Connect with us

ព័ត៌មានជាតិ

រឿងបើកព្រំដែន៖បណ្ឌិត យង់ ពៅ ថា នាយករដ្ឋមន្រ្តីថ្មីថៃនិយាយទាំងមិនដឹងក្តីព្រោះចង់ថែថួនប្រជាប្រិយភាពជាមួយក្រុមយោធា

បានផុស

នៅ

អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាអ្នកតាមដានយ៉ាងដិតដល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត យង់ ពៅ បានចេញមកឆ្លើយតបធ្ងន់ៗទៅកាន់លោក Anutin Charnvirakul នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ដែលនិយាយដាក់លក្ខខណ្ឌជាមួយកម្ពុជា បើសិនចង់ចរចាបើកច្រកព្រំដែនឡើងវិញ។ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីថ្មីថៃបែបនេះ ជាការនិយាយទាំងមិនដឹងក្តី ព្រោះចង់ថែថួនប្រជាប្រិយភាពជាមួយក្រុមយោធាថៃប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែតថៃ Khaosod នាយករដ្ឋមន្រ្តីថ្មី លោក Anutin Charnvirakul បានប្រាប់ក្រុមអ្នកសែតថៃកាលពីយប់ថ្ងៃពុធថា គ្មានការចរចាជាមួយភាគីកម្ពុជាទេ រហូតទាល់តែកម្ពុជាដកចេញនូវសព្វាវុធធុនធ្ងន់ពីតំបន់ព្រំដែន។ ប៉ុន្តែ លោកថា ថៃរក្សាជំហរច្បាស់លើការការពារដែនអធិបតេយ្យ ដោយក្រុមយោធានឹងធ្វើការសម្រេចចិត្តតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ។ លោក Anutin Charnvirakul បាននិយាយថា៖« ប្រសិនបើកម្ពុជា មិនដកចេញនូវសព្វាវុធធុនធ្ងន់របស់ពួកគេនោះទេ យើងនៅតែមិនអាចចរចាគ្នា។ យើងរក្សាជំហរលើបិទច្រកព្រំដែន រហូតទាល់តែការគំរាមកំហែងពីខាងកម្ពុជា ត្រូវបានលុបបំបាត់»។

ឆ្លើយតបចំពោះការលើកឡើងរបស់នាយករដ្ឋមន្រ្តីថ្មីថៃនេះ លោកបណ្ឌិត យង់ ពៅ អះអាងថា កម្ពុជាមិនឆោតដោយគ្រាន់តែចង់សន្ទនា ឬចរចាជាមួយភាគីថៃ ហើយទុកព្រំដែនឱ្យរងា ដែលម្តងថៃចង្អុលឱ្យកម្ពុជាដោះមីន ម្តងថៃចង្អុលឱ្យកម្ពុជាដកទ័ព ម្តងថៃចង្អុលឱ្យកម្ពុជាដកអាវុធធន់ធ្ងន់។ លោកបណ្ឌិតគូសបង្ហាញថា ថៃនៅតែយល់ច្រឡំខ្លួនឯងជាម្ចាស់ទឹកដីតាមរយៈបង្រៀនពូជសាសន៍ខ្លួនឯងឱ្យក្លាយជាពូជសាសន៍មានជំងឺវង្វេងរបស់អាស៊ាន។ ចំណែក បញ្ហាបិទច្រកព្រំដែនវិញ លោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា​ បញ្ហាបិទ ឬបើកព្រំដែននេះ កម្ពុជាមិនដែលនិយាយមុន ឬធ្វើមុនឯណា ថៃនិយាយតែខ្លួន បិទ ឬបើកតែខ្លួនឯងមករហូតទេតើ។ លោកបន្តថា កម្ពុជា មានភាពចាំបាច់ការពារសេចក្តីថ្លៃថ្នូរនៃប្រជាជាតិ កម្ពុជាត្រូវការពារដែនអធិបតេយ្យ ផ្អែកតាមសន្ធិសញ្ញាបារាំង-សៀម។ ថៃចង់ដេញកម្ពុជាឱ្យទៅណា?

ត្រង់ចំណុចនេះ អ្នកជំនាញភូមិសាស្រ្តនយោបាយកម្ពុជា អះអាងថា៖«តាមពិត លោក Anutin Charnvirakul និយាយទាំងមិនដឹងក្តី ព្រោះចង់ថែថួនប្រជាប្រិយភាពជាមួយក្រុមយោធា ដើម្បីចូលរួមបោះឆ្នោតក្រោយអាណត្តិដ៏ខ្លីនេះបានបញ្ចប់។ កម្ពុជា មិនល្ងង់ ទៅកំដរឆាកល្ខោននយោបាយថៃនោះទេ»។

ចំពោះការបើកច្រកព្រំដែនឡើងវិញនេះ កម្ពុជា មិនផ្លាស់ប្តួរគោលជំហរនោះឡើយ គឺថៃជាអ្នកបិទ ថៃត្រូវតែជាអ្នកបើកឡើងវិញ។ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា ថៃជាអ្នកបិទ ថៃ គឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។ នេះ គឺជាការគូសបញ្ជាក់យ៉ាងច្បាស់ និងយ៉ាងដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៥។

សម្តេចតេជោ មានប្រសាសន៍ថា៖ «ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះ ទំនិញថៃនាំចូលមិនបាន ធ្វើឱ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិ នាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ ជាង៣ខែអត់ទំនិញថៃ ទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាប និយាយដោយឡែក និងនិយាយជារួម ម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ»។

ជាការកត់សម្គាល់ថា រឿងចង់បើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនេះ តាំងពីដើមឡើយមក មិនមានការលើកឡើងដោយកម្ពុជានោះទេ ផ្ទុយទៅវិញ គឺមានតែភាគីថៃទាំងយោធា និងរដ្ឋាភិបាល រួមទាំង បណ្តាញសារព័ត៌មានថៃ តែងតែលើកឡើងម្តងហើយម្តងទៀត ហើយមកដាក់លក្ខខណ្ឌជាមួយកម្ពុជាថែមទៀត។ តាមពិត ការលើកឡើងពីការចង់បើកច្រកព្រំដែននេះ គឺចេញពីភាគីជប៉ុន ដែលថៃហៅជាប្រទេសទី៣ ដែលស្នើឱ្យភាគីកម្ពុជា និងថៃ ពិចារណាឱ្យបើកច្រកព្រំដែនឱ្យមានការចរាចរដឹកជញ្ជូនទំនិញឆ្លងកាត់ព្រដែនឡើងវិញ។ ចំពោះបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានរុញឱ្យជប៉ុនដែលវិនិយោគនៅថៃផងនៅកម្ពុជាផងហើយត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃនោះ ធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម