Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ៣៨នាក់ ត្រូវទាហានឈុតខ្មៅថៃចាប់ខ្លួន ពីបទលួចឆ្លងដែនខុសច្បាប់

បានផុស

នៅ

ពលករខ្មែរចំនួន ៣៨ នាក់ ដែលក្នុងនោះមនុស្សប្រុស ២០ នាក់និងស្រី ១៨ នាក់ ត្រូវបានទាហានឈុតខ្មៅថៃ ធ្វើការឃាត់ខ្លួន ខណៈដែលពលករខ្មែរទាំងនេះកំពុងលបឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះ គឺបានធ្វើឡើងនៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ដោយកម្លាំងយោធាការពារព្រំដែនលេខ ១២ ក្នុងភូមិសាស្ត្រ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នៅពេលដែលក្រុមពលករខ្មែរទាំងនោះបានឆ្លងអូរព្រំដែនផុតចូលទៅលើទឹកដីថៃទៅហើយ ហើយកំពុងលាក់ខ្លួននៅក្នុងចំការអំពៅរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅចម្ងាយប្រមាណ ២ គីឡូម៉ែត្រ ពីអូរព្រំដែន។

ក្រោយពេលដែលយោធាថៃត្រួតពិនិត្យ គឺពលករខ្មែរមានចំនួន ៣៨ នាក់ ក្នុងនោះមនុស្សប្រុស ២០ នាក់ និងមនុស្សស្រី ១៧ នាក់ និងក្មេងស្រី ម្នាក់ ដោយពួកគេបានសារភាពថា ក្រោយពីពួកគេត្រឡប់ទៅប្រទេសកម្ពុជាបានមួយរយៈរួចមក ពួកគេក៏បាននាំគ្នាវិលមកកាន់ប្រទេសថៃវិញដើម្បីរកការងារធ្វើបន្តទៀត បើទោះបីជាស្រុកទេសកំពុងមានបញ្ហាក៏ដោយ។

ក្រោយពីបានឃាត់ខ្លួន ទាហានថៃបានបញ្ជូនពលករខ្មែរទាំង ៣៨ នាក់ ទៅកាន់ស្នាក់ការកងរយលេខ ១២០៤ ដើម្បីសាកសួរបន្ត មុននឹងបញ្ជូនទៅឱ្យស្ថានីយតម្រួតស្រុកអារញ្ញប្រាថេត អនុវត្តតាមនីតិវិធី៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម