Connect with us

កីឡា

លោក McConkey ថា ជួប ភ្នំពេញក្រោន នៅពានផ្សេង និង​ពាន​អាស៊ី មានភាពខុសគ្នាធំមួយ

បានផុស

នៅ

លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានលើកឡើងពី «សមាសភាពកីឡាករបរទេស» ជាភាពខុសប្លែកគ្នាធំ ១ រវាងការជួប ភ្នំពេញក្រោន ក្នុងពានក្នុងស្រុក និងពានអន្តរជាតិ AFC Challenge League។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក McConkey បានលើកឡើង ដោយស្គាល់ ភ្នំពេញក្រោន ជាគូប្រជែងដ៏ពិបាកបំផុតសម្រាប់លោករាល់ការជួបគ្នាម្តងៗ។ ទោះបីជាយ៉ាងណា សម្រាប់ការជួបគ្នានៅពានអន្តរជាតិកម្រិត AFC ជាលើកដំបូង លោកយល់ ថា មិនមានអ្វីខុសប្លែកគ្នាច្រើនពីការជួបគ្នាមុនៗទេ ប៉ុន្តែរឿងធំមួយគត់ ដែលជាចំណុចខុសប្លែកគ្នា គឺសមាសភាពកីឡាករបរទេស។

បុរសសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំប្រាប់ ថា របៀបប្រកួតរបស់ក្រុមនឹងមិនខុសគ្នាពីការប្រកួតមុនៗទេ ប៉ុន្តែរឿងមួយដែលជាចំណុចខុសប្លែក គឺសមាសភាពកីឡាករ ១១ នាក់នៅលើទីលាន។ ជាការពិត រាល់ការជួបគ្នាមុនៗដូចជាក្នុងពាន Cambodian Super Cup, ពានលីគកំពូល កម្ពុជា និងពានសម្តេចតេជោ ត្រូវបានកំណត់ការប្រើប្រាស់កីឡាករបរទេសនៅក្នុងក្រុម ប៉ុន្តែក្នុងពាន ACGL គឺអនុញ្ញាតឱ្យប្រើកីឡាករបរទេសដោយសេរី ស្របពេលក្រុមទាំង ២ សុទ្ធតែបានបន្ថែមសមាជិកកីឡាករបរទេសថ្មីផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ ពុធ ទី ៤ ខែ មីនា ឆ្នាំ ២០២៦ លោក McConkey បានមានប្រសាសន៍ ថា ៖ «ខ្ញុំគិតថា នៅក្នុងការប្រកួតមុនៗ ជាមួយការប្រកួត ACGL ភាពខុសគ្នាធំបំផុតគឺអ្នកលេងដែលនៅលើទីលាន។ ច្បាស់ណាស់ ពួកគេត្រូវការជ្រើសរើសកីឡាករបន្ថែម ហើយពួកគេបានធ្វើរួចហើយ។ ពួកយើងក៏មានកីឡាករបន្ថែមដែរ។ ដូច្នេះ បាទខ្ញុំគិតថា នេះជាភាពខុសគ្នាធំបំផុតតែមួយប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់របៀបដែលការប្រកួតនឹងដំណើរការ ខ្ញុំមិនគិតថាវានឹងខុសពីការប្រកួតមុនៗច្រើនទេ។ ខ្ញុំគ្រាន់តែគិតថា សក្តានុពលរបស់អ្នកលេង ១១ នាក់ នឹងក្លាយជាភាពខុសគ្នាធំបំផុត»។

គួរបញ្ជាក់ផងដែរ ថា សម្រាប់ការជួបគ្នាជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពាន ACGL នាល្ងាចថ្ងៃទី ៥ ខែ មីនា នេះ ក្រុម ភ្នំពេញក្រោន បានត្រៀមកីឡាករបរទេសសរុបដល់ទៅ ១១ នាក់។ ចំណែក ព្រះខ័នរាជស្វាយរៀង វិញ មានកីឡាករបរទេសសរុបចំនួន ៨ នាក់៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម