Connect with us

កីឡា

ប៊ូ សំណាង ជាប់ក្នុងការប្រកួតអស្ចារ្យបំផុត១៥ប្រចាំឆ្នាំ២០២៣របស់Guardian

បានផុស

នៅ

សារព័ត៌មាន​អង់គ្លេស The Guardian បាន​សម្រិត​សម្រាំង​ក្នុង​ការ​ប្រមូល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​អស្ចារ្យ​បំផុត​​ចំនួន​១៥​ប្រចាំ​ឆ្នាំ​២០២៣។ ក្នុង​ចំណោម​​​ការ​ប្រកួត​ដែល​អស្ចារ្យ រំជើប​រំជួល និងបំបែក​កំណត់​ត្រា​​ជុំ​វិញ​ពិភព​លោក​ ក៏​មាន​ការ​រត់​ប្រណាំង​របស់​កីឡាការិនី​កម្ពុជា ប៊ូ សំណាង ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែលប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • ការ​ប្រកួត​វាយសី២១១​ប៉ះ​ទើប​រក​ឃើញ​អ្នកឈ្នះ

ការ​ប្រកួតវាយសី​​វាយ​គូនារី​ដ៏​អស្ចារ្យ​រវាងកីឡាការិនី Thinaah Muralitharan និង​ Pearly Tan ទល់​នឹង​ Rena Miyaura និង​ Ayako Sakuramoto ក្នុង​ព្រឹត្តិការណ៍ BWF Malaysia Masters ខែ​ឧសភា។ នេះ​ជា​ការ​ប្រកួត​ដែល​វាយ​ទៅ វាយ​មក​ចំនួន២១១​ដង​ទើប​រក​ឃើញ​អ្នក​ទទួល​បាន​ពិន្ទុ។

  • គ្រាប់​បាល់លឿនបំផុត

កីឡាករ Gioacchino Giardina ប្រធាន​ក្រុម​របស់​ក្លិ SC Mazarese បាន​ប្រើ​ពេល​ត្រឹម​តែ​៣.៨១វិនាទី​ប៉ុណ្ណោះ​ក្នុង​ការ​រក​បាន​គ្រាប់​បាល់​ដែល​បាន​ក្លាយ​ជា​ការ​រក​គ្រាប់​បាល់​លឿន​បំផុត​ក្នុង​​ប្រវត្តិ​សាស្ត្រ​បាល់ទាត់​អ៉ីតាលី។ គ្រាន់​តែ​អាជ្ញា​កណ្តាល​ភ្លំ​កញ្ចែ​បើក​ការ​ប្រកួត​ភ្លាម កីឡាករ Gioacchino ស៊ុតចូល​​ភ្លាមក្នុង​លីគ​លំដាប់​ទី​៥​របស់​អ៉ីតាលី កាល​ពី​ខែ​កុម្ភៈ។

  • ទាត់​​បាល់​​បក​ចូល​ទី​ដ៏កម្រ

កីឡាករ George Slaney រក​បាន​គ្រាប់​បាល់​ដ៏​​អស្ចារ្យ​​​នៅ​ពេល​អ្នក​ចាំទី​របស់​ក្រុម​ Greenwich Battle Cruisers បាន​ទាត់​បាល់​ឡើង​ទៅលើ ហើយ​បាល់មិន​ទាន់​ធ្លាក់​ដល់​ដី​ផង កីឡាករ George ទាត់​បក​ពី​ចម្ងាយ​ទៅ​វិញ​ចូល​ទី​បាន​សម្រេច​ក្នុង​លីគ Sunday League ខែ​មីនា ដែលក្រុម Greenwich Challenge បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ នឹងក្រុម Greenwich Battle Cruisers។

  • ទាត់វាត់​នាគ​កន្ទុយ​ចូលទីមិនធ្លាប់​មាន

កីឡាករ Charlie Unwin របស់​ក្លិប Chells Rovers បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ទាត់ក្បាច់​​នាគ​វាត់​កន្ទុយ​ចូល​ទី​របស់​​ក្រុម​ The Cock FC បាន​សម្រេច​ក្នុង​លីគ Sunday League បាន​ជួយ​ក្រុម​របស់​ខ្លួន​ទទួល​ជ័យជម្នះ ៥-៤។

  • ទាត់​បាល់ដូច​ចាប់ដាក់

អ្នក​គាំទ្រ​របស់​ក្រុមបាល់ទាត់ San Jose Earthquakes ម្នាក់បាន​បង្កើត​ការ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ទេ​នៅ​ពេលទាត់​បាល់​ពី​ចម្ងាយដោយ​ជើង​ឆ្វេង​ទៅ​ចំណុច​កែ​បាល់ ហើយ​បាល់​​បាន​រត់​ទៅ​ដល់​ចំណុច​រង្វង់​ស​ជា​កន្លែងកែ​បាល់​ដូច​ចាប់​ដាក់។ នេះ​ជា​ល្បែង​កម្សាន្ត​ដែល​មាន​អ្នក​គាំទ្រ​៤​នាក់​ចូល​លេង​ទាត់​បាល់​ទៅ​កន្លែង​កែ​បាល់​ថា​តើ​នរណា​ធ្វើ​​បាន​ល្អ​ជាង​គេ ប៉ុន្តែ​បែរ​ជា​ម្នាក់​​ធ្វើ​បាន​ល្អ​ឥតខ្ចោះ​១០០%។

  • សត្វសុនខ​ដណ្តើម​បាល់ពី​អ្នកចាំទី

សត្វ​សុនខ​មួយ​បាន​ដណ្តើម​បាល់​ពី​អ្នក​ចាំទី​នៅ​ពេល​ការ​ប្រកួត​រវាង​ក្រុម Alebrijes Oaxaca និង Dorados ចុង​ម៉ោង​បន្ថែមក្នុង​ប្រទេស​ម៉ិកស៊ិក។ នៅ​ពេល​ខ្សែ​បម្រើ​លើក​បាល់ទៅ ហើយ​អ្នក​ចាំទី​ក៏​​​លោត​ចាប់​បាល់​ ពេល​នោះ​សុនខមួយ​​បាន​ចូល​ទៅ​ដណ្តើម​ និង​បាន​ខាំ​បាល់​រត់​ពេញ​ទី​លាន​​ដែល​បាន​ធ្វើ​ឲ្យ​ល្បី​​យ៉ាង​ខ្លាំង​លើ​បណ្តាញ​សង្គមទូទាំង​ពិភព​លោក។

  • ស៊ុតមិនចូលទោះគ្មានអ្នចាំទី

ការ​ប្រកួត​បាល់ទាត់​ម្ខាង​៥​មួយ​នៅ​ប្រទេស​តួកគី មានក្រុម​មួយ​ស៊ុត​មិន​ចូល​សោះ បើ​ទោះ​ជា​មាន​គ្នា៣​ទៅ​៤​នាក់​នៅ​មុខ​ទេ ហើយ​គ្មាន​អ្នក​ចាំទី​ដោយ​មាន​តែ​ខ្សែ​ការពារ​ម្នាក់​ប៉ុណ្ណោះ។ ក្រុម​ម្ខាង​នោះ​ស៊ុត​ទៅ​ស៊ុត​មក​អត់​ចូល​។ វា​មិន​មែន​ជា​ការ​សម្តែង​ទេ ប៉ុន្តែ​ជា​ការ​លេង​មិន​អាជីព​ពិត​ប្រាកដ​ដែល​បាន​ធ្វើ​ឲ្យ​វីដេអូ​នេះ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

  • ការ​ប្រកួតគ្រីឃីត ថែមលោតទាត់

ការ​ប្រកួត​កីឡា​គ្រីឃីត​ក្នុង​តំបន់​​ប្រទេស​ឥណ្ឌា​មួយ​បង្កើត​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ នៅ​ពេល​កីឡាករ​ម្នាក់​គប់​គ្រាប់​បាល់​​ ហើយ​កីឡាករ​ម្នាក់​ទៀត​វាយ​ដំបង​បាន​ធ្វើ​ឲ្យ​គ្រាប់​បាល់​ខ្ទាត់ឆ្ងាយស្ទើរក្រៅ​រង្វង់​ទៅ​ហើយ។ ពេល​នោះ​ខ្សែ​ការពារ​ម្នាក់​នៅជុំ​វិញ​បាន​យកដៃ​ចាប់​ ហើយ​បោះ​ឡើង​លើ ប៉ុន្តែ​គ្រាប់​បាល់​បែរ​ជា​ចេញ​ក្រៅ​ដោយ​ច្បាប់​មិន​ត្រូវ​ឲ្យ​ប្រើ​ដៃ​នៅ​ក្រៅ​រង្វង់ រូប​គេ​បាន​លោតទាត់​ឲ្យ​គ្រាប់​បាល់​ចូល​ក្នុង​រង្វង់​វិញ។

  • ការ​ប្រកួត​កីឡា Curling ដ៏អស្ចារ្យ

កាល​ពី​ខែ​មេសា កីឡាករស៊ុយអែត  Niklas Edin ជើងឯកពិភព​លោក​ Curling ៦​សម័យ​កាល​​បាន​ធ្វើ​នូវ​អ្វី​ដែល​ហៅ​ថា «ការ​ស៊ុត​ដ៏​អស្ចារ្យ​»​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​ Curling  ពិភព​លោក។ កីឡាករ​ស៊ុយអែត​តាម​ពី​ក្រោយ​កីឡាករន័រវេស២​ពិន្ទុ​សម្រាប់​ការ​វាយ​គ្រាប់​ចុង​ក្រោយ។ ការ​ប៉ុន​ប៉ង់​របស់​គាត់ចុង​ក្រោយ​បាន​ឈូសថ្មការ៉ូ​ខុស​ពី​ធម្មតា​ ហើយ​ទីបំផុត​គ្រាប់ Curling ទទួល​បាន​ពិន្ទុ​ដ៏​ជោគជ័យ។

  • ការ​វាយកូនហ្គោលលឿនបំបែក​កំណត់ត្រាហ្គីណេស

កាល​ពី​ខែ​មុន លោក Luke Willett បាន​បំបែក​កំណត់​ត្រាហ្គីណេសពិភព​លោក​តាមរយៈ​ការ​​វាយ​កូន​ហ្គោល​៩​រន្ធ​លឿន​បំផុត។ លោក​បានវាយ១​រន្ធ​រត់​ទៅ​មួយ​រន្ធ​ទៀត​ ហើយ​​វាយ​១​រន្ធ​រត់​ទៅមួយ​ទៀត​ដោយ​៩​រន្ធ​ប្រើ​ពេល​ត្រឹម​តែ​២០​នាទី និង​១២.៤៧​វិនាទី​ប៉ុណ្ណោះនៅ​ទី​លាន​វាយ​កូនហ្គោល Jumeirah Golf Estates ក្នុង​ទី​ក្រុង​ឌូបៃ។

  • ការ​ប្រកួត​ស្នូកឃ័រប្រើបច្ចេកទេសពិសេស

កាល​ពី​ខែ​មករា ដើម​ឆ្នាំ​២០២៣ កីឡាកររហស្សនាម«បុរស​អ្នក​វេទមន្ត​» Chris Melling បាន​យក​ឈ្នះ Gary Clarke ដោយ​បច្ចេកទេសអស្ចារ្យ​បំផុត​ដើម្បី​ឡើងទៅ​កាន់​វគ្គ​១៦​រូប​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ស្នូកឃ័រ 2023 Ultimate Pool Champions League។ វា​ជា​បច្ចេកទេស​ពិបាក​យល់​សម្រាប់​អ្នក​អត់​ចេះ​កីឡា​ស្នូកឃ័រ ប៉ុន្តែ​លក្ខណៈ​ពិសេស​នេះ លោក​បាន​វាយ​ផ្លូវ​កាត់​​ដើម្បី​យក​ឈ្នះ​យ៉ា​ង​លឿន។

  • ជិះ​កង់​ក្នុង​ទូកដែលបាឡុងហោះលើអាកាស

កាល​ពី​មេសា​ កីឡាករ​ជិះ​កង់​អង់គ្លេស Kriss Kyle បាន​សម្តែង​សមត្ថភាព​ជិះ​ដ៏​អស្ចារ្យ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​នៅ​​កន្លែង​ជិះ​​ដូច​ជា​​ទូក​ត្រូវ​បាន​បាឡុង​ហោះ​ឡើង​លើ​កម្ពស់​៦១០​ម៉ែត្រ។ ពេល​នោះលោក​បាន​ជិះ​កង់​បែប​ស្គីទៅ​មក ចុះ​ក្រោម ឡើង​លើ​ មើល​ទៅ​ពិត​ជា​គ្រោះ​​ថ្នាក់​ណាស់។

  • ជិះស្គី​លើទឹកកក​លេងស្បែងសៀក

លោក Joe Cronquist បាន​ជិះ​ស្គី​លើ​ទឹកកក​នៅ​ជើង​ភ្នំ Teton។ នៅ​ពេល​​ចុះ​ពី​ទីទួល​ លោក​លេង​ល្បែង​បោះ​ឧបករណ៍​ឡើង​លើ​៣​គ្រាប់ និង​​លោត​ក្រឡាប់​ខ្លួន​ដោយ​មិន​ឲ្យ​ឧបករណ៍​ណា​មួយ​​ធ្លាក់​ដល់​ដី​ឡើយ។

  • រៀបល្បែង​ Rubik បំបែក​កំណត់ត្រាពិភព​លោក

បុរស​អាមេរិក​ឈ្មោះ Max Park បាន​បំបែក​កំណត់​ត្រា​ពិភព​លោក​​ក្នុង​ការ​លេង​ឧបករណ៍ Rubik ដោយ​បាន​ប្រើ​ពេល​ត្រឹម​តែ ៣.១៣​វិនាទី​ប៉ុណ្ណោះ​​ដើម្បី​រៀប​​ឲ្យ​ក្រឡាពណ៌​ត្រូវ​គ្នា។ កំណត់​ត្រា​ចាស់​បុរស​ចិន Yusheng Du ប្រើ​ពេល​៣.៤៧​វិនាទី​កាល​ពី​ឆ្នាំ​២០១៨។

  • ការ​រត់​របស់ ប៊ូ សំណាង ធ្វើឲ្យ​ពិភពលោកភ្ញាក់ផ្អើល

កីឡាការិនី​រត់​ប្រណាំង​កម្ពុជា ប៊ូ សំណាង បាន​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​នៅ​ពេល​នាង​រត់​ចម្ងាយ​៥០០០​ម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។ ថ្វី​បើ​ដឹង​ខ្លួន​ស្ថិត​នៅ​ចុង​ក្រោយ​​ និង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ក៏​កីឡាការិនី​វ័យ​ក្មេង​កម្ពុជា​មិន​បោះ​បង់​ចោល​ការ​ប្រកួត​ឡើយ។ នាង​រត់​រហូត​ដល់​ទី​បញ្ចប់​ ​ក្រោម​តំណក់​ទឹក​ភ្លៀង ហើយ​បាន​អរគុណ​ដល់​អ្នក​គាំទ្រនៅ​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ។

ស្មារតី​ជា​អ្នក​កីឡា​របស់ ប៊ូ សំណាង បាន​យក​ឈ្នះ​​ចិត្ត​មនុស្ស​រាប់​រយ​លាន​នាក់​ ហើយ​សារព័ត៌មាន​ធំ​ៗ​ទាំង​ពិភព​លោក​បាន​ចេញ​ផ្សាយ​ពី​នាង។ តាម​រយៈភាព​អត់​ធន់ តស៊ូ និង​ជម្នះ​នឹង​ឧបសគ្គ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា​ដែល​រៀបចំ​កីឡា​ស៊ីហ្គេម​ជា​លើក​ដំបូង​ដ៏​ជោគជ័យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Guardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម