Connect with us

ព័ត៌មានជាតិ

សមាជិកក្រុមប្រឹក្សារាជធានី ស្នើគណៈបញ្ជាការឯកភាពបង្ការចោរគាស់ផ្ទះ អគ្គិភ័យ និងលំហូរចរាចរក្នុងថ្ងៃភ្ជុំបិណ្ឌ

បានផុស

នៅ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សូមឱ្យអាជ្ញាធររាជធានី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបន្តយកចិត្តទុកដាក់ បង្ការទប់ស្កាត់ ចោរលួចគាស់ផ្ទះ គ្រោះអគ្គីភ័យ ការដោះស្រាយលំហូរ ចរាចរ ខណៈពលរដ្ឋត្រូវចាកចេញពីភ្នំពេញទៅលេងតាមបណ្តាខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៥នេះ  ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឆាយ វីរៈអភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ការងារលើវិស័យអប់រំ ធ្វើបានល្អប្រសើរ សិស្សានុសិស្សប្រឡង ឌីប្លូប ជាប់បានច្រើន ហើយចំពោះ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងការប្រឡង បាក់ឌុបឆ្នាំនេះវិញឃើញថា មានលក្ខណៈល្អប្រសើរផងដែរ។

ដោយឡែកចំពោះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទៅ មានភាពល្អប្រសើរ ពោលគឺ បទល្មើសកើតឡើង កម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន១០០% ។ចំពោះបញ្ហាគ្រឿងញៀននិង ក្មេងទំនើងអាជ្ញាធរនិងកងកម្លាំងបានចាត់វិធានការ បង្ការនិងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដដែលនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសូមឱ្យអាជ្ញាធររាជធានី និងកងកម្លាំងចំណុះឱ្យ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ជុំវិញសកម្មភាព ចោរលួចគាស់ផ្ទះ ខណៈពលរដ្ឋទុកផ្ទះចោល ហើយត្រូវចាកចេញទៅលេង ស្រុកកំណើត។

សូមបន្តការដោះស្រាយបញ្ហាលំហូរចរាចរ ដោយពលរដ្ឋត្រូវសម្រុកចាកចេញពីភ្នំពេញ ទៅតាមខេត្ត។ សូមប្រុងប្រយ័ត្ន លើការបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យ  ជាមួយនិងការបង្កើនយកចិត្តទុកដាក់ ចំពោះ អនាម័យ បរិស្ថាន ពិសេសការប្រមូលនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។

លោក ម៉ប់ សារិន ក្នុងកិច្ចប្រជុំនេះបានបញ្ជាក់ថា រយៈពេល១ខែកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ មន្ទីរនិងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញអនុវត្តកាងារបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងកិច្ចការងារបំរើសេវាកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី លោកប្រធានក្រុមប្រឹក្សានូវបានជម្រុញឱ្យអាជ្ញាធររាជធានី បន្តអនុវត្តការងារឱ្យកាន់តែល្អប្រសើរ ថែមទៀត។

លោកឆាយ វីរៈ ក្នុងឱកាសនោះ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានកោតសរសើរចំពោះការអនុវត្តការងាររបស់ អាជ្ញាធររាជធានីភ្នំពេញដែលបានអនុវត្តនាពេលកន្លងមក។ ការកោតសរសើរនេះ វាជាការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើនមួយកម្រិតបន្ថែមទៀត។

ចំពោះការស្នើសុំឱ្យរដ្ឋបាលរាជធានី បង្ការទប់ស្កាត់ចោរលួចគាស់ផ្ទះ គ្រោះអគ្គីភ័យ ការដោះស្រាយលំហូរ ចរាចរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ លោកឆាយ វីរៈ បានបញ្ជាក់ថា ឱ្យតែមានពិធីបុណ្យជាតិធំៗ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែបានណែនាំឱ្យកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមវត្តអារាមនិងនៅកន្លែងសប្បាយភាពនានានៅក្នុងរាជធានីភ្នំពេញជាមួយនិងការណែនាំឱ្យទប់ស្កាត់ ចោរលួចគាស់ផ្ទះប្រជាពលរដ្ឋ ខណៈពលរដ្ឋមិននៅ។ សូមជឿទុកចិត្តលើអាជ្ញាធររាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម