Connect with us

កីឡា

៣ ចំណុចត្រូវដឹងពី ព្រះខ័នរាជស្វាយរៀង ក្នុងពាន ACGL ទោះមិនឈ្នះ​ជើងឯក

បានផុស

នៅ

មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ ៣ ចំណុច ពីក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្នុងពាន AFC Challenge League បើ​ទោះពួកគេមិនបានឈ្នះជើងឯកក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រវត្តិសាស្ត្រច្រំដែល បានកើតឡើងសម្រាប់ក្រុម​តំណាង​ឲ្យ​កម្ពុជា ដែលនៅតែមិនអាចដណ្តើមបានតំណែងជើងឯកពាន ACGL បន្ទាប់ពីឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២ រដូវកាលជាប់គ្នា។ ព្រះខ័នរាជស្វាយរៀង បានតស៊ូដល់ ១២០ នាទី ប៉ុន្តែចុងក្រោយបានចាញ់ក្រុមម្ចាស់ផ្ទះ Kuwait SC នៅកីឡដ្ឋាន Jaber Al-Ahmad ក្នុងលទ្ធផល ៣-៤។

ទោះបីជាបរាជ័យក៏ដោយ ប៉ុន្តែមានរឿងសំខាន់ ៣ ចំណុច ដែលអ្នកគាំទ្របាល់ទាត់ កម្ពុជា ត្រូវ​ដឹង​អំពីក្រុម ព្រះខ័នរាជស្វាយរៀង នៅក្នុងពាន ACGL រដូវកាលនេះ។

ទី ១. ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន ACGL រដូវកាល ២០២៥-២០២៦ ត្រូវបានគេចាត់ទុកជាការប្រកួតដ៏អស្ចារ្យបំផុត ដោយសារប្រកួតនេះលេងដល់ ១២០ នាទី ហើយមានគ្រាប់បាល់កើតឡើងច្រើនបំផុតមិនធ្លាប់មាននៅក្នុងវគ្គផ្តាច់ព្រ័ត្រ រហូតដល់ទៅ ៧ គ្រាប់។ ដោយឡែកការប្រកួតមានគ្រាប់បាល់ច្រើនបំផុតស្ថិតនៅលំដាប់លេខ ២ គឺការប្រកួតរវាងក្រុម Taiwan Power Company ទល់នឹងក្រុម ភ្នំពេញក្រោន កាលពីឆ្នាំ ២០១១ មានគ្រាប់បាល់សរុប ៥ គ្រាប់។

ទី ២. ព្រះខ័នរាជស្វាយរៀង ជាក្រុម កម្ពុជា ដំបូងគេបានឡើងវគ្គផ្តាច់ព្រ័ត្រពាន ACGL ២ រដូវកាលជាប់គ្នា។ បើនិយាយពីតំបន់ អាស៊ី ទាំងមូល គឺធ្លាប់មានក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២ រដូវកាលជាប់គ្នា ដូចជាក្រុម Dordoi-Dynamo និង Regar-TadAZ ប៉ុន្តែបើនិយាយអំពី កម្ពុជា គឺមិនធ្លាប់មាននោះទេ។ ដូច្នេះ ក្រុមម្ចាស់ជើងឯកលីគកំពូល កម្ពុជា គឺជាក្រុមដំបូងគេ ដែលត្រូវបានចារក្នុងកំណត់ត្រានេះ។

ទី ៣. ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា Kwame Peprah បានក្លាយជាកីឡាករមកពីលីគកំពូល កម្ពុជា ដំបូងគេ ឈ្នះស្បែកជើងមាសក្នុងពាន AFC Challenge League បន្ទាប់ពីរកបាន ៨ គ្រាប់។ នេះជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្រពាន ACGL ដែលមានកីឡាករមកពីលីគ កម្ពុជា បានឈ្នះស្បែកជើងមាស។

ដោយឡែកកន្លងមក កាលពីឆ្នាំ ២០០៥ ធ្លាប់មានលោក ហុក សុចិត្រា ម្នាក់ដែរ ដែលពេលនោះលេងនៅក្រុម Hello United បច្ចុប្បន្នជាក្រុម ភ្នំពេញក្រោន បានស្ថិតជាបេក្ខភាពប្រជែងស្បែកជើងមាស បន្ទាប់ពីរកបាន ៤ គ្រាប់ ប៉ុន្តែចុងក្រោយ លោកមិនបានជាប់នៅក្នុងការប្រជែងនោះទេ ដោយសារស្ថិតនៅលំដាប់លេខ ២៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម