Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្តល់ថវិកាជាង ២៦ម៉ឺនដុល្លារ ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន

បានផុស

នៅ

រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ២៦៧,៣៨៤ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គឺការស្ដារប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តកំពង់ស្ពឺ និងការសាងសង់ស្ពាននៅខេត្តស្វាយរៀង។  ពិធីចុះហត្ថលេខាកិច្ចសន្យាផ្តល់ជំនួយ បានធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ក្រោមវត្តមាន ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មាន គម្រោងទី១ គឺជាគម្រោងស្តារប្រព័ន្ធធារាសាស្ត្រព្រៃរំដួលក្នុងខេត្តកំពង់ស្ពឺ ។ គម្រោងនេះ ជប៉ុនបានផ្ដល់ថវិកាចំនួន ១២៦,៧១០ ដុល្លារអាមេរិក ទៅឱ្យមន្ទីរធនធានទឹក និងឧតុុនិយមខេត្តកំពង់ស្ពឺសម្រាប់យកទៅប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ ដែលមានមុខងារអាងស្តុកទឹកអន់ថយ។   ជប៉ុនសម្រេចផ្ដល់ជំនួយនេះ គឺព្រោះតែតំបន់នោះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបានគ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹកមិនគ្រប់គ្រាន់ ផ្លូវតភ្ជាប់ពីប្រព័ន្ធធារា សាស្ត្រនេះទៅតំបន់ដែលប្រជាជនរស់នៅ មានស្ថានភាពយ៉ាប់យឺន ដែលដាក់បន្ទុកយ៉ាងធ្ងន់ដល់កសិករ។ ក្រោយការសាងសង់រួច នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ៤,០០០នាក់ តាមរយៈការ កែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។

ចំណែកគម្រោងទី២ គឺជាគម្រោងសាងសង់ស្ពានក្នុងឃុំស្វាយយា នៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គម្រោងនេះ ជប៉ុន បានផ្ដល់ថវិកាចំនួន ១៤០,៦៧៤ ដុល្លារអាមេរិកទៅឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង  ដើម្បីប្រើប្រាស់លើការសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្នដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និងមនុស្សចាស់។ បន្ថែមពីនេះ ឡាននិងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពាននេះទេ ដោយសារស្ពាននេះប្រហែលមិនអាចទ្រាំទ្របាននូវទម្ងន់ និងអាចមានការបាក់ស្រុត។  ក្រោយការសាងសង់រួច ជប៉ុនរំពឹងថាគម្រោង នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៥,០០០នាក់ តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ការសាង សង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផងដែរ ដែលនឹងនាំមកនូវការកែលម្អកម្រិតជីវភាព រស់នៅរបស់ប្រជាជន និងការកើនឡើងនូវប្រាក់ចំណូលរបស់កសិករ។

គួរឱ្យដឹងថា គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥត សំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយ ជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៧២លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូ ជា ចំនួន ៧០៦គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម