Connect with us

ព័ត៌មានជាតិ

៣ថ្ងៃ​ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ បង្ក្រាបបទល្មើសធនធានធម្មជាតិ ៥ទីតាំង ខេត្តមណ្ឌលគិរី

បានផុស

នៅ

ខេត្តមណ្ឌលគិរី៖ រយៈពេល៣ថ្ងៃកន្លងមកនេះ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៥ទីតាំង និងរឹបអូសបានសម្ភារៈមួយចំនួន។ ការវាយឆ្លក់បង្ក្រាបនេះ ដោយហេតុថា មួយរយៈចុងក្រោយក្រុមឈ្មួញនិងអ្នករកស៊ីបទល្មើសធនធានធម្មជាតិនៅតែបន្តគ្រប់មធ្យោបាយដើម្បីបំភាន់ភ្នែកសមត្ថកិច្ចអំពីទង្វើររបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិន ប៊ុនថាច ប្រធានការិយាល័យស្ដីទីដែនជម្រកសត្វព្រៃភ្នំព្រេច.លំផាត់ ប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី២៩ខែ សីហាឆ្នាំ២០២៥នេះថា ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ថ្ងៃទី២៤ដល់២៦ខែសីហាឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច.លំផាត់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន២កន្លែងស្មើ៥ទីតាំង។

ក្នុងនោះរួមមាន កន្លែងទី១បង្រ្កាបបទល្មើសបូមដីរ៉ែមាសដោយខុសច្បាប់ តាមបណ្ដោយដៃអូរអន្រ្ទង ស្ថិតនៅក្រុមអន្រ្ទង ភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ដោយរកឃើញមានស្នាមបូមដីមានចំនួន០៤ទីតាំង និងបានដកហូតឧបករណ៍សម្ភារៈសង្វាក់ផលិតកម្មមាសមួយចំនួន ហើយបានរុះរើ និងបំផ្លាញទរត្រងមាសចោលផងដែរ។ ក្នុងប្រតិបត្តិការនេះ បានបង្រ្កាបបទល្មើសទីតាំងធ្វើសប្បកម្មកែឆ្នៃឈើគ្មានច្បាប់ ដែលមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

កន្លែងទី២ ស្ថិនៅចំណុចមាត់អូរតេ ស្ថិតនៅក្នុងភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា បានពិនិត្យឃើញទីតាំងកែច្នៃឈើពុំមានលិខិតអនុញ្ញាត និងមានឧបករណ៍សម្ភារៈសម្រាប់កែច្នៃឈី និងឈើមួយចំនួន ដោយពុំជួបជនសង្ស័យនៅកន្លែងកើតហេតុ ក្រុមការងារក៏សម្រេចដកហូតវត្ថុតាងរួមមាន តាបឈូសឈើចំនួន០២គ្រឿង តាបវៀលឈើ១ ម៉ូទ័រ​ចនួន៥ គ្រឿង និង រណាយន្ដម៉ាកស្ទីលចំនួន០១គ្រឿង។ ដកហូតឈើអាប្រភេទលេខ១ និងឈើចំនួន ៤៥ សន្លឹក(មិនទាន់វាស់វែង) ផងដែរ។ យ៉ាងណាមិញ ប្រតិបត្ត្កិការបង្ក្រាបនេះរកឃើញភស្តុតាងបទល្មើស ប៉ុន្តែពុំទាន់ឈានដល់ការឃាត់ខ្លួនជនសង្ស័យនោះទេ។


ក្រោយពីប្រតិបត្តិការបង្រ្កាបរួចមក កម្លាំងក្រុមការងារជំនាញបានដឹកជញ្ជូន វត្ថុតាងខាងលើយកទៅរក្សាទុកនៅស្នាក់ការរងបរិស្ថានភ្នំបាយឆៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បា។ទន្ទឹមនឹងនេះ លោក ឌិន ប៊ុនថាច ក៏បានអំពាវនាវ និងក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រព្រឹត្តបទល្មើសផ្សេងៗ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរី ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទន្រ្ទានព្រៃឈើ ការដឹកជញ្ជូន និងការបូមរ៉ែខុសច្បាប់។

មន្រ្តីជំនាញបរិស្ថាន ក៏ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសដោយអនុវត្តទៅតាមក្រមបរិស្ថានមិនមានការលើកលែងនោះឡើយ។ លោកសង្កត់ធ្ងន់ថា៖« ការទប់ស្កាត់ទាំងអស់នេះ ដើម្បីរក្សាធានានូវសម្បត្តិធនធានធម្មជាតិ បើបាត់បង់ព្រៃ មានន័យថា បាត់បង់ទាំងសម្បត្តិធនធានធម្មជាតិ ជម្រកសត្វព្រៃគ្រប់ប្រភេទ ទេសចរក៏មានការថយចុះ»។ ក្នុងន័យនេះ លោកលើកទឹកចិត្តដល់ពលរដ្ឋរួមគ្នាការពារសម្បត្តិធម្មជាតិ ព្រៃឈើដើម្បីការពារបរិស្ថាន និងជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម