កីឡា
លោក ជី សិលា ៖«AK2សង្ឃឹមជាងគេក្នុងការឈ្នះមេដាយស៊ីហ្គេម២០២៣»
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាសហការជាមួយក្រុមហ៊ុន Sabay បានរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកលើវិញ្ញាសា AK2 រួចរាល់ហើយដើម្បីក្លាយជាជម្រើសជាតិកម្ពុជាត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាខែឧសភាខាងមុខនេះ។

ការប្រកួតដែលមានលក្ខណៈជាលីគគឺ AK2 2022 LEAGUE ត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនសប្តាហ៍ មុនពេលជ្រើសរើសយកក្រុម១២ក្រុមចុងក្រោយសម្រាប់ការប្រកួតពូល។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈម្សិលមិញ បានរកឃើញជើងឯកទាំងវិញ្ញាសាក្រុម និងឯកត្តជនហើយ។ សម្រាប់វិញ្ញាសាក្រុមចំណាត់ថ្នាក់លេខ១បានទៅ ONE LAST TIME, ចំណាត់ថ្នាក់លេខ២ក្រុម Jet II និងចំណាត់ថ្នាក់លេខ៣ក្រុម End Games។

ចំពោះវិញ្ញាសាឯកត្តជនវិញ កីឡាករ សៀវ លីខេង ជាជើងឯក ហើយកីឡាករ សៅ រិទ្ធចេស្តា ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាករ ជា សុពេជ្រ ទទួលបានចំណាត់ថ្នាក់លេខ៣។
ក្រោយបញ្ចប់ការប្រកួត លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay និងជាអនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានអរគុណដល់ប្អូនៗជាអត្តពលិកដែលបានខិតខំប្រឹងប្រកួតជាយូរ។ លោកមានប្រសាសន៍ថា ៖«យើងក៏មានកិត្តិយសណាស់ដែលបានតំណាងជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម សម្រាប់វិញ្ញាសា Esports។ នេះជាផ្នែកមួយដែលយើងគួរមានមោទនភាព។ ស៊ីហ្គេម ដាក់កីឡា Esport ៣ដងហើយរាប់ទាំងស៊ីហ្គេម នៅកម្ពុជាឆ្នាំ២០២៣នេះ។ កាលពីឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២១ (លើក២០២២)។ ដូច្នេះក្នុងនាមជាម្ចាស់ផ្ទះ យើងបានដាក់ AK ដែលជាកីឡាមានសក្តានុពល ហើយយើងមានឱកាសឈ្នះមេដាយច្រើនជាងកីឡាអេឡិចត្រូនិកផ្សេងៗទៀត។ ដូច្នេះសម្រាប់ប្អូនៗដែលទទួលបានចំណាត់ថ្នាក់ និងមានឈ្មោះប្រកួតក្នុងស៊ីហ្គេម នាខែឧសភាខាងមុខ សូមខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានច្រើន»។

លោកបានបន្តថា ៖«ការប្រកួតកីឡាអេឡិចត្រូនិកត្រូវការកន្លែងធំទូលាយដែលអាចរៀបចំការប្រកួតបាន។ ជាក់ស្តែងកន្លែងដែលយើងកំពុងប្រកួតនេះគឺស្អាត ធំទូលាយ និងមានកុំព្យទ័រល្អៗដែលធ្វើឲ្យប្អូនៗអាចហ្វឹកហាត់ និងលេងបានល្អ ហើយក៏សង្ឃឹមមានការគាំទ្រ និងលើកទឹកចិត្តពីអាជ្ញាធរដែនដីសង្កាត់ខណ្ឌ ពីព្រោះនេះមិនមែនជាល្បែងស៊ីសងទេ។ នេះជាប្រភេទកីឡាអេឡិចត្រូនិកស្របច្បាប់ ដែលមានការទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី និងអន្តរជាតិ»។
សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានសម្រេចដាក់កីឡាអេឡិចត្រូនិកចំនួន៦ប្រភេទ ស្មើនឹង៩វិញ្ញាសា។ ១. AK មាន២វិញ្ញាសា (ក្រុម និងឯកត្តជន), ២. BUBG មាន២វិញ្ញាសា (ក្រុម និងឯកត្តជន), ៣. Mobile Legends: Bang Bang មាន២វិញ្ញាសា (ក្រុមបុរស និងក្រុមនារី), ៤. League of Legends: Wild Rift មាន១វិញ្ញាសា (ក្រុមបុរស), ៥. Valorant មាន១វិញ្ញាសា (ក្រុមបុរស) និង ៦. Cross Fire មាន១វិញ្ញាសា (ក្រុមបុរស)៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


