Connect with us

ព័ត៌មានជាតិ

ករណី​តវ៉ា​របស់​កម្មកររោងចក្រ​តារាល​​ឈាន​ដល់​ព្រមព្រៀង​សះ​ជា ​ក្រោមការ​សម្របសម្រួលរបស់ក្រសួងការងារ

បានផុស

នៅ

នៅ​រសៀល​ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ករណី​ការ​ប្រមូលផ្ដុំតវ៉ា​របស់កម្មកររោងចក្រតារាល​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​សះជា​ក្រោម​ការ​សម្របសម្រួល​ដ៏​លឿនរហ័ស​ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និង​អាជ្ញាធរមូលដ្ឋាន ដោយកម្មករនឹងចូលធ្វើការជាធម្មតាវិញនៅថ្ងៃស្អែកនេះ។ នេះ​ជា​ការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំពាក្យ​ដដែល​រូប​នេះ​បាន​ឱ្យ​ដឹង​ថា ក្រោយការ​ប្រមូល​ផ្ដុំតវ៉ាបិទផ្លូវពីសំណាក់កម្មករនិយោជិត នៃក្រុមហ៊ុនតារាលនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែតុលានេះភ្លាម លោក​ទុយ ស៊ីផាន់ រដ្ឋលេខាធិការ​នៃក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ដឹក​នាំ​មន្ត្រីជំនាញ​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះសម្របសម្រួល និងស្ដាប់ពីសំណូមពររបស់កម្មករនិយោជិត និងបានសម្របសម្រួលជាមួយនឹងនិយោជក ដោយផ្អែកទៅលើកត្តាច្បាប់​រហូតឈានដល់ការព្រមព្រៀងសះជា​ភ្លាមៗ ដែលបានទាមទារចំនួន ១៦ ចំណុច។ ចំណុចទាំងនោះរួមមានការស្នើសុំលុយថ្លៃបាយថ្ងៃត្រង់ ការរក្សាលុយធ្វើ​ការ​ទៀងទាត់​(លុយព្រីម) ក្នុង​ករណី​មក​យឺត​ក្រោម​១៥នាទី ក្នុង​មួយ​ខែ និង​ការ​អនុញ្ញាត​ច្បាប់​ដោយ​មាន​ជំងឺ ដោយ​មាន​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ ជាដើម។

លោក ស៊ុន មេសា បញ្ជាក់ថា “ក្រោយការសម្របសម្រួល ការយកចិត្តទុកដាក់ និងការដោះស្រាយប្រកបដោយភាពលឿនរហ័ស និង​ប្រកប​ដោយ​ទំនុក​ចិត្ត​របស់​មន្ត្រីជំនាញនៃក្រសួងការងារបងប្អូនកម្មករកម្មការិនី និង​ភាគី​រោងចក្រ​បានឈានដល់ការ​ព្រមព្រៀងគ្នានៅថ្ងៃដដែល ហើយកម្មករ​នឹង​វិល​ចូល​ធ្វើការវិញនៅថ្ងៃស្អែកតាមការព្រមព្រៀងគ្នា”។

លទ្ធផលសះជាដ៏លឿនរហ័សនេះ គឺកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈរួមទាំងអាជ្ញាធរមូលដ្ឋាននៃរាជរដ្ឋាភិបាលកម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់ពីលោក ស៊ុន មេសា ដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម