Connect with us

ព័ត៌មានជាតិ

អូស្ត្រាលី ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមអនឡាញ

បានផុស

នៅ

លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា អូស្ត្រាលីបានត្រៀមខ្លួនរួចជាស្រេចដើម្បីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនេះ ធ្វើឡើងនៅនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាស លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)  បានអនុញ្ញាតឱ្យ លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងកិច្ចពិភាក្សានេះ លោក Derek Yip លើកឡើងថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាដែលពិភពលោកកំពុងប្រឈម និងបានឱ្យដឹងថា នៅប្រទេសអូស្ត្រាលី មានពលរដ្ឋមួយចំនួន បានក្លាយជាជនរងគ្រោះដោយសារសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ។ លោកឯកអគ្គរដ្ឋទូត គូសបញ្ជាក់ថា៖ “អូស្ត្រាលីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពាក់ព័ន្ធកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី”

ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលកម្ពុជាមានជាមួយអូស្ត្រាលី ក្នុងរយៈពេលជាង ៧០ឆ្នាំកន្លងមក និងបានលើកឡើងការរួមចំណែករបស់អូស្ត្រាលី ក្នុងការកសាងសន្តិភាពនៅកម្ពុជា។ លោកក៏បាន ប្រាប់ពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែល គ.ប.ឆ.ប. និងសមត្ថកិច្ចកម្ពុជាសម្រេចបាន ព្រមទាំងគូសបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទោះក្នុងកាលៈទេសៈដែលកម្ពុជាកំពុងដោះស្រាយបញ្ហាវិវាទព្រំដែនក៏ដោយ ក៏កិច្ចប្រតិបត្តិការបង្ក្រាបនិងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែបន្តធ្វើឡើងជាប់ជាប្រចាំដែរ។ មួយវិញទៀត លោកសន្តិបណ្ឌិត បានបញ្ជាក់ពីសារសំខាន់ក្នុងការអនុវត្តនីតិវិធីទៅលើមេក្លោងឧក្រិដ្ឋជន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកឯកអគ្គរដ្ឋទូត បានសម្តែងចំណាប់អារម្មណ៍ និងទទួលស្គាល់លើការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។

ភាគីទាំងពីរបានពិភាក្សា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរធ្លាប់មាននាពេលកន្លងមក និងផ្លាស់ប្តូរយោបល់លើកាលានុវត្តភាព និងទិសដៅកិច្ចសហប្រតិបត្តិការរវាង គ.ប.ឆ.ប. និងស្ថានទូតអូស្ត្រាលី នាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម