Connect with us

ព័ត៌មានជាតិ

អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួន៣គ្រឿងដល់កម្ពុជា

បានផុស

នៅ

សហរដ្ឋអាមេរិក បានផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថល មានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួន៣គ្រឿងដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ដើម្បីបង្កើនការរុករកជំងឺរបេងបានឆាប់រហ័ស និងថែទាំព្យាបាលបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់ និងទទួលជំនួយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងលោក ចិនហ្សាមិន ឆាង ភារៈធារីស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។

លោក ចិនហ្សាមិន ឆាង បានមានប្រសាសន៍ថា ម៉ាស៊ីនថតសួតឌីជីថលទាំងនេះ មានភ្ជាប់ឧបករណ៍ស្រាវជ្រាវ បញ្ញាសិប្បនិម្មិតដែលជាជំនួយបន្ថែមលើម៉ាស៊ីនថតសួត ឌីជីថល ចំនួនប្រាំគ្រឿងដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបាន ផ្តល់ជូនកម្មវិធីជាតិ កម្ចាត់ជំងឺរបេងនៅឆ្នាំ២០២២ដើម្បីដោះស្រាយបញ្ហាដ៏លំបាកមួយក្នុងវិស័យសុខភាពសកល គឺជំងឺរបេង។ លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០១៤មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង៣៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាល កម្ពុជាដើម្បីបញ្ចប់ជំងឺរបេងដែលជាហានិភ័យសុខភាពសាធារណៈនៅឆ្នាំ២០២៣០។

លោកបានបន្តទៀតថា «ក្នុងនាមជាជនជាតិអាមេរិកដែលរស់នៅកម្ពុជា ខ្ញុំមានមោទនភាពដែលជំនួយរបស់សហរដ្ឋអាមេរិកបានចូលរួមយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាអាំងស៊ីដង់ជំងឺរបេងនៅកម្ពុជា ចុះប្រមាណ៥០ភាគរយក្នុងរយៈពេល២០ឆ្នាំចុងក្រោយ»។

លោកបានបន្ថែមថា ទោះជាយ៉ាងណា ជំងឺរបេងនៅតែជាមូលហេតុដ៏សំខាន់នៃជំងឺ និងការស្លាប់នៅទូទាំងពិភពលោក ដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនដែលមានភាពងាយរងគ្រោះ។ នៅកម្ពុជាមានករណីជំងឺរបេងជាង មួយភាគបីដែលមិនត្រូវបានរកឃើញ ឬដាក់ឱ្យព្យាបាល។ ដូចនេះការរកឃើញឆាប់រហ័ស និងការព្យាបាលទាន់ពេលវេលា គឺមានសារៈ​សំខាន់ក្នុងការកាត់ចង្វាក់នៃការឆ្លងជំងឺរបេង និងសង្គ្រោះជីវិតអ្នកជំងឺ។

លោកបានបញ្ជាក់ថា ម៉ាស៊ីនថតសួត ឌីជីថល ដែលមានឧបករណ៍ស្រាវជ្រាវ បញ្ញាសិប្បនិម្មិត នឹងបង្កើនភាពត្រឹមត្រូវ និង ប្រសិទ្ធភាពក្នុងការរកឃើញជំងឺរបេង។ វានឹងអាចឱ្យអ្នកផ្តល់សេវាសុខាភិបាលរកឃើញករណីរបេងបានឆាប់រហ័សនៅតំបន់ដាច់ស្រយាល និងធានាថា អ្នកជំងឺទទួលបានការថែទាំដែលពួកគេត្រូវការដោយមិនពន្យាពេលហើយបច្ចេកវិទ្យានេះក៏កាត់បន្ថយបន្ទុកកាងាររបស់បុគ្គលិកសុខាភិបាល ដើម្បីឱ្យពួកគេធ្វើអាចផ្តោតលើការផ្តល់សេវាសុខាភិបាលដែលមានគុណភាពខ្ពស់។

លោកបានបញ្ជាក់ថា «តាមរយៈការវិនិយោគលើបច្ចេកវិទ្យាដ៏ទំនើប និងដំណោះស្រាយសុខភាពសកល យើងមិនត្រឹមតែការពារជីវិត ជាតិសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏បានការពារសុខភាព និងសន្តិសុខរបស់ប្រជាជនអាមេរិកនៅក្នុងប្រទេសផងដែរ។ ជំងឺរបេងមិនមានព្រំដែន ហើយការខិតខំប្រយុទ្ធនឹងជំងឺនេះ គឺជាការក្សារភាពរឹងមាំរួមគ្នារបស់យើង ប្រឆាំងនឹងហានិភ័យសុខភាពសកល។ សមិទ្ធផលទាំងនេះ មិនអាចសម្រេចឡើងបាន ប្រសិនបើគ្មានការសហការ និងការប្តេជ្ញាចិត្តរបស់ដៃគូ រួមមានកម្មវិធីជាតិកម្ចាត់ជំងឺរបេង ក្រសួងសុខាភិបាល និងដៃគូអនុវត្តរួមមាន Stop TB Partnership និង KHANA»។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអាមេរិក ដែលជានិច្ចកាលតែងតែជួយដល់ប្រទេសកម្ពុជាពិសេសវិស័យសុខាភិបាល។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា «ជំងឺរបេងមិនមែនគិតតែនៅកម្ពុជាទេ គឺគិតទាំងតំបន់ និងសកលលោកបើកម្ពុជាអស់របេងតែតំបន់ និងសកលលោកនៅតែមានយើងនៅតែមានឆ្លងជំងឺរបេងដដែល។ អីចេងយើងរួមដៃគ្នាទាំងសហរដ្ឋអាមេរិកទាំងកម្ពុជាទាំងអង្គការសុខភាពពិភពលោកទាំងអង្គការខាន់ណា TB Partnership និងដៃគូអភិវឌ្ឍប៍ទាំងអស់ចាប់ដៃគ្នាដើម្បីធ្វើឱ្យជំងឺរបេងទាំងនៅកម្ពុជា តំបន់និងសកលលោកបានលុបបំបាត់ហើយយើងនឹងជោគជ័យនឹងឈានទៅបញ្ចប់ជំងឺរបេងនៅឆ្នាំ២០២៣០»។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ជាការពិតណាស់ដើម្បីលុបបំបាត់ជំងឺអ្វីមួយបានជោគជ័យមិនមែនក្រសួងសុខាភិបាលធ្វើម្នាក់ឯងបានទេលុះត្រាតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាអាជ្ញាធរដែនដី ប្រជាពលរដ្ឋ សហគមន៍និងអង្គការដៃគូពាក់ព័ន្ធ។

យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិតបានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិនដែលបានខិតខំបំពេញការងារនិងធ្វើសកម្មភាពព្រមគ្នាក្នុងការឆ្លើយតបជំងឺរបេងគ្រប់កម្រិតទាំងនៅរាជធានីខេត្តស្រុក ឃុំសង្កាត់ភូមិជួយឱ្យកម្ពុជាចាកចេញពីបញ្ជីរបស់អង្គការសុខភាពពិភពលោកជាប្រទេសមួយក្នុងចំណោមប្រទេស៣០នៅលើពិភពលោក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម