សន្តិសុខសង្គម
ករណីឆបោកជំរិតឆ្លងដែនមកកម្ពុជា ផ្ដល់បទពិសោធន៍អ្វីខ្លះដល់ កូន អាណាព្យាបាលខ្មែរ?
សមត្ថកិច្ចនគរបាលជាតិកម្ពុជា ទើបបានជួយសង្គ្រោះ យុវតីជនជាតិចិនម្នាក់ អាយុ១៩ឆ្នាំ ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យនៅប្រទេសជប៉ុន ដោយនាងបានចាញ់បោកជនឆបោកចាប់ជំរិត ឱ្យនាងមកកម្ពុជា។ ជនឆបោកជនជាតិចិននោះ បានឱ្យនាង ថតវីដេអូធ្វើដូចជាខ្លួនកំពុងរងការចាប់ជំរិតដោយខ្លួនឯង។

ឧត្ដមសេនីយ៍ត្រី គី វណ្ណារ៉ា ជា សមាជិកក្រុមការងារ HOTLINE ជនបរទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងការស្វែងរកក្មេងស្រី សមត្ថិកច្ចបានសម្រេចដោយជោគជ័យ និងបានប្រគល់ក្មេងស្រីរងគ្រោះជូនម្ដាយ និងក្រុមគ្រួសារដោយសុវត្ថិភាព ព្រមទាំងបានធ្វើដំណើរទៅប្រទេសជប៉ុនវិញ នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ឧត្ដមសេនីយ៍ត្រី គី វណ្ណារ៉ា មានប្រសាសន៍បន្តថា៖ “ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមសមត្ថកិច្ចនគរបាលកម្ពុជាសូមផ្ដាំផ្ញើថា ពិតណាស់ ករណីនេះបានកើតឡើងចំពោះជនរងគ្រោះជាជនបរទេស ហើយត្រូវបានជនល្មើសឆបោក និងគំរាម ណែនាំឱ្យមកប្រទេសកម្ពុជា ប៉ុន្តែករណីនេះ នៅថ្ងៃអនាគតក៏នឹងអាចកើតមានចំពោះក្មេងៗនៅកម្ពុជា ហើយត្រូវជនល្មើសណែនាំឱ្យធ្វើដំណើរទៅប្រទេសដទៃផងដែរ។ ដូចនេះសូមអំពាវនាវដល់មាតា បិតា និងអណាព្យាបាលកម្ពុជា យកចិត្តទុកដាក់ចំពោះកូន ពិសេសការអប់រំឱ្យស្គាល់ពីសង្គម ការប្រាស្រ័យទំនាក់ទំនងគ្នា និងការផ្ដល់ព័ត៌មានប្រាប់គ្នាទៅវិញទៅមកពេលមានបញ្ហាកើតឡើង ដោយមិនត្រូវលាក់បាំងព័ត៌មានឡើយ”។

គួរបញ្ជាក់ថា តាមការសាកសួរដោយសមត្ថកិច្ច ក្មេងស្រីនេះបានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ បានទូរសព្ទប្រាប់ថា គេជាសមត្ថកិច្ចនគរបាល នៃប្រទេសចិន កំពុងស៊ើបអង្កេតបទល្មើសលើនាង ព្រោះសមត្ថកិច្ចចាប់បានជនល្មើសម្នាក់ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ ហើយប្រាក់ដែលឆបោកនោះត្រូវបានដាក់នៅក្នុងគណនីរបស់ក្មេងស្រីរូបនេះ។ នាងត្រូវបានគេគំរាមឱ្យរក្សាការសម្ងាត់ ដោយមិនត្រូវប្រាប់នរណាម្នាក់ឡើយ និងត្រូវសហការធ្វើតាមការណែនាំនានា បើពុំនោះទេនឹងត្រូវចាប់ខ្លួន ហើយមានបញ្ហាដល់គ្រួសារទាំងមូលតែម្ដង។
ក្មេងស្រីរងគ្រោះត្រូវបានជនល្មើសណែនាំឱ្យធ្វើតាមមួយចំនួនរួមមាន៖
– ផ្ដល់គណនីបណ្ដាញទំនាក់ទំនង LINE ដែលប្រើក្នុងការទំនាក់ទំនងជាមួយម្ដាយឱ្យទៅពួកគេ ហើយគណនីនេះក្រោយមកត្រូវបានជនល្មើសប្រើបញ្ជូនរូបថត វីដេអូ និងជំរិតទារប្រាក់ពីស្ត្រីជាម្ដាយ

– រាល់ទំនាក់ទំនងជាមួយពួកគេ ត្រូវធ្វើតាមប្រព័ន្ធ YiChat (បណ្ដាញទំនាក់ទំនងគ្មានការគ្រប់គ្រងច្បាស់លាស់) ហើយត្រូវលុបសារទាក់ទងចោលរៀងរាល់ថ្ងៃ
– ឱ្យធ្វើការវេរប្រាក់ទាំងអស់ក្នុងគណនីចេញទៅឱ្យពួកគេ ដោយអះអាងថា ដើម្បីពិនិត្យភាពត្រឹមត្រូវ ហើយក្មេងស្រីរូបនេះបានវេរប្រាក់អស់ចំនួន ៧៥ ម៉ឺនយ៉េន (ប្រមាណ ៥ ពាន់ដុល្លារ)
– តម្រូវឱ្យនាងរកលុយបន្ថែម ៥ លានយ៉េន (ប្រមាណ ៣ម៉ឺន ៥ពាន់ដុល្លារ) ដើម្បីដាក់ក្នុងគណនីហើយផ្ទេរទៅឲ្យពួកគេ ដើម្បីផ្ទៀងផ្ទាល់ភាពស្អាតស្អំ និងបញ្ចប់បញ្ហា

– ដោយសារមិនអាចរកប្រាក់តាមកំណត់បាន ជនល្មើសបានណែនាំឱ្យនាងធ្វើដំណើរមកកម្ពុជា ដោយរកកន្លែងស្នាក់នៅ ទិញថ្នាំលាបក្រចក (ពណ៌ក្រហម) កន្ត្រៃ ស្គុតរុំ រួចគូសធ្វើស្លាកស្នាមរងរបួស បន្ទាប់មករៀបចំថតវីដេអូដោយខ្លួនឯង សម្ដែងជាសកម្មភាពរងការបង្ខាំងចាប់ជំរិត ហើយបញ្ជូនវីដេអូទាំងនោះឱ្យទៅពួកគេដែលជាជនល្មើស។ ជនឆបោក បានយកវីដេអូនោះ ផ្ញើ និងជំរិតទារប្រាក់ចំនួន ២០០ លានយ៉េន ឬប្រមាណ ១,៤ លានដុល្លារ ពីគ្រួសារជនរងគ្រោះ។ បន្ទាប់ពីគ្រួសារជនរងគ្រោះប្ដឹងមកសមត្ថកិច្ចកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅថ្ងៃបន្ទាប់ សមត្ថកិច្ចបានរកឃើញ និងជួយសង្គ្រោះក្មេងស្រីនោះ នៅសណ្ឋាគារមួយ នៅភ្នំពេញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


