Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​និង​អ៊ីតាលី ​សហការ​ជា​មួយ​អង់​គ្លេស​​​​អភិវឌ្ឍ​លើ​យន្តហោះ​ចម្បាំងជំនាន់​ចុង​ក្រោយ

បានផុស

នៅ

ក្រោយ​សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា​​បាន​​ធូរ​ស្បើយបន្តិច​ក្នុង​​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​​មេដឹក​​សេដ្ឋ​កិច្ច​ពិភពលោក​មិន​បាន​នៅ​ស្ងៀម​ឡើយ​ ពួក​គេ​នៅ​តែ​​ស្វែង​រក​កិច្ច​សហការ​ក្នុង​វិស័យ​ការ​ពារជាតិ​​​​ជាមួយ​សម្ព័ន្ធ​មិត្ត ​​ដើម្បី​ធានា​ថា​ ប្រទេស​របស់​ពួក​គេ​​មាន​សុវត្ថិ​ភាព​។​

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​ Sanae Takaichi និង​សមភាគី​អ៊ីតាលី គឺ​ លោកស្រី Giorgia Meloni បាន​ព្រមព្រៀង​​​​ក្នុង​ពេលថ្មីៗនេះ ក្នុងពេល​មេដឹកនាំ​ស្ត្រី​ទាំងពីររូប​ បាន​ទៅចូលរួម​ប្រជុំ​​​​ជាមួយ​មេដឹកនាំ​នៃ​ប្រទេសឧស្សាហកម្ម G7 នៅទីក្រុងប៉ារីស​ ដោយ​ការ​សហការ​លើក​កម្ពស់ការអភិវឌ្ឍយន្តហោះចម្បាំង​ជំនាន់ចុង​​ក្រោយ​រួមគ្នា​ ដោយ​សហការជាមួយ​ចក្រភពអង់គ្លេស។

លោក​ស្រី​ Sanae Takaichi និង​ លោកស្រី Giorgia Meloni ។ រូប​ភាព៖ JIJI
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន The Japan Times ផ្សាយ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៦ ក្នុង​កិច្ច​ប្រជុំ​មួយនៅ​ទីក្រុង​រ៉ូម មេដឹកនាំទាំងពីរ​ក៏បានព្រមព្រៀងគ្នា​ជំរុញកិច្ចសហប្រតិបត្តិការ​លើ​សន្តិសុខសេដ្ឋកិច្ច រួមទាំង​ការ​ពង្រីក​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សម្រាប់​រ៉ែកម្រ និងរ៉ែសំខាន់ៗ​ផ្សេងទៀត។

លោកស្រី Takaichi ថ្លែងក្នុងសន្និសីទសារព័ត៌​មានរួមគ្នាមួយ បន្ទាប់​ពីកិច្ចពិភាក្សា​ថា៖ « ប្រទេសជប៉ុននឹង​ធ្វើការជាមួយអ៊ីតាលី ដើម្បី​ពន្លឿន​កម្មវិធី​អាកាសចរណ៍​ប្រយុទ្ធ​សកលត្រី​ភាគី ដើម្បី​អភិវឌ្ឍយន្ត​ហោះ​ចម្បាំង​ជំនាន់​ចុង​ក្រោយ​»។

លោកស្រីស្វាគមន៍​ ចំពោះការចុះហត្ថលេខាលើ​អនុស្សរណៈស្តី​ពីការពង្រឹងខ្សែ​សង្វាក់ផ្គត់ផ្គង់។

ដោយ​ឡែក​ លោកស្រី Meloni និយាយថា៖ « ប្រទេស​អ៊ីតាលី និងជប៉ុន ​គឺជាដៃគូយុទ្ធ​សាស្ត្រ ហើយ​​អាចផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​សមភាគី​ជប៉ុនលើ​​រឿង​ច្រើនប្រភេទ​»។

​អ្នក​ទាំង​ពីរ​ក៏បាន​បញ្ជាក់​ពីកិច្ចសហប្រតិបត្តិ​ការទ្វេភាគី​ក្នុងការ​ស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ទំនើបៗ រួមទាំងការអភិវឌ្ឍ​អវកាស​ផង​ដែរ​។

មិន​តែ​ប៉ុណ្ណោះ​មេដឹក​នាំ​ទាំង​ពីរ​បាន​ពិភាក្សាអំពី​កិច្ចការតំបន់ និងយល់​ព្រម​ធ្វើការរួមគ្នា​ ដើម្បីធានាសេរីភាព​នៃការធ្វើនាវាចរណ៍​ក្នុង​ច្រក​សមុទ្រ Hormuz បន្ទាប់​ពីកិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់​ការប្រយុទ្ធគ្នា។

គួរ​បញ្ជាក់​ថា ​នេះ​ជា​កិច្ចប្រជុំលើក​ដំបូង ​ចាប់​តាំងពីពួកគេ​បាន​ធ្វើកិច្ចចរចា​នៅទីក្រុងតូក្យូកាលពីខែមករា ពេល លោកស្រី Meloni បាន​អញ្ជើញ​លោកស្រី​ Takaichi ឱ្យ​ទៅទស្សនកិច្ច​ប្រទេស​អ៊ី​តាលី​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម