Connect with us

ព័ត៌មានជាតិ

មន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បន្តចុះពិនិត្យ​​តាម​គោលដៅ​​ទេសចរណ៍​សំខាន់ៗ ខណះភ្ញៀវបន្តដំណើរកម្សាន្ត

បានផុស

នៅ

បើទោះបីរដូវកាលភ្នំបិណ្ឌនៃប្រពៃណីជាតិ ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី ២៣ ខែកញ្ញា សម្រាប់ខេត្តបាត់ដំបងគេសង្កេតឃើញ​នៅមានចំនួនភ្ញៀវ ធ្វើដំណើរកម្សាន្តជាបន្តបន្ទាប់ នៅតាមរមណីយដ្ឋាន​សំខាន់ៗតាមបណ្តាស្រុកក្នុងខេត្តបាត់ដំបង ប្រកបដោយក្តីសប្បាយរីករាយ បើទោះបីមានដំណក់ទឹកភ្លៀងខ្លះក៏មិនអាចរារាំងដំណើរកម្សាន្តរបស់ភ្ញៀវបាននោះឡើយ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា តបតាមដំណើរកម្សាន្តរបស់ភ្ញៀវក្នុងនិងក្រៅស្រុកនៅតែមានបន្តដើរកម្សាន្ត លោកក៏បានដឹកនាំក្រុមការងារចុះពិនិត្យនិងពង្រឹងនៅតាមគោលដៅសំខាន់ៗ ធ្វើយ៉ាង​ណាឲ្យម្ចាស់ទីតាំងត្រូវពង្រឹងសេវាកម្មល្អចំពោះភ្ញៀវ ជាពិសេសត្រូវគ្រប់គ្រងអនាម័យឲ្យបានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា នៅក្នុងនោះដែល​កត្តាសន្តិសុខក៏ត្រូវពង្រឹងដើម្បីឲ្យភ្ញៀវមានភាពកក់ក្តៅ ជាមួយការទទួលរាក់ទាក់ដោយសម្តី​ទន់ភ្លន់​ប្រកបដោយក្រមសីលធម៌ ហើយតម្លៃលើសេវាបម្រើ​ភ្ញៀវផ្សេងៗក៏មិនត្រូវដំឡើងថ្លៃឲ្យហួសហេតុនោះដែរ បើ​ពុំនោះ​ទីតាំងនោះនឹង​បាត់ឱកាសទទួលភ្ញៀវជាមិនខាន ដោយសារតែកត្តាម្ហូបអាហារត្រូវបានឡើងថ្លៃ។

លោក សួន សុខហៃ ជាភ្ញៀវមកពីខេត្តប៉ៃលិនបានឲ្យដឹងថា នៅថ្ងៃទី២៣ និងថ្ងៃទី២៤ កញ្ញា លោកបាននាំម្តាយរួមទាំងប្អូនៗ និងក្មួយៗទៅលេងនៅរមណីយដ្ឋានអូរជាំស្ថិតក្នុងស្រុកសំឡូតនៃខេត្តបាត់ដំបង បើទោះបីពេលនោះមានដំណក់ទឹកភ្លៀងខ្លះ ក៏ការកម្សាន្តរបស់លោក​នៅតែមានភាពសប្បាយរីករាយ រួមជាមួយចំនួនភ្ញៀវយ៉ាងច្រើនផងដែរ។

បើតាមលោក សុខហៃ ក្នុងរដូវភ្នំបិណ្ឌឆ្នាំនេះ ទាំងតាមវត្តអារាម ទាំងទីតាំងកន្លែងកម្សាន្ត គឺមានមនុស្សម្នាច្រើន បានបង្កើន នូវការរាក់ទាក់គ្នាយ៉ាងសប្បាយ ប្រកបដោយភាពទន់ភ្លន់ទៅវិញទៅមក។

សម្រាប់លោក សុខហៃ “បើគិតទាំងទីតាំងរមណីយដ្ឋាន “អូរជាំ” នេះផង ខ្ញុំបានដើរកម្សាន្តចំនួន ៣ ទីតាំង ក្នុងរដូវកាលបុណ្យ ភ្នំបិណ្ឌឆ្នាំនេះ ហើយចេញពីនេះខ្ញុំនឹងត្រឡប់ទៅបម្រើ​ការងារវិញធម្មតា។ ការដើរកម្សាន្តនេះ ក្រោយពីខ្ញុំនិងប្អូនៗ​បានជួបជុំគ្នាគោរពដល់អ្នកមានគុណទាំងទ្វេរហើយ ទើបខ្ញុំបាននាំពួកគាត់ដើរកម្សាន្ត ក្នុងពិធីបុណ្យប្រពៃណីជាតិមួយនេះជុំគ្នា តែម្តង ជាការបង្កើនក្តីស្រឡាញ់ ក្នុងក្រុមគ្រួសារឲ្យកាន់ប្រសើថែមទៀត”។

បើតាមរបាយការណ៍ស្តីពីស្ថិតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ និងវត្តអារាមអំឡុង​ឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃ ពី​ថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខេត្តបាត់ដំបង ទទួលបាន​ភ្ញៀវ​ទេសចរសរុប ២១៨,៧០៦ នាក់ កើនឡើង ១.១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ២១៦,១៤១ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ២១៨,១៤១ នាក់ កើនឡើង ១.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨៥,៧៥៨ នាក់ ភ្ញៀវទេសចរអន្តរជាតិ ៥៦៥ នាក់ ថយចុះ-៨.៨៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៦២០ នាក់។

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម