ចាប់តាំងពីឡើងថ្នាក់ទី១២ ដោយបានរៀបចំកាលវិភាគសិក្សាប្រចាំថ្ងៃច្បាស់លាស់ វិន័យក្នុងការសិក្សា ការសិក្សាបំពេញបន្ថែម នឹងការផ្ដោតលើមុខវិជ្ជាសំខាន់ ដើម្បីបំពេញវិញ្ញាសារប្រឡងនៅថ្ងៃស្អែកបានត្រឹមត្រូវ  និងទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជន បាននាំគ្នាអុជធុរ បួងសួងនៅមុខព្រះបាទជ័យវរ្ម័នទី ៧ និងសម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីឲ្យចិត្តស្ងប់ នឹងមានស្មារតី និងកុំឱ្យមានការភ្លេចភ្លាំង។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានបញ្ជាក់ថា បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ សរុបមានចំនួន ២៦៦៣នាក់ ស្រី ១៤៦៨នាក់ មានបេក្ខជនស្វ័យរិន ២៩១នាក់ ស្រី ១៤៦នាក់ ធៀបនឹងឆ្នាំ២០២៤ បេក្ខជនស្វ័យរិនមានចំនួន ៣៥៨នាក់ ស្រី ១៦៨នាក់ ថយចុះ ៦៧នាក់ ស្រី ២២នាក់។

មានមណ្ឌលប្រឡង ចំនួន ៥មណ្ឌល ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រ មាន ២មណ្ឌល និងមណ្ឌលវិទ្យាសាស្ត្រសង្គម មាន ៣មណ្ឌល ស្មើនឹង ១០៨បន្ទប់ កើនឡើង ១១បន្ទប់ ស្ថិតនៅក្នុងក្រុងក្រចេះ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម