ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំងពី «តម្លៃពិតនៃជំនាញ»
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនាថា ប្រធានបទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET Day) លើកទី៩ ឆ្នាំ២០២៦ នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃពិតនៃការសិក្សាជំនាញ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោកថ្លែងថា៖«”TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល” ជាប្រធានបទ TVET DAY ឆ្នាំនេះ ហើយប្រធានបទនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃនៃការសិក្សាជំនាញ ពោលគឺនៅពេលយុវជនមានជំនាញច្បាស់លាស់ ពួកគេនឹងមានឱកាសទទួលបានការងារសមរម្យ មានប្រាក់ចំណូល និងអាចអភិវឌ្ឍជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង»។


បើតាមលោក ស៊ុន មេសា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ។


លោកបន្ថែមថា ទិវាជាតិ TVET មិនត្រឹមតែជាវេទិកាផ្សព្វផ្សាយអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញសមិទ្ធផល ស្នាដៃ និងសក្តានុពលរបស់សិស្ស-និស្សិត TVET ក៏ដូចជាភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ដើម្បីធានាថាការបណ្តុះបណ្តាលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។


លោកបន្ថែមទៀតថា ប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» សម្រាប់ឆ្នាំ២០២៦នេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍ ដើម្បីសម្រេចគោលដៅ ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។
តាមរយៈការប្រារព្ធទិវាជាតិ TVET លើកទី៩ ឆ្នាំ២០២៦ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រំពឹងថានឹងបន្តជំរុញការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការសិក្សាជំនាញ និងលើកទឹកចិត្តយុវជនឱ្យចូលរួមរៀនជំនាញកាន់តែច្រើន ដើម្បីទទួលបានការងារល្អ មានប្រាក់ចំណូលសមរម្យ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ នេះបើតាមអ្នកនាំពាក្យដដែល៕



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


