Connect with us

ព័ត៌មានជាតិ

សហគមន៍ជនជាតិដើមភាគតិច រៀបចំពិធីបណ្តេញគ្រោះបន្ទាប់ពីមនុស្សស្លាប់ជាបន្តបន្ទាប់

បានផុស

នៅ

ខេត្តរតនគិរី៖ សហគមន៍ជនជាតិដើមភាគតិចរស់នៅ ភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ បានរៀបចំពិធីសែនព្រេនបណ្តេញគ្រោះចង្រៃ បន្ទាប់ពីមានមនុស្សស្លាប់ជាបន្តបន្ទាប់។ ករណីស្លាប់ទាំងនោះដូចជាលង់ទឹក រន្ទះបាញ់ និងករណីផ្សេងៗ ដែលអ្នកភូមិអះអាងល្មើសតំណមពីដូនតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ ធឿន ជនជាតិដើមភាគតិច គ្រឹង ភូមិទៀមលើ  បានលើកឡើងថា សហគមន៍ជនជាតិតែងតែប្រារព្វពិធីសែនភូមិជាទៀងទាត់ក្នុងរយៈពេល ៧ ឆ្នាំម្តង ដើម្បីបណ្តេញគ្រោះ។ លើសពីពិធីដែលធ្វើឡើងតាមការកំណត់ អ្នកភូមិក៏រៀបចំពិធីសែនតាមបែបប្រពៃណីសុំសេចក្តីសុខ នៅរាល់ពេលដែលមានរឿងហេតុកើតឡើងក្នុងភូមិមិនល្អ។

ចំណែកលោក ផាន់ ថងលៀន ជាជនជាតិដើមភាគតិច ទំពួន ដែលអតីតចាស់ទុំភូមិទៀមលើ បានឱ្យដឹងថា ការរៀបចំពិធីលៀងគ្រោះថ្នាក់នេះ មានតាំងពីបុរាណមកហើយ ចាំបាច់ត្រូវតែធ្វើខានមិនបានឡើយ បើពុំនោះទេព្រលឹងដូនតា និងម្ចាស់ទឹកដីខឹង លែងថែរក្សាឃុំគ្រងថែរក្សា បើកដៃឱ្យខ្មោចព្រាយបីសាច ធ្វើឱ្យមនុស្សរស់នៅភូមិ មិនសូវបានសុខសប្បាយ កើតរឿងហេតុផ្សេងៗ។ លោកបន្តថា តាំងពីបុរាណមក នៅក្នុងភូមិនីមួយៗរបស់ជនជាតិដើមភាគតិច រួមមានទំពួន គ្រឹង ចារ៉ាយ កាវ៉ែត ព្រៅ ភាគច្រើនតែងតែប្រារព្វ និងមានតំណមមួយចំនួន។ តំណមនោះ មិនអនុញ្ញាតឱ្យមនុស្សស្លាប់តៃហោង ដូចជាលង់ទឹក រន្ទះបាញ់ និងមនុស្សគ្រោះថ្នាក់ស្លាប់ភ្លាមៗ យកទៅធ្វើបុណ្យក្នុងភូមិ ឬឆ្លងកាត់ភូមិឡើយ។ ក្នុងករណីឆ្លងកាត់ ឬធ្វើបុណ្យក្នុងភូមិ គឺតម្រូវឱ្យគ្រួសារសពបង់ជាប្រាក់ ឬកាប់គោ ក្របី ដើម្បីសែនព្រេនទៅឱ្យម្ចាស់ទឹកដីសុំទោស និងលៀងគ្រោះ។

លោកបន្តទៀតថា កាលពីមុនលោកធ្លាប់គ្រប់គ្រង ដឹងនាំក្នុងភូមិ ពុំដែលមានរឿងរ៉ាវអាក្រក់ៗកើតមានឡើង ប៉ុន្តែចាប់ពីប្តូរទីលំនៅទៅរស់នៅកន្លែងផ្សេង ភូមិនេះកើតមានរឿងចម្លែកៗជាហូរហែ។ លោកបន្តថា ដោយសារភូមិនេះត្រូវប្តូរចាស់ទុំ មេភូមិ អនុភូមិនិងជំនួយការភូមិ និងក្មេងៗជំនាន់ក្រោយ មានប្តីប្រពន្ធ មកពីភូមិជិតឆ្ងាយ ចម្រុះជាតិសាសន៍ និងបានល្មើសតំណម ដូច ជាយកល្ពៅមកដាំនៅចម្ការ  ហូបត្រីរមាស មានផ្ទៃពោះមុនរៀបការ និងធ្វើបុណ្យសពខ្មោចតៃហោងក្នុងភូមិជាដើម ទើបមានរឿងចម្លែកកើតឡើងជាបន្តបន្ទាប់។

លោកគូសបញ្ជាក់ទៀតថា៖« ក្មេងៗឥឡូវលែងសូវស្តាប់សម្តីចាស់ទុំប្រៀនប្រដៅ ឬណែនាំហាមប្រាមទាក់ទងនឹងជំនឿទៀតហើយ ដែលជាហេតុមិនគោរព ទៅដល់ព្រលឹងដូនតា ម្ចាស់ទឹកដីអ្នកថែរក្សាភូមិ ដែលធ្លាប់រក្សាការពារអ្នកភូមិ ទើបបណ្តាលឱ្យមនុស្សស្លាប់តៃហោង ជាបន្តបន្ទាប់»។ បើតាមលោក ផាន់ ថងលៀន ជាចាស់ទុំមួយរូបដែលប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវទំនៀមទម្លាប់ដូនតា នៅឆ្នាំ២០២៥ មនុស្សស្លាប់លង់ទឹក ចំនួន ២ នាក់ ចងកសម្លាប់ខ្លួន ១ រន្ទះបាញ់១នាក់ និងថ្មីៗនេះកើតរឿងគ្រោះថ្នាក់ បុរសម្នាក់ជួសជុលឡានសង្កត់ពីលើស្លាប់ ១ នាក់។

គួរជម្រាបថា ជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិច នៅតាមបណ្តាភូមិនីមួយៗ  តែងតែប្រារព្ធពិធីសែនព្រេននៅក្នុងសាលារោង និងពិធីលៀងគ្រោះថ្នាក់នៅក្នុងភូមិ ដើម្បីសុំសេចក្តីសុខដល់អ្នកភូមិ។ អបិយជំនឿទាំងនេះមានតាំងពីយូរមកហើយ ដែលចាស់ទុំនៅប្រកាន់យក ហើយគេឃើញតាមរយៈពិធីបុណ្យសព ពិធីសែនភូមិ និងពិធីសែននានា៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម