កីឡា
ក្រុមកីឡាកម្ពុជានៅតែបន្តហ្វឹកហាត់សកម្ម ទោះមិនទាន់ច្បាស់ទៅប្រកួតកីឡាស៊ីហ្គេមនៅថៃ
រហូតដល់ពេលនេះ កម្ពុជានៅមិនទាន់សម្រេចចិត្តច្បាស់លាស់ថាតើត្រូវបញ្ជូនអត្តពលិកទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នោះទេ បើទោះជាពេលវេលានៅសល់ប្រមាណជាង ២ ខែទៀតប៉ុណ្ណោះ។

វិបត្តិព្រំដែនខ្មែរ-ថៃនៅតែបន្តផុយស្រួយ បន្ទាប់ពីកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នាបានធ្វើឡើងរយៈពេលជាង ២ ខែមកហើយ។ ទោះបីជាយ៉ាងណា កីឡាករ កីឡាការិនីកម្ពុជានៅតែបន្តហ្វឹកហាត់យ៉ាងសកម្មសម្រាប់ជាការត្រៀមខ្លួន និងរក្សាសមត្ថភាពឲ្យនៅខ្លាំងដដែល។ ជាក់ស្តែង ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ ២២ ឆ្នាំ បានចេញទៅហ្វឹកហាត់រយៈពេល ៧ ថ្ងៃ នៅប្រទេសវៀតណាម គិតចាប់ពីថ្ងៃទី៧ ដល់ ទី១៤ ខែតុលា ឆ្នាំ ២០២៥។
ជាមួយគ្នានេះ ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក៏បានបង្ហាញសមត្ថភាពហ្វឹកហាត់ជារៀងរាល់ថ្ងៃដែលមិនមែនក្នុងពេលថ្មីៗទេ ប៉ុន្តែជាច្រើនសប្តាហ៍មកហើយ ពួកគេបានប្រមូលម្តុំហ្វឹកហាត់។

ក្រៅពីនេះកីឡាក្នុងសាលជាច្រើនទៀតដូចជា ជឺជីតស៊ូ ចំបាប់ តេក្វាន់ដូ និងកីឡាផ្សេងៗជាច្រើនទៀតបានបន្តហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ ការហ្វឹកហាត់ទាំងនេះមិនមែនន័យថា សុទ្ធតែជាការត្រៀមខ្លួនទៅប្រកួតកីឡាស៊ីហ្គេម នាចុងឆ្នាំ ២០២៥ នៅប្រទេសថៃនោះទេ ប៉ុន្តែការរក្សាគុណភាព និងសមត្ថភាពកុំឲ្យធ្លាក់ចុះ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិនានា។
កីឡាដែលមានសក្តានុពលសម្រាប់កម្ពុជាក្នុងដណ្តើមមេដាយ ប្រសិនបើទៅចូលរួមប្រកួតមានដូចជា កីឡាជឺជីតស៊ូ គុនខ្មែរ ឃីកបុកស៊ីង បញ្ចសីឡាត់ កីឡាបាល់ទាត់លើតុ ប៉េតង់ និងកីឡាអេឡិចត្រូនិកជាដើម។

រហូតដល់ពេលនេះ ម្ចាស់ផ្ទះថៃ បានសម្រេចដាក់កីឡាចំនួន ៥០ ប្រភេទ ដែលមានចំនួន ៥៧៤ វិញ្ញាសា។ ចំនួនវិញ្ញាសានេះនៅតិចជាងស៊ីហ្គេម ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា មាន ៥៨០ វិញ្ញាសា។
ជាមួយគ្នានេះ កីឡាគុនចម្រុះ (MMA) ក៏ត្រូវបានសម្រេចដាក់បញ្ចូលដែរក្នុងប្រភេទជា«កីឡាបង្កើតគុណតម្លៃ»សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ផ្លូវការ បន្ទាប់ពីថៃ ម៉ាឡេស៊ី និងសិង្ហបុរី សម្រេចឲ្យដាក់ ពីព្រោះប្រទេសទាំង ៣ នេះត្រូវធ្វើម្ចាស់ផ្ទះឆ្នាំបន្តបន្ទាប់។ ទោះជាយ៉ាងងណា មេដាយកីឡាគុនចម្រុះមិនត្រូវបានរាប់បញ្ចូលក្នុងតារាងមេដាយផ្លូវការទេ។
កីឡាស៊ីហ្គេម លើកទី៣៣ ពីថ្ងៃទី៩ ដល់ ទី២០ ខែធ្នូ ឆ្នាំ ២០២៥ គ្មានការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាអ្វីទេថ្មី ពោលគឺប្រើប្រាស់កីឡដ្ឋាន និងទីលានចាស់ដែលមានស្រាប់ ហើយតាមការគ្រោងទុកពិធីបើក-បិទធ្វើនៅកីឡដ្ឋាន Rajamangala៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ Infinity Media
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


