Connect with us

ព័ត៌មានជាតិ

កម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ (RPL) ជាឱកាសនាំឱ្យអតីតពលករមកពីថៃទទួលបាន​ការងារល្អ និងប្រាក់ចំណូលខ្ពស់

បានផុស

នៅ

គ្រូជំនាញនៃមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព បានគូសបញ្ជាក់អំពីគុណតម្លៃនៃកម្មវិធីតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជាពិសេសសម្រាប់អតីតពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីទទួលបានការវាយតម្លៃសមត្ថភាពជំនាញដែលមានស្រាប់ ហើយជាឱកាសឈានទៅទទួលបាន​ការងារល្អ និងប្រាក់ចំណូលខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ មុត សុភ័ក្ត្រ ជាអនុប្រធានដេប៉ាតឺម៉ង់ផែនការស្រាវជ្រាវ និងស្ថិតិ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសកម្ពុជា (NTTI) ទទួលបន្ទុកការងារមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព លើកឡើងថា ដើម្បីជួយដល់អតីតពលករមកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការ បានបើកឱកាសយ៉ាងទូលាយដល់អតីតពលករទាំងអស់ដែលមានជំនាញស្រាប់ អាចចុះឈ្មោះក្នុងកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីប្រែក្លាយអ្វីដែលជាជំនាញ ទៅជាសមត្ថភាពពិត តាមរយៈការទទួលស្គាល់ពីអ្នកវាយតម្លៃ ហើយមានការផ្ដល់នូវវិញ្ញាបនបត្រ។

ការទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញនេះ លោក មុត សុភ័ក្ត្រ បញ្ជាក់ថា អតីតពលករអាចយកទៅប្រើប្រាស់ឱ្យចំជំនាញរបស់ពួកគាត់ ជាមួយនឹងការទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពិសេសនោះគឺទទួលបានប្រាក់កម្រៃខ្ពស់ជាងមុន។ ក្នុងន័យនេះ លោក បានជំរុញឱ្យពលករខ្មែរដែលទើបត្រឡប់ពីថៃហើយមានជំនាញស្រាប់ រួសរាន់មកធ្វើតេស្តសមត្ថភាព ដើម្បីទទួលបាននូវវិញ្ញាបនបត្រ និងងាយស្រួលស្វែងរកការងារធ្វើ និងទទួលបានប្រាក់ខែខ្ពស់។

នីតិវិធីចុះឈ្មោះតេស្តនេះ លោក បានឱ្យដឹងថា មានពីរជម្រើស ទី១ការចុះឈ្មោះតាមរយៈតាមវេបសាយ ឬ App ដែលមានឈ្មោះ E-RPL ឬក៏តាមប្រព័ន្ធទាន់ហេតុការណ៍ Hotline ១២៩៧ របស់ក្រសួងការងារ។ រីឯជម្រើសទី២ ការចុះឈ្មោះដោយផ្ទាល់នៅតាមមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ដែលមាននៅ៩ទីតាំង។

ជាការកត់សម្គាល់ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង៩ ដែលទទួលចុះឈ្មោះធ្វើតេស្ត RPL គឺមាននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ និងមាននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។

ដោយឡែក នៅក្នុងឱកាសដែលក្រសួងការងារ នឹងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ រយៈពេលពីរថ្ងៃ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នាសាលមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ការចុះឈ្មោះធ្វើតេស្ត RPL នេះក៏ត្រូវបានរៀបចំឡើងក្នុងព្រឹត្តិការណ៍នោះផងដែរ។

តាមការគូសបញ្ជាក់ពីលោក មុត សុភ័ក្ត្រ ការចុះឈ្មោះធ្វើតេស្ត RPL នេះ មិនតម្រូវឱ្យមានការបង់ថ្លៃសេវាអ្វីនោះឡើយ ពោលគឺជាបន្ទុកចំណាយរបស់រាជរដ្ឋាភិបាល។

ប៉ុន្តែការចុះឈ្មោះនេះត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ឬក៏លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតចេញដោយអាជ្ញាធរមានសមត្ថកិច្ច បណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) ឬលិខិតបញ្ជាក់ថា ជាអតីតពលករ និងរូបថតបច្ចុប្បន្នទំហំ ៤x៦ ថតចំពីមុខ ផ្ទៃពណ៌ស ចំនួន៣សន្លឹក៕

ដោយ៖ ធឿន​ វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម