Connect with us

ព័ត៌មានជាតិ

ម្ទេសដៃនាង​ធ្លាក់ថ្លៃ​​នៅ​ត្រឹម ៣​ ពាន់​រៀលក្នុងមួយគីឡូ ខណៈកសិករ​ចាប់ផ្តើមប្រមូលផលដើមដៃ

បានផុស

នៅ

ប្រជាកសិករនៅ​ខេត្តបាត់ដំបងដែលប្រកបរបរដាំម្ទេសដៃនាងជាប្រចាំរដូវកាល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ បានប្រឈមទីផ្សារ ស្របពេលកសិករមួយចំនួនកំពុងប្រមូលទិន្នផលដើមដៃ ហើយឈ្មួញបានទម្លាក់តម្លៃត្រឹមមួយគីឡូក្រាម ៣ ពាន់រៀលប៉ុណ្ណោះ ខណៈឆ្នាំមុនដើមដៃលក់បានចន្លោះពី ៥ ទៅ ៦ ពាន់រៀលក្នុងមួយគីឡូក្រាម។

អ្នកស្រី ឈាន ចាន់ រស់នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បានត្អូញត្អែរថា ម្ទេសអ្នកស្រីត្រូវបានប្រមូលផលជាបណ្តើរៗហើយនៅអំឡុងពេលដើមដៃឆ្នាំនេះ ហើយអ្នកស្រីសង្ឃឹមថា តម្លៃនឹងបានប្រហាក់ប្រហែលឆ្នាំមុន។ ប៉ុន្តែការរំពឹងទុក​ត្រូវបានខកចិត្តទាំងស្រុង ដោយឈ្មួញបានកំណត់ការទិញត្រឹម ៣ ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណះអ្នកស្រីបានជួលកម្មករឲ្យបេះផ្លែម្ទេសមានតម្លៃចន្លោះពី ៨០០ ទៅ ១០០០ រៀល ក្នុង១គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ឆ្នាំនេះទំនងបែបមិនបានចំណេញទេមើលទៅ បើដើមដៃឈ្មួញឲ្យតែ ៣០០០ រៀលអីចឹង។ តែចាំមើលការប្រមូលផល​លើក​ទី២ ក្រែងបានឡើងថ្លៃជាងនេះ បើមិនចឹងទេ គ្រាន់តែទូទាត់កម្មករចង់អស់បាត់ទៅហើយ នេះនៅមិនទាន់ទូទាត់ថ្លៃថែទាំផង ដែលខ្ញុំ​បានដាំលើផ្ទៃដីជិតមួយហិកតា​»។

អ្នកស្រីបន្តថា «វា​ជារឿងធម្មតាសម្រាប់កត្តាប្រឈមលើទីផ្សារ ប៉ុន្តែឈ្មួញក៏ពុំគួរទម្លាក់ថ្លៃហួសហេតុពេកដែរ បើនៅតែបែបនេះ ខ្ញុំក៏មិនទាន់លក់ឲ្យឈ្មួញដែរ គឺទុករង់​ចាំមើលបន្តិចទៀតសិន ព្រោះដំណាំម្ទេសមិនស្រួលប៉ុន្មានទេក្នុងការថែទាំ ទម្រាំបានហុចផល»។

ចំណែកអ្នកស្រី ចាន់ខឿន កសិករ​មួយ​រូប​​ទៀត​បានឲ្យដឹងដែរថា ឆ្នាំនេះអ្នកស្រីបានដាំលើផ្ទៃដីជិត ៤ រ៉ៃ លើគោលដៅ ២ ផ្សេងគ្នា ដោយគោលដៅទីមួយ ត្រឹមមួយអាទិត្យទៀតនឹងប្រមូលផលហើយ និងគោលដៃទី ២ ប្រហែលមួយខែទៀតទើបបានប្រមូលផល។

អ្នកស្រីបន្តថា ដាំម្ទេសឆ្នាំនេះ ប្រឈមបញ្ហាបន្តិច គឺទឹកភ្លៀងខកខានធ្លាក់យួរថ្ងៃ បង្កឲ្យខូចខាតខ្លះ ហើយត្រូវប្រើប្រាស់ថវិកាខ្លះទៀតដើម្បីប្រើថ្មាំបំប៉នតាមបែបធម្មជាតិ ដើម្បីបំប៉នដើមកុំឲ្យក្រៀមស្វិតខូចខាត តែបើតម្លៃទីផ្សារបានត្រឹម ​៣ ពាន់រៀល ក្នុងមួយគីឡូក្រាម គឺមិនរួចខ្លួនថ្លៃថែទាំនោះទេ បើបានត្រឹមតម្លៃប៉ុណ្ណឹង អ្នកស្រីអត់លក់ទេ សុខចិត្តហាលធ្វើជាម្ទេសគ្រៀមវិញ។

បើតាមមន្ត្រីជំនាញកសិកម្មបាត់ដំបង​បានឲ្យដឹងថា ដំណាំម្ទេសមិនងាយស្រួលក្នុងការដាំដុះប៉ុន្មានទេ វាមានជំងឺច្រើន ដូច្នេះ​កសិករត្រូវយល់ដឹង និងអនុវត្តបច្ចេកទេស ដូចជាការជ្រើសពូជ ការ​រៀបចំដីដាក់ជីបញ្ចេញបញ្ចូលទឹក និងថែទាំទើបទទួលបានទិន្នផលល្អ ហើយ​ទីផ្សារ​ក៏អាស្រ័យ​តាមគុណភាពផ្លែម្ទេសដែរ។

ការដាំម្ទេសនៅរដូវក្តៅមានបញ្ហាប្រឈមច្រើនដូចជា សត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិតជាដើម ហើយរដូវកាលសមស្របសម្រាប់ដំណាំម្ទេសគឺរដូវរំហើយចាប់ពីខែតុលា និងវិច្ឆិកា ហើយប្រមូលផលនៅខែកុម្ភៈ និងដាំនៅរដូវប្រាំងចាប់ពីខែឧសភា ប្រមូលផលនៅខែសីហា

ផ្លែ​ម្ទេសជាប្រភេទបន្លែដែលពេញនិយមប្រើប្រាស់ និងបានដាំដុះពាសពេញពិភពលោក ដែលមានលក្ខណៈពិសេសម្យ៉ាង​គឺ​មានជាតិហឹរ ហើយកម្រិតហឹររបស់វាទៅតាមប្រភេទរបស់ម្ទេសនីមួយៗ។ វាសម្បូរវីតាមីន A B C E និងសារធាតុរ៉ែ ដែលមានមុខងារជួយដល់សារពាង្គកាយមនុស្ស ដូចជាជួយបន្សាបជាតិពុល បំបាត់ការឈឺចាប់ ជាថ្នាំ​អង់​ទីប៊ីយ៉ូទិច​ធម្មជាតិ ជួយភ្ញោចខួរក្បាលក្នុងការបញ្ចេញអ៊័រម៉ូន endorphins ជួយកាត់បន្ថយមហារីកពោះវៀនធំ និង​ជួយបញ្ចុះជាតិកូឡេស្តេរ៉ូលក្នុងឈាម ដែលអាចកាត់បន្ថយជំងឺគាំងបេះដូង ប៉ុន្តែមិនត្រូវពិសារលើសកម្រិតនោះទេ។ នេះយោងតាមឯកសារពីក្រសួងកសិកម្ម។

បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង​ ម្ទេសជាដំណាំមិនប្រកាន់រដូវ អាចដាំដុះបានពេញមួយឆ្នាំ ហើយអាចប្រមូលផលបានចាប់ពីដាំដុះរយៈពេល ៦៥ ថ្ងៃ​ ទៅ ៨០ ថ្ងៃ អាស្រ័យតាមពូជដែលបានជ្រើសរើស ហើយអាចប្រមូលបានច្រើនដងជា​បន្តបន្ទាប់គ្នា បើទោះពេលនេះមានតម្លៃទាបបន្តិច ក៏កសិករនៅតែមានកម្រៃចំណេញខ្លះដែរពីការប្រមូលផល។

ផលដំណាំម្ទេសក្នុងស្រុក បើគិតត្រឹមឆ្នាំ២០២៣ ចន្លោះពីខែមករា ដល់ខែមិថុនា អាចហក់ខ្ពស់បំផុតដល់​ទៅ​ ២ មុឺន រៀលក្នុងមួយគីឡូក្រាម។ រហូតដល់ខែតុលា តម្លែម្ទេសស្រស់បានប្រែប្រួលជាបន្តបន្ទាប់នៅត្រឹមចន្លោះពី ៤ ពាន់រៀល ទៅ ៩ ពាន់រៀល ក្នុងមួយគីឡូក្រោម និងបន្តធ្លាក់ថ្លៃទាបបំផុតត្រឹមតម្លៃ ៦០០ រៀល ក្នុងមួយគីឡូក្រាម ក្នុងរដូវប្រាំងក្នុងឆ្នាំ ២០២៤ ខណះដែលកសិករប្រមូលផលម្ទេសចុងដៃ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម