Connect with us

ព័ត៌មានជាតិ

លក់​ឡេ ផលិតផល​សុខភាព​ មិន​មាន​អាជ្ញាបណ្ណ​ចាត់​ទុក​ថា​ ជា​ផលិតផលក្លែងក្លាយ

បានផុស

នៅ

​ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ​វិធានការ​គ្រប់គ្រង​ផលិតផល​ឱសថ​ ដែលកំពុង​ចរាចរ​លក់​លើ​ទីផ្សារ ដោយក្រើនរំលឹកឲ្យ​ក្រុមហ៊ុន​បំពេញបែបបទ​ចុះ​បញ្ជិកា​​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក​ស្រី​ ឆាយ រ័ត្នធានី អនុប្រធាន​នាយកដ្ឋាន​ឱសថ​ ចំណី​អាហារ បរិក្ខារពេទ្យ និង​គ្រឿង​សម្អាង​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ​ក្រុម​មន្រ្តី​អធិការកិច្ច​បាន​ចុះ​អនុវត្ត​​ការត្រួតពិនិត្យ​នៅ​តាម​ក្រុមហ៊ុន នៅ​តាម​ទីផ្សារ និង​អ្នក​លក់​តាមអនឡាញ។ ខណៈ​បើ​រកឃើញ​ផលិតផល​លក់​មិនមាន​បិទ​លិខិត​​បញ្ជាក់ (មីញ៉ែត) ឬ​មិន​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​ពី​ក្រសួង​សុខាភិបាល​ទេ នោះ​នឹង​ត្រូវ​ចាត់​ទុក​ថាជា​ផលិតផលក្លែងក្លាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​ ឆាយ រ័ត្នធានី

«វិធានការ​គឺ​ចុះ​ប្រមូល​ផលិតផល​ទាំង​នោះ​យកមក​ក្រសួង ដើម្បី​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​បកស្រាយ ឬណែនាំឲ្យក្រុមហ៊ុនបំពេញ​បែបបទ​ ដើម្បី​ចុះ​បញ្ជិកាតាមច្បាប់​​ឲ្យ​បាន​ត្រឹមត្រូវ»។

ពាក់ព័ន្ធ​នីតិវិធី​ចុះ​បញ្ជីការ​ផលិតផល​សុខាភិបាល​ លោកស្រី ឆាយ រ័ត្នធានី​ បាន​បញ្ជាក់​ថា ទាមទារការចំណាយពេលវេលាយូរ និងត្រូវឆ្លងកាត់ច្រើនដំណាក់កាល។

ផលិតផល​ដែលត្រូវ​ចុះ​បញ្ជីការ​មានច្រើនប្រភេទ ដូចជា​​ផលិតផល​ឱសថ ផលិតផល​​​បំប៉ន​សុខភាព ផលិតផល​ប្រពៃណី សម្ភារៈ​បរិក្ខារ​ពេទ្យ ផលិតផល​ជំនួយ​សុខភាព និង​គ្រឿង​សម្អាង​ជា​ដើម។

អាហារ​បំប៉ន​សុខភាព (Supplement) ដែល​ពី​មុន​ត្រូវ​បាន​គេ​ហៅថា “ឱសថ​បំប៉ន​សុខភាព” ​បច្ចុប្បន្នត្រូវ​បាន​ប្តូរ​ហៅថា “ផលិតផល​បំប៉ន​សុខភាព” វិញ​។ នេះបើតាម​លោកស្រី ឆាយ រ័ត្នធានី។

លោក​ស្រី​ ឆាយ រ័ត្នធានី បាន​បញ្ជាក់ថា ​ផលិតផលបំប៉នសុខភាព មិនត្រូវបានចាត់ទុក​ជាឱសថ (ថ្នាំពេទ្យ) ឡើយ​​។

ការចុះបញ្ជីការ​ផលិតផល និង​ការទទួលបាន​អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ នេះបើតាម​មន្រ្តីសុខាភិបាល។

​នៅពេលទទួលបានអាជ្ញាបណ្ណ ផលិតផលនោះត្រូវបានចាត់ទុក​ថាជាផលិតផល​ស្របច្បាប់​ មានសិទ្ធិក្នុង​ការដាក់លក់​នៅលើ​ទីផ្សារ​យ៉ាង​ទូលំទូលាយ និងអាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មពី​ផលិតផលរបស់ខ្លួន​បាន​ដោយសេរី និងស្របច្បាប់»។

​ការ​ទទួល​បាន​អាជ្ញាបណ្ណ ឬការបិទស្លាកសញ្ញាសម្គាល់ ដែលឆ្លងកាត់ការពិនិត្យ​ពីក្រសួង​សុខាភិបាល គឺជាភស្តុតាងបញ្ជាក់ថា ផលិតផលនោះពិតជាមានគុណភាព និងសុវត្ថិភាពពិតប្រាកដ។ លោកស្រី​បន្ថែម។

​ជាមួយ​គ្នានេះ វាក៏​ជួយឱ្យអ្នកប្រើប្រាស់មានទំនុកចិត្តខ្ពស់ក្នុងការទិញយកទៅប្រើប្រាស់ ដោយ​មិនមាន​ការព្រួយបារម្ភ ឬសង្ស័យថាជាផលិតផលក្លែងបន្លំឡើយ។

​បើតាមលោកស្រី ឆាយ រ័ត្នធានី ការចុះបញ្ជី និងទទួលបានអាជ្ញាបណ្ណ មិនត្រឹមតែជាខែលការពារផ្លូវច្បាប់ និងធានា​គុណភាព​ផលិតផល​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសំបុត្រឆ្លងដែនដ៏សំខាន់ដែលជួយឱ្យ SMEs អាចយកផលិតផល​របស់ខ្លួន​ទៅប្រកួតប្រជែង និងពង្រីកខ្លួននៅលើឆាកអន្តរជាតិបានយ៉ាងរឹងមាំ។

យ៉ាងណាមិញ ដើម្បី​ទទួល​បាន​អាជ្ញាបណ្ណ ផលិតផលត្រូវឆ្លងកាត់ដំណាក់កាល​ជា​ច្រើន ដូចជា​ការ​វិភាគ​គុណភាព ការវាយតម្លៃស្តង់ដារ​​នាំចេញ និង​​ឆ្លងកាត់​ការប្រជុំ​សម្រេច​ពី​គណៈកម្មការ​​​ជំនាញ ទើប​ចេញអាជ្ញាបណ្ណបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម