Connect with us

ព័ត៌មានជាតិ

លោក អ៊ុំ រាត្រី ប្រាប់ទៅអភិបាលខេត្តស្រះកែវថា ថៃគ្មានសិទ្ធិអនុវត្តច្បាប់ស្រុកថៃលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងជោគជ័យឡើយ

បានផុស

នៅ

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ំ រាត្រី នៅថ្ងៃអាទិត្យ ម្សិលមិញនេះ បានផ្ញើលិខិតតវ៉ាមួយទៅអភិបាលខេត្តស្រះកែវ ប្រទេសថៃ ប្រឆាំងទៅនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា ប្រកាសអនុវត្តទោសទណ្ឌលើប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងលិខិត លោក អ៊ំ រាត្រី ប្រាប់ទៅអភិបាលខេត្តស្រះកែវ ច្បាស់ៗថា រដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាន និងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ បានលើកបដាដោយមានខ្លឹមសារស្តីពីការអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានផ្ញើលិខិតតវ៉ាភ្លាមទៅកាន់អភិបាលខេត្តស្រះកែវ ប្រឆាំងដាច់អហង្ការចំពោះសកម្មភាពនេះ។ នៅក្នុងលិខិតតវ៉ា លោក អ៊ុំ រាត្រី បានចាត់ទុកសកម្មភាពរបស់រដ្ឋបាលខេត្តស្រះកែវនេះថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅ អាស្រ័យផលក្នុងភូមិទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ ពោល គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។

ជាមួយគ្នានេះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «រដ្ឋបាលខេត្តស្រះកែវ មិនមានសមត្ថកិច្ចកំណត់ ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាន និងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខ័ណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា(MOU 2000), កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខ័ណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់»។

សម្រាប់លោក អ៊ុំ រាត្រី សកម្មភាពឯកតោភាគីដដែលៗរបស់ថៃនេះ គឺជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើនឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) ព្រមទាំង ជាការរំលោភបំពានយ៉ាងជាក់ស្តែងលើកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាព ដែលធ្វើឱ្យខូចដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬពង្រីកវិសាលភាព និងទំហំនៃជម្លោះ ជាពិសេស បានរំលោភចំណុច៨នៃកំណត់ហេតុកិច្ចប្រជុំពិសេសGBC លើកទី១។

ចំំណុច៨ដែលភាគីទាំងកម្ពុជា-ថៃ បានព្រមព្រៀងគ្នា គឺមានខ្លឹមសារថា៖ «ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចម្រុះព្រំដែន(JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំង បានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាពនៅកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការសម្រុះព្រំដែន(JBC)។ ភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះព្រំដែន(JBC)។ នៅក្នុងរយៈពេលនេះ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ នឹងសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការ បញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង»។

ជាមួយនឹងការលើកឡើងទាំងនេះ អភិបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា ស្នើឱ្យរដ្ឋបាលខេត្តស្រះកែវចូលរួមផ្តល់កិច្ចសហការចាត់វិធានការបញ្ឈប់នូវសកម្មភាពទាំងអស់ខាងលើជាបន្ទាន់ដោយរក្សានូវស្ថានភាពដើម។ អភិបាលខេត្តបាលខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំថា ខេត្តស្រះកែវប្រកាន់ខ្ជាប់ដោយសុទ្ធចិត្ត នូវលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញពីផ្ទះសំបែង និងដីធ្លីដែលគេបានរស់នៅជាច្រើនទសវត្សរ៍មកហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម