Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបញ្ជាក់ពីករណីចាប់ជំរិតរហូតធ្វើឲ្យក្មេងស្រីអាយុ៥ឆ្នាំបាត់បង់ជីវិតនៅស្រុកស្អាង

បានផុស

នៅ

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១១ឧសភា នេះ បានចេញមកបញ្ជាក់ពីមូលហេតុ និងដើមចមពីករណីចាប់ជំរិតលើក្មេងស្រីអាយុ៥ឆ្នាំម្នាក់រហូតធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិត នៅស្រុកស្អាង ខេត្តកណ្ដាល។ ករណីនេះ ជនដៃដល់ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដើម្បីអនុវត្តនិតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ករណីនេះកើតឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនដៃដល់ឈ្មោះ គីម វណ្ណា ស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ របាយការណ៍ដដែលបញ្ជាក់ថា ជនដៃដល់ក៏ត្រូវជាពូសាច់ថ្លៃរបស់ជនរងគ្រោះផងដែរ។

បើតាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរាងរាល់ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ គ្រួសារជនរងគ្រោះតែងតែនាំជនរងគ្រោះចេញពីផ្ទះនៅក្រុងតាខ្មៅទៅលេងជីដូន ជីតា នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ដែលនៅទល់មុខគ្នាជាមួយផ្ទះជនសង្ស័យ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន ដោយសារខឹងម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន។

តាមរយៈសាររប​ស់ជនដៃដល់ដែលបានផ្ញើទៅឪពុកម្តាយកុមារីរងគ្រោះ ជនដៃដល់បានបង្ខំឲ្យពួកគេផ្ញើលុយចំនួន ១ម៉ឺនដុល្លារតាមវីងឲ្យខ្លួន ដោយទុកពេលត្រឹម១ម៉ោងប៉ុណ្ណោះ បើលើសម៉ោងកំណត់សូមរង់ចាំសពកូនស្រីចុះ ហើយជនដៃដល់ក៏បានគំរាមកុំប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាងដែរ។

ក្រោយជួបហេតុការណ៍ដ៏រន្ធត់នេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងទៅកម្លាំងនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការ និងឈានដល់ការចាប់ខ្លួនជនដៃដល់ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម