Connect with us

ព័ត៌មានជាតិ

ជម្លោះព្រំដែន៖ អនុប្រធានព្រឹទ្ធសភាប្រាប់ពលរដ្ឋកុំជឿព័ត៌មានញុះញង់ តែត្រូវជឿលើរដ្ឋាភិបាល

បានផុស

នៅ

អនុប្រធានទី១ព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ បានប្រាប់ទៅកាន់ប្រជាពលរដ្ឋតាមមូលដ្ឋានកុំឆាប់ជឿតាមព័ត៌មានញុះញង់ដោយបុគ្គលមួយចំនួន តែត្រូវជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំឡុងពេលជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេទិកាសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ុច បូររិទ្ធ បានលើកឡើងពីសភាពការណ៍វិវត្តចុងក្រោយថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តឈ្លានពានយ៉ាងគឃ្លើនរបស់ប្រទេសថៃមកលើដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ប្រាប់ឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់នូវការពិត។

កាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមមុខនូវបញ្ហាជម្លោះព្រំដែនជាមួយប្រទេសក្បែរខាងពេលបច្ចុប្បន្ននេះ លោកអនុប្រធានទី១ព្រឹទ្ធសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈទាំងអស់បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពជាតិ រួមគ្នាជាធ្លុងមួយជុំវិញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីវាយបំបាក់ការឈ្លានពានលើបូរណភាពដែនដីកម្ពុជាពីសំណាក់ប្រទេសថៃ។  

លោកអនុប្រធានព្រឹទ្ធសភា ក៏បានទទូចដល់ពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិតក្នុងចេតនាបំបាក់ស្មារតីកងទ័ព គប់គិតជាមួយបរទេស និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ហើយ​បាន​បន្ត​រាលដាល​ពេញ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ រហូត​​ក្លាយ​ទៅ​ជា​សង្គ្រាម​ដោយ​​ប្រដាប់​អាវុធ​ អស់​រយៈពេល៥​ថ្ងៃ កាលពី​ចុង​ខែ​កក្កដា។ តែយ៉ាងណា ក្រោយពី​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូណាល់ ត្រាំ ប្រទេស​ទាំង​ពីរ​បាន​ទទួល​យក​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ កាលពី​យប់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។

បើទោះជា​បទ​ឈប់​បាញ់​ចូល​ជា​ធរមានក៏ពិតមែន តែភាគីថៃ នៅតែបន្តសកម្មភាពរំលោភបំពានបទឈប់បាញ់ ដោយថៃតែងតែបង្កហេតុនៅតាមខ្សែបន្ទាត់ព្រំដែន​ជាបន្តបន្ទាប់ ក្រោមរូបភាពចូលរាយបន្លាលួសម្ដងហើយម្ដងទៀតលើដីកម្ពុជា។ ស្របពេលដែលបញ្ហាជម្លោះព្រំដែន កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងរក្សាបាននូវអធិបតេយ្យភាពជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម