Connect with us

កីឡា

លោក វ៉ាត់ ចំរើន បញ្ជាក់​ពី​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេមនៅ​ថៃ ជាការ​បង្កើន​សន្តិភាព

បានផុស

នៅ

កម្ពុជា​បាន​សម្រេច​បញ្ជូន​ប្រតិភូ និង​អត្តពលិក​ចូល​រួម​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើក​ទី​៣៣ ចាប់​ពី​ថ្ងៃទី​៩ ដល់ ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ប្រទេស​ថៃ ស្រប​ពេល​វិបត្តិព្រំ​ដែន​កម្ពុជា-ថៃ​​កំពុង​ផុស​ស្រួយ​នៅ​ឡើយ។

លោក វ៉ាត់ ចំរើន (ស្តាំ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន«កម្ពុជា​ថ្មី​»​ថា កីឡា​មាន​គោល​ការណ៍​មិត្តភាព សាមគ្គីភាព និង​សន្តិភាព ដូច្នេះ​កម្ពុជា​ឈរ​លើគោល​ទាំង​នេះ​ជា​ធំ​​សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ​ ដូច​រាល់​ដង។

លោក​មាន​ប្រសាសន៍​ថា ៖«កីឡាស៊ីហ្គេម រៀង​រាល់​ ២ ​ឆ្នាំ​ម្តង គឺ​យើង​ចូល​រួម​ដូច​រាល់​ដង គ្មាន​មូលហេតុ​អ្វី​ទេ។ យើង​ចូល​រួម​ធម្មតា ពី​ព្រោះ​កីឡា​មាន​គោល​ការណ៍​របស់​វា។ កីឡា​ជា​វេទិកា ជា​ព្រឹត្តិការណ៍​មិត្តភាព សាមគ្គីភាព យោគ​យល់​គ្នា និង​សន្តិភាព ដូច្នេះ​យើង​យក​គោល​គំនិត​នេះ​ជា​ធំ»។

លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់​ថា ៖«​ម្ចាស់​ផ្ទះ​ថៃ គេ​រៀបចំ​សន្តិសុខ សណ្តាប់​ធ្នាប់​ដល់​កម្ពុជា។ គេ​ធានាសុវត្ថិភាព​ដល់​យើង។ ក្តី​បារម្ភ​របស់​យើង​គឺ​គ្មាន​អ្វី​​ទេ​ ក្រៅ​​តែ​ពី​ខិត​ខំ​ហ្វឹក​ហាត់ ហើយ​ទៅ​ចូល​រួម​ប្រកួត​ធម្មតា​ដើម្បី​បង្កើន​មិត្តភាព​ឡើង​វិញ​រវាង​ប្រជា​ជន​អាស៊ាន ក៏​ដូច​ជា​មួយ​ម្ចាស់​ផ្ទះ​ដែរ។ យើង​អត់​មាន​គំនិត​រើស​អើង​​ដែល​ខុស​ពី​គោល​ការណ៍​អន្តរជាតិ​​ឡើយ។ មូល​ហេតុ​អ្វី​ អត់​មាន​ទេ មាន​តែ​ថា យើង​ត្រូវ​ចូល​រួម​ ក្រោយ​ពីរាជ​​រដ្ឋាភិបាល​បាន​ផ្តល់​ការ​អនុញ្ញាត»។

តាម​ការ​គ្រោង​ទុក កម្ពុជា នឹង​បញ្ជូន​កីឡា​ចំនួន ២១ ប្រភេទ​​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ដែល​ម្ចាស់​ផ្ទះ​ ថៃ បាន​សម្រេច​ដាក់​ចំនួន​ ៥៧៤វិញ្ញាសា លើ​កីឡា​ចំនួន ៥០​ប្រភេទ ដែលទី​កន្លែង​ប្រកួត​មាន​​នៅ​ទី​ក្រុង​បាងកក ខេត្តឈុនបូរី និង ខេត្តសង់ខ្លា។ ពិធី​បើក​​-បិទ ជា​ផ្លូវ​ការ​ប្រារព្ធ​នៅ​ពហុកីឡដ្ឋាន​ជាតិ Rajamangala Stadium៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម