ព័ត៌មានជាតិ
៩ខែ មន្ត្រីថ្នាក់ជាតិ និងក្រោមជាតិ ជាង២ពាន់នាក់បានទទួលការបណ្ដុះបណ្ដាលនៅសាលាជាតិរដ្ឋបាលមូលដ្ឋាន
រយៈពេល៩ខែឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានផ្ដល់វគ្គបណ្តុះបណ្តាលមន្ត្រីចំនួន២៩វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុប២ ៣២៩រូប ក្នុងនោះស្ត្រីមាន៧០៥រូប។ វគ្គបណ្ដុះបណ្ដាលទាំងនោះ គឺសម្រាប់ក្រុមគោលដៅ ជាមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមលោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន។

វគ្គបណ្ដុះបណ្ដាលដែលសាលាជាតិរដ្ឋបាលមូលដ្ឋានរៀបចំ ត្រូវបានលោក សូ មុនីរក្សា ឱ្យដឹងថា មានជាអាទិ៍វគ្គបណ្ដុះបណ្ដាលពីនវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព ការគ្រប់គ្រងរដ្ឋបាលសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់ចំនួន១០៥ របស់រដ្ឋបាលរាជធានីភ្នំពេញ និងវគ្គសេវាសាធារណៈឆ្លើយតបនឹងយេនឌ័រផ្សារភ្ជាប់ជាមួយថវិកាឃុំសង្កាត់ ការរៀបចំ និងការអនុវត្តផែនការ និងថវិការដ្ឋបាលឃុំសង្កាត់ ពាក់ព័ន្ធការងារអត្រានុកូលដ្ឋាន ការគ្រប់គ្រងរដ្ឋបាលខណ្ឌសម្រាប់ក្រុមប្រឹក្សាខណ្ឌចំនួន១៤ របស់រដ្ឋបាលរាជធានីភ្នំពេញ ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តតាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានីខេត្ត។

បន្ថែមពីនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ កិច្ចការស្មៀននៅរដ្ឋបាលរាជធានីភ្នំពេញ កម្មវិធីអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យសម្រាប់ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង កម្មវិធីវិក្រឹតការមូលដ្ឋានជំនាន់៩ វិធីសាស្រ្តលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន វគ្គអន្តរាគមន៍អភិវឌ្ឍសមត្ថភាព កម្មវិធីការអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យសម្រាប់គ្រូបង្គោល ប្រព័ន្ធតាមដានការអនុវត្តគម្រោងកម្មវិធីវាយតម្លៃវគ្គបណ្ដុះបណ្ដាលនិងរៀបចំផែនការ និងគ្រប់គ្រងផ្អែកលើលទ្ធផលសម្រាប់ផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់សាជាតិរដ្ឋបាលមូលដ្ឋាន និងវិធិសាស្ត្រលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋសម្រាប់គ្រូបង្គោល។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះដែរ លោកនាយកសាលា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៩ខែដូចគ្នានេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានចាត់មន្ត្រីចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលវែង និងខ្លី ក្នុងនិងក្រៅប្រទេសចំនួន៧វគ្គ ដោយមានសិក្ខាកាមចូលរួមសរុប៤៨រូប ស្រី១៥រូប និងបានរៀបចំផ្សព្វផ្សាយអាហារូបករណ៍ចំនួន៦ដល់មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
បន្ថែមពីលើការបណ្ដុះបណ្ដាលមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការបញ្ជូនមន្ត្រីទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលដោយបាននិងកំពុងរៀបចំកម្មវិធីសិក្សា រៀបចំសៀវភៅគោល និងសៀវភៅណែនាំ បណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្គោល រៀបចំបរិស្ថានលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍសមត្ថភាព និងគាំទ្រ តាមដានត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្រ្តី ព្រមទាំងបណ្ដុះបណ្ដាលគ្រូបង្គោលបានចំនួន៥វគ្គ ដោយមានសិក្ខាកាម១៣៨រូប សម្រាប់គ្រូបង្គោលរបស់សាលាជាតិរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ផងដែរ។

សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


