ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ អំពាវនាវយុវជន និងគ្រូបង្រៀនកម្ពុជា ចាប់យកបំណិនបញ្ញាសិប្បនិម្មិត ក្នុងសម័យឌីជីថល
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យយុវជន និងគ្រូបង្រៀនកម្ពុជា ចាប់យកបំណិនបញ្ញាសិប្បនិម្មិត ដើម្បីលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល។

ថ្លែងក្នុងពិធីអបអរសាទរទិវាអក្ខរកម្មអន្តរជាតិ ខួបលើកទី ២៥ ក្រោមប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” កាលពីថ្ងៃទី ១០ កញ្ញា នៅខេត្តក្រចេះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអំពាវនាវនេះដោយសារតែនិយមន័យអក្ខរកម្មក្នុងយុគសម័យនេះ បានផ្លាស់ប្តូរពីអក្ខរកម្ម ការអាន និងសរសេរ ទៅជាអក្ខរកម្ម ការប្រើប្រាស់ឌីជីថល និងសូមអំពាវនាវដល់ស្ថាប័នជាតិ-អន្តរជាតិ សហគមន៍ និងពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ និងសូមចូលរួមគាំទ្រឱ្យបានសស្រាក់សស្រាំជាបន្តទៀតដល់ការងារអក្ខរកម្មវិជ្ជាជីវៈ ក៏ដូចជាការងារអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្ន បញ្ហាអនក្ខរភាព ស្ថិតនៅជាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ហេតុនេះហើយបានជានៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ ក្រសួងអប់រំ យុវជន និងកីឡា នៅតែចាត់ទុកការងារ អក្ខរកម្មជាសមាសភាគមួយមិនអាចខ្វះបានក្នុងវិស័យអប់រំ រួមទាំងការលើកកម្ពស់ការងារអប់រំក្រៅប្រព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ការលើកកម្ពស់អក្ខរកម្មនៅសាលារៀន គឺការផ្តល់ឱកាសកាន់តែច្រើនដើម្បីឱ្យកុមារកម្ពុជាទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សា ការលើកកម្ពស់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង នៅកម្រិតបឋមសិក្សា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីឱ្យកុមារកម្ពុជាទទួលបានចំណេះដឹងទូលំទូលាយ និងបំណិន ចរិយាធម៌ ឥរិយាបថ ក្លាយជាពលរដ្ឋល្អ។ សម្រាប់អក្ខរកម្មឌីជីថល គឺជាការលើកកម្ពស់ការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឱ្យកុមារកម្ពុជាត្រៀមខ្លួនឱ្យបានរួចស្រេចដើម្បីចាប់យកការអប់រំ ជំនាញកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា។

លើសពីនេះ ក្រសួងអប់រំ បានដាក់ចេញរបៀបវារៈធ្វើកំណែទម្រង់វិស័យអប់រំ ដោយលើកកម្ពស់ការបង្កើតសាលារៀនជំនាន់ថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការរៀន និងបង្រៀន ក៏ដូចជាការរៀបចំឱ្យមានសាលារៀនគំរូ ដើម្បីរៀបចំគ្រឹះស្ថានសិក្សាកម្ពុជាគ្រប់កម្រិត លើកកម្ពស់ការសិក្សារៀនសូត្រ ផ្តោតលើការពង្រឹងអភិបាលកិច្ចសាលារៀន ការកែលម្អកម្មវិធីសិក្សា ការរៀន និងបង្រៀន ការប្រើប្រាស់បច្ចេកវិទ្យា ដោយមានការចូលរួមគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាល និងសហគមន៍ ដើម្បីកែលម្អលទ្ធផលសិក្សារបស់សិស្ស និងផ្តល់ឱកាសកាន់តែច្រើនដល់អ្នកសិក្សា ដែលជាជនបាត់បង់ឱកាស ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ យុវជនធ្វើពលកម្មនៅក្រៅសាលា កម្មករ កម្មការិនី រោងចក្រ យុវជនជនជាតិដើមភាគតិច មានលទ្ធភាពទទួលបាននូវចំណេះដឹង និងបំណិននានា។
កញ្ញា Esther McFarlane ប្រធានផ្នែកអប់រំ UNESCO ប្រចាំកម្ពុជា បានឱ្យដឹងថា ”ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” គឺជាប្រធានមួយផ្តល់ឱកាសឆ្លុះបញ្ចាំងអំពីអ្វីជាអក្ខរកម្ម និងវិធីសាស្ត្រដែលអក្ខរកម្មក្នុងសម័យឌីជីថលនេះត្រូវបានបង្រៀន និងរៀន ខណៈប្រទេសកម្ពុជាខិតខំប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ការអភិវឌ្ឍធនធានមនុស្សនៅតែជាបេះដូង នៃវឌ្ឍនភាពជាតិ។

កញ្ញា បានបន្តថា ក្នុងអំឡុងមួយទសវត្សកន្លងមកនេះ ក្រសួងអប់រំ រួមជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើនអត្រាអក្ខរកម្មជាតិ តួយ៉ាងយុទ្ធនាការប្រមូលសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំធានាថាកុមារទាំងអស់ត្រូវបានបញ្ជូនទៅសាលារៀន ហើយក្រសួងអប់រំក៏បានដាក់ឱ្យប្រើប្រាស់នូវវិធីសាស្ត្របង្រៀនថ្មីសម្រាប់អំណានថ្នាក់ដំបូង ដើម្បីកែលម្អប្រសិទ្ធភាពអក្ខរកម្ម និងគុណភាព នៃការរៀន។ អង្គការយូណេស្កូ ទទួលស្គាល់ពីវឌ្ឍនភាពជាវិជ្ជមាន ដែលសម្រេចបានក្នុងប្រទេសកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗ នេះ ដើម្បីពង្រឹងកម្រិតអក្ខរកម្ម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


